អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ជឿថា អ្នក​បន្តវេន​លោក នៅតែ​ប្រកាន់ ប្រព័ន្ធ​រដ្ឋាភិបាល​ស្អាតស្អំ និង​យក​សមត្ថភាព​ជាធំ​
20, Jan 2020 , 8:59 am        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​វាយតម្លៃ​ខ្ពស់​ពី​តួនាទី​សំខាន់​របស់​ស្ថាប័នរដ្ឋ ឬ​សាធារណៈ ក្នុងការ​ដំណើរការ​របស់​រដ្ឋាភិបាល និង​សង្គម​ប្រជាជន​។ លោកនាយក​រដ្ឋមន្ត្រី ចង់ឃើញ​រដ្ឋមន្ត្រី ដែលជា​មន្ត្រី​នយោបាយ និង​មន្ត្រី​ស៊ីវិល បន្ត​ពង្រឹងសមត្ថភាព និង​យក​ស្មារតី​បម្រើ​ផលប្រយោជន៍​ប្រជាជន ជាគោលការណ៍​ក្នុងពេល​បម្រើការ​ងា​ររ​បស់​ខ្លួន​។​

 
​ក្នុងជំនួប​ប្រចាំឆ្នាំ​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​សាធារណៈ នៅ​ថ្ងៃ​១៧ មករា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានលើកឡើង​ពី​សារៈសំខាន់​នៃ​តួនាទី​ចាប់ពី​រដ្ឋមន្ត្រី រហូតដល់​មន្ត្រី​ស៊ីវិល​ក្នុងការ​បម្រើ និង​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាជន​។ សម្រាប់​លោក ដើម្បី​ឲ្យ​គោលនយោបាយ​ជាតិ​មួយ​ជោគជ័យ ចាំបាច់​ណាស់​គឺ​ការធ្វើការ​ស៊ីចង្វាក់​គ្នា​រវាង​អ្នកបង្កើត​គោលនយោបាយ និង​អ្នកអនុវត្ត​ផ្ទាល់​តែម្តង​។ 
 
​តាម​ចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia បញ្ហា​អ្នក​បន្តវេន​របស់លោក ពោលគឺ​អ្នកដឹកនាំ​ជំនាន់​ទី​បួន (4G Leadership) ដែល​ត្រូវ​ចូលមក​ជំនួស​ពេល​លោក ចូលនិវត្តន៍​ពី​កិច្ចការ​នយោបាយ ក៏​ស្ថិតនៅក្នុង​របៀបវារៈ នៃ​ការ​សំ​ណះ​សំ​ណា​ល​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ឆ្លៀតឱកាស​នោះ បានផ្តល់​អនុសាសន៍​មួយចំនួន​សម្រាប់​រដ្ឋមន្ត្រី ដើម្បី​ប្រតិបត្តិ​ការងារ​ប្រកបដោយ​ជោគជ័យ​។ លោក បាន​គូសបញ្ជាក់ថា រដ្ឋមន្ត្រី​ដែលមាន​សមត្ថភាព នឹង​ជួយ​ធានា​ពី​ការប្រព្រឹត្ត​ទៅដោយ​រលូន​របស់​អង្គភាព​សាធារណៈ​។ 
 
​លោក បន្ថែមថា អ្វីដែល​រដ្ឋមន្ត្រី គួរ​ធ្វើ​គឺ ធ្វើការ​ជាមួយនឹង​គោលការណ៍ បម្រើ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​។ លោក ក្រើន​រម្លឹកថា ប្រសិនបើ​គុណភាព​នៃ​អភិបាលកិច្ច​ធ្លាក់ចុះ នោះ​វា​នឹងត្រូវ​ចំណាយ​ច្រើន​ឆ្នាំ​ដើម្បី​ស្តារឡើងវិញ​។ 
 
​យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​ដែល​តែងមាន​ទស្សនវិស័យ​វែងឆ្ងាយ​របស់​សិង្ហ​បុរី​រូ​នេះ មាន​ជំនឿ​ជាក់​ថា អ្នក​បន្តវេន​របស់លោក នៅតែ​រក្សា​គោលការណ៍​គ្រឹះ​ក្នុងការ​ធ្វើការ​រវាង​អ្នកបង្កើត​គោលនយោបាយ និង​អ្នកអនុវត្ត​។ គោលការណ៍​នោះ រាប់បញ្ចូល​ទាំង ការយក​សមត្ថ​ភាពជា​ធំ​, រដ្ឋាភិបាល​ស្អាតស្អំ​, ការមិន​ប្រកាន់ពូជសាសន៍​, ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន និង​កំណើនសេដ្ឋកិច្ច​ជាដើម​៕ 

Tag:
 សិង្ហ​បុរី​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com