ជាតិ
ក្រុង​កំពត តាខ្មៅ និង​ខណ្ឌដូនពេញ ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​
20, Jan 2020 , 7:59 am        
រូបភាព
រូបពីរដ្ឋបាលខេត្តកំពត
រូបពីរដ្ឋបាលខេត្តកំពត
​ភ្នំពេញ​៖​ក្រុង​របស់​កម្ពុជា​ចំនួន​៣ រួមមាន ក្រុង​កំពត ក្រុង​តាខ្មៅ និង​ខណ្ឌដូនពេញ   បានទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានប្រគល់​រង្វាន់​នេះ នា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២០ នៅ​រដ្ឋធានី​បាន​ដា​ស៊េរី​បេ​ហ្គា​វ៉ាន់ ប្រទេស​ប្រុយ​ណេ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​១៦ មករា ឆ្នាំ​២០២០​។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​


 
​កម្មវិធី​ប្រកួតប្រជែង​ទេសចរណ៍​អាស៊ាន​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​ទីក្រុង​ទេសចរណ៍​អាស៊ាន លើ​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​។ ក្រៅពីនេះ គឺ​ដើម្បី​រៀបចំ​មជ្ឈដ្ឋាន​រស់នៅរ​បស់​ពលរដ្ឋ​តាម​បណ្តាល​ទីក្រុង ឲ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​
 
​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយមាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​។ ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះ បានអនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៥​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​នឹង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​៕ 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com