ជាតិ
វីដេអូ
ដើម្បី​ទប់ទល់​នឹង​ភាពរាំងស្ងួត កសិករ​គួរ​តាមដាន​អាកាសធាតុ​, ជីក​ស្រះ និង​ធ្វើ​អាង​ស្ដុក​ទឹក​
19, Jan 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ភាពរាំងស្ងួត ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ ដែល​ប្រក​បរបរ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​។ ដើម្បី​ទប់ទល់​នឹង​ភាពរាំងស្ងួត លោក យឹម សា​រុំ គ្រូ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក​សិ​កម្ម​ទប់​ទល់នឹង​ភាពរាំងស្ងួត បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​តាមដាន​ពី​ព័ត៌មាន​អាកាសធាតុ​, ត្រៀម​ពាង​ដាក់​ទឹក​, ជីក​ស្រះ និង​មាន​អាង​ស្ដុក​ទឹក​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក យឹម សា​រុំ គ្រូ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក​សិ​កម្ម​ទប់ទល់​ភាពរាំងស្ងួត​ដូចតទៅ​៖ 

 
 
​បច្ចេកទេស​កសិកម្ម​ទ​ប់​ទល់នឹង​ភាពរាំងស្ងួត ជា​បច្ចេកទេស​សម្រាប់​ប្រើប្រាស់​ក្នុងពេល​អាកាសធាតុ​រាំងស្ងួត​ដល់​កសិករ និង​សហគមន៍​។ បញ្ហា​រាំងស្ងួត​នេះ បានធ្វើ​ឲ្យ​ប្រជាកសិករ ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​។ បើតាម លោក យឹម សា​រុំ ប្រជាពលរដ្ឋ​គួរ​ត្រៀម​ពាង ជីក​ស្រះ និង​ធ្វើ​អាង​ស្ដុក​ទឹក ជាពិសេស​តាមដាន​ពី​ព័ត៌មាន​អាកាសធាតុ និង​អាច​បាត់បង់​ចំណូល​ដល់​គ្រួសារ​។  
 
​លោក យឹម សា​រុំ គ្រូ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក​សិ​កម្ម​ទប់​ទល់នឹង​ភាពរាំងស្ងួត បញ្ជាក់ថា នៅពេល​មាន​ភាពរាំងស្ងួត កសិករ អាច​រៀបចំ​សួន​ដំណាំ​ជា​រង្វង់​, រៀបចំ​សួន​ធ្នើរ​, សួន​ចង្អូរ ដែល​ប្រើប្រាស់​ទឹក​តិច ដើម្បី​បាន​ដំណាំ​ហូប​ជាប្រចាំ​។ ជាមួយគ្នានេះ ការធ្វើ​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​ដំណាំ គឺជា​ការកាត់បន្ថយ​កម្ដៅ និង​ការប្រើប្រាស់​ទឹក​តិច​ផងដែរ​។ នៅពេល​មាន​បន្លែ​បរិភោគ និង​មាន​ចិញ្ចឹមសត្វ កសិករ មិនចាំបាច់​ចំណាកស្រុក​ឡើយ​។ 
 
​បើតាម​លោក យឹម សា​រុំ ការ​ទប់​ទល់នឹង​ភាពរាំងស្ងួត មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ និង​កសិករ​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និង​កសិករ ដែល​បាន​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ទប់​ទល់នឹង​ភាពរាំងស្ងួត អាច​ដាំ​ដុះ​ដោយ​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ខ្វះ​ទឹក​។ 
 
​សូមបញ្ជាក់ថា កម្ពុជា កំពុង​ទទួលរង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង រហូតដល់​ខែមករា ឆ្នាំ​២០២០​។  គ្រោះរាំងស្ងួត​នេះ​នឹង​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម និង​អាច​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​៕

Tag:
 កសិកម្ម​
  រាំងស្ងួត​
  ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com