ជាតិ
ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ជាង​៤៥០០​នាក់ ឡើង​ភ្នំ​ឱ​រ៉ា​ល់​
19, Jan 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ភ្នំ​ឱ​រ៉ា​ល់ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ៤,៥១៥​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៤០​ភាគរយ​។ ដោយឡែក​ឆ្នាំ​២០១៨ ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុ​ជាមួយនេះ បានទទួល​ស្វាគមន៍​អ្នកទេសចរ​ចំនួន ៣,៨០០​នាក់​។ នេះ​បើតាម លោក​សុខ ភា អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។


​ភ្នំ​ឱ​រ៉ា​ល់ បាន​ក្លាយជា​កន្លែង​ទេសចរណ៍​បែប​ផ្សងព្រេង​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ភ្នំ​ឱ​រ៉ា​ល់ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ៤,៥១៥​នាក់ កើន​ជាង​១៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ទេសចរ​ប្រមាណ​៣,៨០០​នាក់​។ នេះ​បើតាម លោក សុខ ភា អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​
 
រូបភាព លោក សុខ ភា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ នា​ភ្នំឱរ៉ាល់ 

សម្រាប់​លោក​អភិបាលរង​ខេត្ត កំណើន​ភ្ញៀវទេសចរ ឡើង​ភ្នំ​ឱ​រ៉ា​ល់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខេត្ត​មាន​មោទកភាព​នោះទេ ថែមទាំង​បាន​បង្កើត​ការងារ​កាន់តែច្រើន​ឲ្យ​អ្នក​នាំ​ភ្ញៀវ​នៅ​ទីនោះ​។ បើតាម លោក សុខ ភា បច្ចុប្បន្ន​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ កើន​ជិត​២០​នាក់​។​
 
​លោក សុខ ភា បន្ថែម​៖«​អ្នក​នាំ​ភ្ញៀវ​ទាំងនោះ មិន​ត្រឹម​ទទួលបាន​ចំណូល​ពី​ការនាំ​ភ្ញៀវ​ឡើង​ភ្នំ​ទេ គឺ​បាន​ចំណូល​ពី​ការលក់​នូវ​អាហារ​ដូចជា មាន់ និង​គ្រឿង​បរិភោគ​មួយចំនួន​ផងដែរ​។ ទាំងនេះ​ជា​ចំណុច​ដែល​គួរ​អបអរសាទរ និង​ជំរុញ​បន្ថែម​លើ​ការងារ​នេះ ដើម្បី​អភិវឌ្ឍ​តំបន់​ឱ​រ៉ា​ល់​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​គោលដៅ​របស់​ខេត្តកំពង់ស្ពឺ​»​។ 
 


​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានធ្វើ​ឲ្យ អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ លោក ឈឺ​ន ឆី​ម រីករាយ​ជា​ពន់ពេក​។ លោក ឆី​ម រៀបរាប់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​មែនទែន ពេលដែល​គាត់​មក​ច្រើន (​ភ្ញៀវទេសចរ​)​។ សប្បាយចិត្ត​ត្រង់​ថា យើង​ក៏បាន​ចំណូល​ច្រើន ជាពិសេស​កម្លាំង​សហគមន៍​យើង ពួកគាត់​ក៏បាន​ដោះស្រាយ​ជីវភាព​នៅក្នុង​គ្រួ​សារបាន​ធូរស្រាល​ខ្លះ​ដែរ​។ ហើយ​ណាមួយ ពួកគាត់ បាន​ឈប់​ពី​ការកាប់​ឈើ​មក​ចូលរួម​ធ្វើជា​អ្នក​នាំ​ភ្ញៀវ​»​។  
 
​តាម​លោក ឈឺ​ន ឆី​ម ក្នុង​ខែមករា​នេះ មាន​ភ្ញៀវទេសចរ​ជិត​២០០​នាក់​ហើយ ដែល​បានធ្វើ​ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ លោក ឈឺ​ន ឆី​ម ក៏បាន​បេ្ត​ជ្ញា​ចិត្ត យកចិត្តទុកដាក់​ខ្ពស់បំផុត​សម្រាប់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ផងដែរ​។ 



ភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ។ ដើម្បី​ទៅដល់​ភ្នំ​ឱ​រ៉ា​ល់ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​គោយន្ត​ពី​ភូមិ​ស្រែ​កិន​៣ ទៅដល់​ជើងភ្នំ​ប្រមាណ ១២​គីឡូម៉ែត្រ និង​ធ្វើដំណើរ​ថ្មើរជើង​ឡើង​ពីរ​ដំណាក់​ទើប​ដល់​កំពូលភ្នំ​៕






Tag:
 ទេសចរណ៍​
  ភ្នំ​ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com