ជាតិ
វីដេអូ
អ្នកជំនាញកសិកម្មថា រដ្ឋាភិបាលគួរធ្វើប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹកបន្ថែមសម្រាប់វិស័យកសិកម្ម
× ភ្នំពេញ៖ ទឹក ជាប្រភពសំខាន់សម្រាប់ការធ្វើកសិកម្ម ការដាំដុះ និងចិញ្ចឹមសត្វ របស់ប្រជាកសិករ និងកន្លងមកប្រជាកសិករមួយចំនួន បានរងគ្រោះដោយសារភាពរាំងស្ងួត និងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់កសិករ។ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម លើកឡើងថា រដ្ឋាភិបាលគួរធ្វើប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹកបន្ថែមសម្រាប់វិស័យកសិកម្ម។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖
ដើម្បីកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារកសិករពាក់ព័ន្ធនឹងបញ្ហាទឹក លោក យ៉ង សាំងកុមារ បញ្ជាក់បែបនេះ៖ «ជារួម កសិកម្មនៅប្រទេសកម្ពុជាដូចប្រទេសក្ដៅមួយចំនួន ឲ្យតែមានទឹកពេលណាក៏យើងធ្វើបានដែរ។ ចំណុចគន្លឹះ យើងត្រូវធ្វើម៉េច គឺការងារគ្រប់គ្រងទឹក និងការធ្វើប្រព័ន្ធធារាសាស្ត្រ អាងស្ដុកទឹក ការស្ដារឡើងវិញនូវប្រព័ន្ធទឹកធម្មជាតិ ដូចជា បឹង ស្ទឹង អូរ។ ពិសេសជំរុញឲ្យមានការស្ដុកទឹកតាមសហគមន៍ និងគ្រួសារ ហើយនេះជាវិធានការណ៍ ធ្វើយ៉ាងម៉េចឲ្យមានទឹកគ្រប់គ្រាន់។ កាលណាគ្រប់គ្រងទឹកបានល្អ គឺទី១ ខែវស្សា ជួយកាត់បន្ថយបញ្ហាទឹកជំនន់ ទី២ ខែប្រាំង យើងមានទឹកគ្រប់គ្រាន់ សម្រាប់ដាំដុះ និងចិញ្ចឹមសត្វ ហើយធ្វើឲ្យសម្បូរត្រីផងដែរ»។
បើតាមលោក យ៉ង សាំងកុមារ នៅកម្ពុជា មានប្រព័ន្ធធារាសាស្ត្រជាង ២៥០០ប្រព័ន្ធ ដែលមានទំហំតូច មធ្យម និងធំ។ លោក យ៉ង សាំងកុមារ បន្តថា៖ «ប្រព័ន្ធធារាសាស្ត្រទាំងនោះ ត្រូវការជួសជុល និងថែរក្សាឡើងវិញ ដែលត្រូវការថវិកាពីរដ្ឋាភិបាល រួមទាំងភាគីពាក់ព័ន្ធ។ ពិសេស ត្រូវការជីកបន្ថែម បង្កើតបន្ថែម ហើយបើមានកាន់តែច្រើនកាន់តែល្អ ដែលត្រូវការអន្តរាគមន៍ពីរដ្ឋាភិបាល»។
អ្នកជំនាញកសិកម្មរូបនេះ លើកឡើងថា ការវិនិយោគក្នុងវិស័យធារាសាស្ត្រ បានចំណូលខ្ពស់ និងបានចំណូលមកវិញលឿន។ សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ កម្ពុជា បានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២០។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ(MRC) នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩ គ្រោះរាំងស្ងួតនេះ នឹងប៉ះពាល់ដល់ផលិតផលកសិកម្ម និងអាចប្រឈមការខ្វះខាតទឹកប្រើប្រាស់៕
Tag:
កសិករ
កសិកម្ម
ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com