ជាតិ
លោក ឈុត ឈាណា យករូបត្រីច្នៃជាសន្លឹកបៀ ដើម្បីផ្សព្វផ្សាយត្រីកម្រ និងជិតផុតពូជនៅកម្ពុជា
× ភ្នំពេញ៖ លោក ឈុត ឈាណា អ្នកសម្របសម្រួលការផ្សព្វផ្សាយ នៃគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានសម្រេចចិត្តគូររូបត្រីកម្រៗ និងជិតផុតពូជមួយចំនួនដាក់ក្នុងក្រដាស ដែលមានទម្រង់ដូចទៅនឹងសន្លឹកបៀ ដើម្បីផ្សព្វផ្សាយពីពពួកត្រីទាំងនោះ ទៅសហគមន៍នេសាទ និងតំបន់ដាច់ស្រយាល។ បើតាមលោក ឈុត ឈាណា ប្រជាជនខ្មែរភាគច្រើន មិនសូវស្គាល់ឈ្មោះ និងរូបរាងត្រីនៅតាមដងទន្លេមេគង្គប៉ុន្មានឡើយ។ មូលហេតុនេះហើយ ទើបលោក ឈុត ឈាណា ច្នៃរូបត្រីទាំងនោះ។
ជាអ្នកសម្របសម្រួលការផ្សព្វផ្សាយ នៃគម្រោងអច្ឆរិយភាពទន្លេមេគង្គ លោក ឈុត ឈាណា ធ្លាប់បានធ្វើសៀវភៅផាត់ពណ៍រូបត្រី និងធ្វើប្រតិទិន ដែលជ្រើសរើសយកត្រីកម្រៗ និងជិតផុតពូជមួយចំនួន រស់នៅតាមដងទន្លេមេគង្គកម្ពុជា។ ទោះជាយ៉ាងណា ក្នុងបំណងផ្សព្វផ្សាយពីប្រភេទត្រីកម្រ និងជិតផុតពូជ ឱ្យបានកាន់តែទូលាយ និងច្រើនប្រភេទ លោក ឈុត ឈាណា បានជ្រើសរើសទម្រង់សន្លឹកបៀ ជាមធ្យោបាយ។
គូររូបត្រីដោយខ្លួនឯង ដោយយកគំរូទាំងស្រុងពីត្រីពិត លោក ឈាណា បញ្ជាក់ដូច្នេះ៖«ត្រីនៅក្នុងសន្លឹកបៀនេះ មួយចំនួនមានច្រើនដែរ តែប្រជាជនខ្មែរយើងមិនសូវស្គាល់ឡើយ។ ហើយត្រីមួយចំនួនទៀត វាជាប្រភេទត្រីកម្រ និងជិតផុតពូជ។ ខ្ញុំធ្វើរូបត្រីនេះ មិនមែនដើម្បីលក់ទេ គឺដើម្បីចែកទៅតំបន់ដាច់ស្រយាល និងតំបន់សហគមន៍នេសាទ ដើម្បីឱ្យពួកគាត់បានស្គាល់ត្រីកម្រ និងជិតផុតពូជកាន់តែច្រើន និងបានចូលរួមរក្សាជម្រករបស់ត្រី។ ខ្ញុំមិនមែនជាអ្នកជំនាញទេ តែខ្ញុំគិតថាការនេសាទហួសកម្រិត ព្រមទាំងការបាត់បង់ទីជម្រក វាអាចជាមូលហេតុដែលនាំឱ្យត្រីទាំងនោះមានកាន់តែតិច»៕
Tag:
ត្រី
ឈុត ឈាណា
បៀ
© រក្សាសិទ្ធិដោយ thmeythmey.com