អន្តរជាតិ
កងទ័ព​ថៃ ប្រកាស​ស្វាមីភក្តិ​ឥត​ងាករេ​ចំពោះ​មហាក្សត្រ
19, Jan 2020 , 3:56 pm        
រូបភាព
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងមហេសី សុធិតា នាពិធីរំឭកទិវាកងទ័ពថៃ។ រូបភាព AFP
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងមហេសី សុធិតា នាពិធីរំឭកទិវាកងទ័ពថៃ។ រូបភាព AFP
​កងទ័ព និង​ប៉ូលិស​ថៃ​ជិត​៧​ពាន់​នាក់ នៅ​ថ្ងៃទី​១៨ ខែមករា បានធ្វើ​ពិធី​ស្បថស្បែ​ប្រកាស​ស្វាមីភក្តិ​ចំពោះ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ។ ពី​ពិធី​ក្នុង​ខេត្ត​ស្រះ​បុរី​ដែល​ធ្វើឡើង​ដើម្បី​រំឭក​ទិវា​កងទ័ព​ផង​នោះ កងទ័ព​ថៃ​ទាំងអស់​បានប្រកាស​ពី​ការគោរព និង​ក្ដី​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ស្ថាប័ន​មហាក្សត្រ​។ ស្ដេច មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ទទួលយក​ការស្បថ​សច្ចា​នេះ ហើយ​ស្នើ​ឲ្យ​កងទ័ព​គោរព​ពាក្យសន្យា​របស់​ពួកគេ​ផងដែរ​។​

 
​មហាក្សត្រ​ថៃ មហា វ​ជិ​រល​ង្ក​រណ៍ នៅ​ថ្ងៃទី​១៨ ខែមករា បាន​យាង​ជា​រាជាធិបតី​ក្នុង​ពិធី​តាំង​សច្ចា​របស់​កងទ័ព និង​ប៉ូលិស​ជិត​៧​ពាន់​នាក់​ដែល​ធ្វើឡើង​ដើម្បី​អបអរ​ទិវា​កងទ័ព​របស់​ថៃ​។ កងទ័ព​ទាំងអស់ បានប្រកាស​ពី​ការ​ដង្ហែ​តាម​មហាក្សត្រ និង​បម្រើ​ប្រយោជន៍​រាស្ត្រ​។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​មហាក្សត្រ​ថៃ​ចូលរួម​ក្នុង​ពិធី​របស់​កងទ័ព​ដែលមាន​ទ្រង់ទ្រាយ​បែបនេះ ទោះជា​ស្ថាប័ន​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ខ្លាំងក្លា​ក៏ដោយចុះ​។ 
 
«​ខ្ញុំ​សច្ចា​យក​ជីវិត​ដើម្បី​រក្សា​តេជានុភាព​របស់​មហាក្សត្រ​។ ខ្ញុំ​សច្ចា​ស្មោះស្ម័គ្រ​ចំពោះ​មហាក្សត្រ ហើយ​បម្រើ ការពារ​មហាក្សត្រ​រហូត​ជីវិតចុងក្រោយ​។​» នេះ​ជា​ពាក្យ​សច្ចា​របស់​កងទ័ព និង​ប៉ូលិស​ថៃ​ដែលមាន​វត្តមាន​ក្នុង​ពិធី​។ អគ្គបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ ឧ​ត្ត​ម​សេនីយ៍ Pornpipat Benyasri ជា​អ្នកដឹកនាំ​ការធ្វើ​សច្ចាប្រណិធាន​នេះ​ក្នុង​ពិធី​ដែល​នៅ​បន្ទាយ​យោធា Adisorn ក្នុង​ខេត្ត​ស្រះ​បុរី (Saraburi) ភាគ​កណ្ដាល​ថៃ​។  
 
​ស្ដេច​រាមា​ទី​១០ នៃ​សន្តិ​វង្ស​ចក្រី​របស់​ថៃ បាន​អរគុណ​ការស្បថ​ស្បែ​របស់​កងទ័ព​ទាំងអស់ ហើយ​រំពឹងថា​ពួកគេ​នឹង​អនុវត្តតាម​ការស្បថរ​បស់​ខ្លួន​ដែល​បម្រើប្រជាជន និង​ប្រទេស​ឲ្យ​បានល្អ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ មហាក្សត្រ​ថៃ​អង្គ​នេះ ក៏​ស្នើ​ឲ្យ​កងទ័ព​ទាំងអស់​ហ៊ាន​ពលី​ជីវិត​ក្នុងពេល​ចាំបាច់​ផងដែរ​។ 
 
​បើតាម​រដ្ឋាភិបាល​ថៃ ពិធី​រំឭក​ទិវា​កងទ័ព​ដែល​មានការ​ដង្ហែ​ក្បួនព្យុហយាត្រា​ផង​នោះ ក៏​ជា​កម្មវិធី​អបអរ​ការឡើង​គ្រងរាជ្យសម្បត្តិ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ផងដែរ​។ ពិធី​ឡើង​គ្រងរាជ្យ​នេះ បានធ្វើ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។ 
 
​មហាក្សត្រ និង​យោធា គឺជា​ស្ថាប័ន​មានអំណាច​បំផុត​របស់​ថៃ ហើយ​មាន​ឥទ្ធិពល​លើសលប់​លើ​នយោបាយ​ដ៏​ផុយស្រួយ​ទៀតផង​។ រដ្ឋប្រហារ​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៤ ជា​ឧទាហរណ៍​មួយ​នៃ​ចំនង​ស្អិតល្មួត​រវាង​មហាក្សត្រ និង​កងទ័ព​ដែល​ស្មោះត្រង់​នឹង​ស្ដេច​។ មហាក្សត្រ មហា​វ​ជិ​រាល​ង្ក​រណ៍ ផ្ទាល់​ក៏មាន​ប្រវត្តិ​ចេញពី​កងទ័ព​ដែរ ដែល​ការណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា ជួយ​ពង្រឹង​អំណាច​រាជវាំង​កាន់តែខ្លាំង​ថែមទៀត​៕

Tag:
 ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com