ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ពង្រឹង​វិន័យ ក្រោយ​ករណី​សិស្សសាលា​ប្រើ​ហិង្សា​ដាក់គ្នា​
19, Jan 2020 , 4:41 pm        
រូបភាព
សកម្មសិស្សត្រួតគ្នាវាយដំ​គ្នា
សកម្មសិស្សត្រួតគ្នាវាយដំ​គ្នា
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ករណី​ប្រើ​អំពើហិង្សា​រវាង​សិស្ស នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួង​អប់រំ បានស្នើ​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ ពង្រឹង​ការណែនាំ​សិស្ស និង​ពង្រឹង​វិន័យ​នៅក្នុង​សាលា​។


 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង​អប់រំ បាន​ប្រាប់​ដល់​លោកគ្រូ អ្នកគ្រូ​ប្រចាំ​ថ្នាក់​ឲ្យ​បន្ត​ការណែនាំ​សិស្ស ពង្រឹង​ក្រុមប្រឹក្សា​យុវជន និង​ក្រុមប្រឹក្សា​កុមារ ដើម្បី​ទប់ស្កាត់​អំពើ​ខុសឆ្គង​ណាមួយ​ដែល​កើតឡើង​ដោយសារ​សិស្ស​។ 
 
​លោក រស់ សុ​វាចា ថ្លែង​ដូច្នេះ​៖«​ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​គោលការណ៍ សម្រាប់​ឲ្យ​គណៈ​គ្រប់គ្រង​សាលារៀន​នីមួយៗ អនុវត្ត​លើ​សិស្សានុសិស្ស​។ ក្នុងករណី​មាន​សិស្ស​ប្រព្រឹត្តិ​អំពើ​អសីលធម៌​អ្វីមួយ គណៈ​គ្រប់គ្រង​សាលា ត្រូវ​ណែនាំ​សិស្ស​កុំ​ឲ្យ​ប្រព្រឹត្ត​ទៀត​។ បើ​សិស្ស​ប្រព្រឹត្ត​លើក​ទី​២ សិស្ស​នោះ​ត្រូវ​ទទួលពិន័យ​រដ្ឋបាល​។ កាលណា​សិស្ស​ដដែល​នោះ នៅតែ​ប្រព្រឹត្ត​ទៀត សិស្ស​នោះ​នឹងត្រូវ​លុបឈ្មោះ​ចេញ​»
 
​ក្រៅពីនេះ ក្រសួង​អប់រំ ក៏​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​មាតាបិតា សហគមន៍ អាជ្ញាធរ ដើម្បី​ទប់ស្កាត់​ករណី​ទាំងអស់​នេះដែរ​៕
 

Tag:
 ក្រសួង​អប់រំ​
 ​សិស្ស​.​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com