ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ៣នៅសៀមរាប ទទួលជ័យលាភីសណ្ឋាគារបៃតងអាស៊ាន
× សៀមរាប៖ សណ្ឋាគារចំនួន៣ នៅក្រុងសៀមរាប ទទួលបានជ័យលាភីសណ្ឋាគារបៃតងអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ (ASEAN Green Hotel Standard) ដែលប្រារព្ធឡើងនៅប្រទេស ព្រុយណេ។ សណ្ឋាគារទាំង៣ មានសណ្ឋាគារ មេម័រ ផាលេស រីសត, សណ្ឋាគារ សុខាសៀមរាប និងសណ្ឋាគារ Navutu Dream។ ក្រៅពីនេះ ក៏មានសណ្ឋាគារ២ទៀតនៅកម្ពុជា ទទួលបានជ័យលាភីនេះដែរ គឺ Nataya Roundhouse Coral Bay Resort & Restaurant និង Palace Gate Hotel and Resort។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា នេះជាលទ្ធផលដ៏ល្អដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់ប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំសណ្ឋាគារខ្លួនឲ្យមានភាពបៃតង កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទាញថាមពលព្រះអាទិត្យសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាដើម។ល។
បើតាមលោក ង៉ូវ សេងកាក់ កន្លងមកក៏មានសណ្ឋាគារមួយចំនួនក្នុងក្រុងសៀមរាប ធ្លាប់ទទួលបានជ័យលាភីដូចគ្នានេះដែរ រួមមានសូហ្វីតែល អង្គរភូគីត្រា, ឡឺមេរីឌៀន, Grand hotel, ភូមិបៃតង, អាម៉ាន់សារ៉ា, អង្គរផាលេស, អប្សរាផាលេស និងអង្គរប៉ារ៉ាឌី ជាដើម។
លោក សេង សេរីវុទ្ធ ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារ មេម័រ ផាលេស ថ្លែងថានេះជាមោទកភាពមួយរបស់សណ្ឋាគាររបស់ខ្លួន ដែលបានរួមចំណែកការពារបរិស្ថាន តាមរយៈការមិនប្រើដបប្លាស្ទិក ប្រើកែវថ្មដាក់ទឹកសម្រាប់ភ្ញៀវ និងប្រើបំពង់បឺតគល់ស្លឹកគ្រៃជាដើម។ លោក សេរីវុទ្ធ ក៏ចង់ឃើញសណ្ឋាគារដទៃទៀតនៅកម្ពុជាបន្តធ្វើចលនានេះ ក្នុងន័យរួមចំណែកការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។
គួរបញ្ជាក់ថា កម្មវិធីប្រគល់ជ័យលាភីនេះ បានរៀបចំឡើងនៅថ្ងៃទី១៦ មករា នាកិច្ចប្រជុំលើកទី៧ វេទិកាទេសចរណ៍អាស៊ាន ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com