ជាតិ
ដាំ​បន្លែ​លើ​កោះ លោក សា​ម៉េ​ត ពិបាក​រក​អ្នក​ប្រឹក្សា​ពេល​បន្លែ​ខ្លួន​ងាប់​ដោយ​គ្មាន​មូលហេតុ​
20, Jan 2020 , 9:29 am        
រូបភាព
លោក អុន សាម៉េត ម្ចាស់កសិករ​នៅ​កោះថ្មី​ ស្ថិតនៅ​ក្នុង​ស្រុកកៀនសា្វយ
លោក អុន សាម៉េត ម្ចាស់កសិករ​នៅ​កោះថ្មី​ ស្ថិតនៅ​ក្នុង​ស្រុកកៀនសា្វយ
​កណ្ដាល​៖ ដាំ​បន្លែ​ច្រើន​មុខ​នៅលើ​ផ្ទៃដី​ជាង​២​ហិកតា​លោក អុន សា​ម៉េ​ត នៅតែ​ជួប​បញ្ហា​ដំណាំ​ងាប់​ទាំង​គុម្ពៗ ជួន​ងាប់​ជិត​អស់​មួយ​ចម្ការ​ក៏មាន ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ ជួប​បញ្ហា​ច្រើន​ឆ្នាំ​មកហើយ តែ​លោក អុន សា​ម៉េ​ត មិនបាន​ទៅរក​ជំនួយ​ពី​អ្នកជំនាញ​ខាង​កសិកម្ម​ណាមួយ​ឡើយ ក្រោម​ហេតុផល​មិនដឹង​ទៅរក​នៅទីណា ក៏​មិនមាន​បណ្ដាញ​ទំនាក់ទំនង​។​

 
​កោះ​មួយ​ដែល​អ្នកភូមិ​នៅ​ទីនោះ​ហៅថា​កោះ​ថ្មី មាន​ផ្ទៃដី​ប្រមាណ​ជា​២០​ហិកតា គ្របដណ្ដប់​ដោយ​ដំណាំ​ប្រមាណ​ជាង​១០​មុខ ដូចជា​ម្ទេស ប៉េងប៉ោះ តាសក់ស្រូវ តាសក់ផ្អរ សណ្ដែកកង់ ស​ណ្ដែ​ល​បារាំង ល្ពៅ ត្រឡាច ត្រប់ ជាដើម មាន​ពណ៌​ខៀវស្រងាត់​។ បើ​គេ​ចង់​ធ្វើដំណើរ​ទៅលើ​កោះ​មួយ​នោះ មាន​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​សុំ​ជិះ​ដោយសារ​ទូក​កសិករ​ដែ​ល​ដាំ​បន្លែ​នៅលើ​កោះ​នោះ​។



​ឆ្លង​ពី​ត្រើយ​ខាងលិច គឺ​ពី​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ឆ្ពោះទៅ​ត្រើយ​ខាងកើត ដោយ​ទូក​ទំហំ​ទទឹង​ជាង​មួយ​ម៉ែត្រ បញ្ជា​ទូក​ម៉ាស៊ីន​ដោយ​ក្មេងប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ​ម្នាក់ ត្រូវជា​ក្មួយ​របស់​កសិករ​ម្នាក់​ដែល​ខ្ញុំ​នឹងត្រូវ​ទៅ​សម្ភាសន៍​។​
 
​ប្រើ​រយៈពេល​ប្រហែល​តែ​៥​នាទី​តែប៉ុណ្ណោះ ដើម្បី​ឆ្លងកាត់​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្រោម ខ្ញុំ​បាន​ប្រទះឃើញ​កប៉ាល់​ដឹក​ភ្ញៀវទេសចរ​ពណ៌​ស​ស្អាតៗ ព្រមទាំង​នាវា​ដឹក​ខ្សាច់​ដែល​បូម​នៅក្បែរ​កោះ​ថ្មី មុនពេល​ខ្ញុំ​បាន​ជាន់​លើដី​កោះ​ពោរពេញ​ដោយ​ដំណាំ​ចម្រុះ​នោះ​។ ដី​កោះ​ដែលមាន​ទំហំ​ប្រមាណ​ជា​២០​ហិកតា ហ៊ុមព័ទ្ធ​ដោយ​ដើម​ត្រែង​ដែល​បាន​ការពារ​មិនឱ្យ​បាក់​ច្រាំងទន្លេ​នេះ មាន​កសិករ​ដាំ​បន្លែ​ប្រមាណ​ជា​ជិត​៣០​គ្រួសារ ដោយ​អ្នកខ្លះ​មាន​ដី​ផ្ទាល់ខ្លួន ហើយ​អ្នក​ខ្លះទៀត​ជួយ​ដី​គេ​ដាំ​។


 
​លោក អុន សា​ម៉េ​ត គឺជា​កសិករ​មួយរូប​ដែលមាន​ដី​ជា​របស់ខ្លួន នៅលើ​កោះ​ថ្មី​នេះ​ប្រហែល​១​ហិកតា ហើយ​លោក​បាន​ជួល​ដី​គេ​១​ហិកតា​បន្ថែមទៀត​ដើម្បី​ដាំ​បន្លែ​។ លើ​ផ្ទៃដី​ចំនួន​២​ហិកតា​នេះ​លោក សា​ម៉េ​ត បាន​ដាំ​ម្ទេស ប៉េងប៉ោះ សណ្ដែកបារាំង និង​ត្រឡាច​សម្រាប់​លក់​។ ចំណែក​ឪឡឹក និង​តាសក់ស្រូវ លោក​ដាំ​លើដី​ទំនេរ​តូច​ល្មម​ប្របផ្លូវ​ដើរ ទុក​សម្រាប់​ទទួលទាន​ក្នុង​គ្រួសារ​។​
 
​ដៃ​ចង្អុល​ទៅ​ដំណាំ​ឪឡឹក​ដែល​ដាំ​នៅ​ជិត​រោង​ចាំចម្ការ​អែប​ផ្លូវ លោក សា​ម៉េ​ត បញ្ជាក់បន្ថែម​ទាំង​សើច​សប្បាយ​ផង​៖«​ដី​ទំនេរ​នៅ​កៀនកោះ ខ្ញុំ​ចេះតែ​ដាំ​ដំណាំ​ទៅ ទុក​គ្រាន់​ហូប​ក្នុង​គ្រួសារ ហើយ​ខ្ញុំ​មិន​បាញ់ថ្នាំ​ទេ​។ ជាធម្មតា​ដំណាំ​ទាំងនេះ​ផ្លែ​ច្រើន ហើយ​ពួកយើង​ហូប​មិន​អស់ ក៏​សល់​យកទៅលក់​ខ្លះ​ដែរ​»​។


 
​មាន​វ័យ​៤៣​ឆ្នាំ លោក អុន សា​ម៉េ​ត បានមក​ដាំ​បន្លែ​នៅលើ​កោះ​ថ្មី​នេះ ប្រហែល​១០​ឆ្នាំ​មកហើយ​។ ទោះជា​យ៉ាងណា បន្លែ​ដែល​ដាំ​សម្រាប់​លក់ លោក សា​ម៉េ​ត អះអាងថា លោក​ប្រើ​ថ្នាំ​និង​ជីគីមី​ខ្លះ​ដែរ​ក្នុង​កម្រិត​តិចតួច និង​ក៏​អាស្រ័យ​ទៅតាម​សត្វ​បំផ្លាញ​ដែរ​។ មាន​បទពិសោធ​ដាំ​បន្លែ​យូរ​ឆ្នាំ​ល្មម​ដែរ ប៉ុន្តែ​បុរស​សម្បុរ​ស្រអែម​ពាក់អាវ​ពណ៌​ខៀវ​រូបនេះ នៅតែ​ប្រឈម​បញ្ហា​ដំណាំ​ងាប់​ទាំង​គុម្ពៗ ដោយ​មិនដឹង​មូលហេតុ​។​
 
​ដៃ​ចាប់ដក​ដើម​ប៉េងប៉ោះ​ដែល​ងាប់​ចេញពី​ដី ហើយ​លើក​យកមក​ពិនិត្យ​រកមើល​មូលហេតុ លោក សា​ម៉េ​ត ត្អូញត្អែរថា​៖«​ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ដែរ ថា​ហេតុអ្វី​បានជា​វា​ងាប់​បែបនេះ​? រាល់​ឆ្នាំ​តែងតែមាន​បែបនេះ ងាប់​ទាំង​គុម្ពៗ ឆ្នាំ​ខ្លះ​ងាប់​អស់​ជិត​មួយ​ចម្ការ​ក៏មានដែរ​»​។​
 
​ដ្បិត​ជួប​បញ្ហា​ដដែលៗ​បែបនេះ​ក្ដី ប៉ុន្តែ​កសិករ​ដែលមាន​សម្ដី​មួយៗ​រូបនេះ មិនបាន​ស្វែងរក    មន្ត្រី​កសិកម្ម ឬ​អ្នកជំនាញ​ខាង​កសិកម្ម​ណាមួយ ដើម្បី​ផ្ដល់យោបល់​រក​ដំណោះស្រាយ​ឡើយ​។ ចំពោះ​ហេតុផល​លោក​ប្រាប់ថា​៖«​ខ្ញុំ​មិនដឹង​ទៅរក​អ្នកមាន​ជំនាញ​កសិកម្ម នៅទីណា​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ហើយ​ខ្ញុំ​មិនមាន​បណ្ដាញ ម្យ៉ាង​ខ្ញុំ​ក៏​រវល់​ផង​។ មាន​បញ្ហា​អ្វី ខ្ញុំ​សួរ​អ្នក​ដែល​ដាំ​ដូចគ្នា បើ​គេ​មិនដឹង​ក៏​តាម​ហ្នឹង​ទៅ​។ តែ​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​នោះ​ម្នាក់​ដែរ ខ្ញុំ​មិនដឹងថា​គាត់​ធ្វើការ​អ្វី​ហើយ​នៅទីណា​ទេ តែ​ទំនង​ដូចជា​ធ្វើការ​ក្នុង​អង្គការ​។ គាត់​ប្រាប់​ខ្ញុំ​ពី​របៀប​ប្រើ​ថ្នាំ តែ​ទោះជា​យ៉ាងណា វា​នៅតែ​ត្រូវ​ប្រើ​ថ្នាំ​តាមរបៀប​ខ្ញុំ​ដដែល​»​។


 
​ត្រូវ​ចំណាយ​ដើមទុន​ជា​មធ្យម ប្រមាណ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ ទៅលើ​ពូជ ជី ថ្នាំ ប្រេង​បូមទឹក និង​ថ្លៃ​ជួល​កម្មករ​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ តម្លៃ​បន្លែ​លក់​ចេញ​ទំនងជា​មិនអាច​ទូទាត់​ការចំណាយ​បានឡើយ​។ នេះ​បើតាម​លោក សា​ម៉េ​ត ដែល​បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ឆ្នាំនេះ​ប៉េងប៉ោះ​មួយ​គីឡូ លក់​បានតែ​តម្លៃ​៧០០​រៀល​ប៉ុណ្ណោះ​។ បើ​ប្រៀប​កាលពី​ឆ្នាំមុន​បាន​ជាង​មួយ​ពាន់​។ សណ្ដែកបារាំង​មួយ​គីឡូ បានតែ​២,០០០​រៀល ប្រៀប​ឆ្នាំមុន​បាន​៦,០០០​រៀល​ទៅ​៧,០០០​រៀល​ឯណោះ​។​កម្មករ​ម្នាក់​ក្នុង​មួយថ្ងៃ​ជួល​ក្នុងតម្លៃ​២៥,០០០​រៀល ហើយ​មួយថ្ងៃ​ត្រូវការ​មនុស្ស​ប្រហែល​៧​ទៅ​១០​នាក់ យើង​ត្រូវ​ជួល​តាំងពី​ដាំ​រហូតដល់​បេះ​។ ខ្ញុំ​ត្រូវ​ចំណាយ​ច្រើន​ទៀត ដូច្នេះ​បើ​តម្លៃ​លក់​ចេញ​បានតែ​ប៉ុណ្ណេះ មើលទៅ​មិនដឹងថា​រួចខ្លួន​ឬ​អត់​ទេ​»​។ 
 
​បើទោះបីជា​គ្មាន​សង្ឃឹមថា កសិផល​ដែល​ខ្លួន​ធ្វើបាន​អាចមាន​តម្លៃ​ថ្លៃ​ជា​ទៀងទាត់​ក្ដី ក៏​លោក អុន សា​ម៉េ​ត នៅតែ ដាំ​បន្លែ​នេះ​បន្តទៀត​ដែរ ព្រោះ​វា​ជា​ស្នូល​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់​នេះ ក្រៅពី​ការលក់ដូរ​អីវ៉ាន់​តិចតួច​នៅមុខ​ផ្ទះ​នោះ​៕ 

Tag:
 កសិកម្ម​
 ​បន្លែ​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com