ជាតិ
កង្វះ​ការយកចិត្តទុកដាក់ ធ្វើ​ឲ្យ​កុមារ​កម្ពុជា​ស្លាប់​ដោយ​លង់ទឹក​ច្រើន​
20, Jan 2020 , 7:59 pm        
រូបភាព
អ្នកស្រី សេត ស្រីមុំ អង្គុយមើលរូបថតរបស់កូនស្រីទាំងពីរដែលស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី សេត ស្រីមុំ អង្គុយមើលរូបថតរបស់កូនស្រីទាំងពីរដែលស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ជារឿយៗ​អ្នកស្រី សេត ស្រីមុំ  ស្ត្រី​មេម៉ាយ​កូន​ប​នាក់ រស់នៅ​ស្រុក​បាទី ខេត្តតាកែវ តែងតែ​យក​កូនៗ​ទៅតាម​ខ្លួន​ដើម្បី​ទិញ​អេតចាយ​។ កាលពី​៦​ខែ​មុន អ្នកស្រី​បានសម្រេច​ចិត្ត​ទុក​កូនតូចៗ​ចំនួន​២​នាក់​នៅផ្ទះ​ឲ្យ​ម្តាយ​ជួយ​មើល​ដើម្បី​ទៅ​ទិញ​អេតចាយ​ពី​អ្នក​រុះរើ​ផ្ទះមួយ​នៅក្បែរនោះ ដោយ​អ្នកស្រី​បារម្ភ​ថា​ដែក​ស័ង្កសី​ធ្លាក់​លើ​កូន​។​

 
​ពេលនោះ គឺជា​លើកចុងក្រោយ​ដែល​អ្នកស្រី​បានឃើញ​មុខ​កូនស្រី​ទាំង​ពីររូប​របស់​អ្នកស្រី ដោយសារ​ពួកគេ​លង់​ស្រះ​ទឹក​ក្បែរ​ផ្ទះ​។​
 
 
​អ្នកស្រី សេត ស្រីមុំ មានប្រសាសន៍ថា​៖ «​មិនបាន​មួយ​ម៉ោង​ទេ រួច​ទៅ​ខ្ញុំ​នឹក​ឃើញថា​ទិញ​តែមួយ​កន្លែង​អញ្ចឹង ខ្ញុំ​ថា​រហ័ស​បានមក​វិញ​។ ខ្ញុំ​រៀបចំ​ដាក់​លើ​រ៉ឺម៉ក ប្អូន​ខ្ញុំរ​ត់ទៅ​ហៅថា​កូន​លង់ទឹក ខ្ញុំ​ទន់​ខ្លួន​អស់ ខ្ញុំ​ទម្លាក់ចោល ខ្ញុំ​ប្រញាប់​រត់​មក​»​។​
 
​កំពុង​អង្គុយ​នៅខាងមុខ​ផ្ទះ​ទំហំ​ប្រមាណ​ជា​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ដែលមាន​ព្យួរ​រូបថត​កូនតូចៗ​ទាំងពីរ​របស់​អ្នកស្រី​ស្ទើរតែ​ពេញ​ពាក់កណ្តាល​ជញ្ជាំង​ផ្ទះ អ្នកស្រី សេត ស្រីមុំ និយាយថា កូនស្រី​របស់​អ្នកស្រី​ទាំងពីរ អាយុ ២​ឆ្នាំកន្លះ និង​បី​ឆ្នាំកន្លះ​។​ស្ត្រី​វ័យ​៣០​ឆ្នាំ​ប្លាយ​រូបនេះ​បន្តថា ស្រះ​ទឹក​ដែល​កូនស្រី​របស់​អ្នកស្រី​ទាំងពីរ​លង់​នោះ មាន​ជម្រៅ​ជាង​ពីរ​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រមាណ​ជា​៧០០​ម៉ែត្រ​ពី​ផ្ទះ​អ្នកស្រី ប៉ុន្តែ​មិនមាន​របង​ហ៊ុំព័ទ្ធ​ការពារ​នោះទេ​។​


រូបថត​របស់កូនស្រីទាំងពីររបស់អ្នកស្រី សេត ស្រីមុំ ដែលស្លាប់ដោយសារលង់ទឹក ត្រូវព្យួរលើជញ្ជាំងផ្ទះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​និយាយ​បណ្តើរ​យកដៃ​ជូត​ទឹកភ្នែក​ដែល​កំពុង​ស្រក់​បណ្តើរ អ្នកស្រី សេត ស្រីមុំ បន្ថែមថា អ្នកស្រី​ស្តាយក្រោយ​ដែល​មិនបាន​ប្រាប់​កូន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លង់ទឹក និង​មិនបាន​មើលថែរ​កូន​បាន​ដិតដល់​។​
 
​អ្នកស្រី​បន្តថា​៖ «​ដោយសារ​ពេល​ហ្នឹង​ខ្ញុំ​គិតថា​ខ្ញុំ​យក​កូន​ខ្ញុំ​ទៅ​វា​គ្រោះថ្នាក់ ដោយសារ​ខ្លាច​ដែក ស័ង្កសី​អី​ធ្លា​ក់លើ អញ្ចឹង​ខ្ញុំ​គិតថា​ខ្ញុំ​ទៅ​សង្វាត​ថ្លឹង​ម្នាក់ឯង​ឲ្យ​លឿន​ទៅ អាហ្នឹង​ការពារ​ខ្លាច​កុំ​ឲ្យ​ត្រូវ​កូន​។ និយាយ​ទៅ​ខ្ញុំ​អត់​នឹកស្មានថា​កូន​ខ្ញុំ​ទៅជា​អញ្ចឹង​»​។​


អ្នកស្រី សេត ស្រីមុំ អង្គុយ​ផ្តល់​សម្ភាសន៍​នៅ​ខាង​មុខ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​អ្នកស្រី​បន្ថែមថា ក្មួយប្រុស​ស្រី​របស់​អ្នកស្រី​ចំនួន​ពីរ​នាក់​ទៀត ដែលមាន​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ ក៏បាន​លង់ទឹក​ស្លាប់​ក្នុងពេល​ជាមួយគ្នា​នោះដែរ​។​
 
​អង្គការ និង​អ្នកជំនាញ​ដែល​ធ្វើការ​ដើម្បី​ទប់ស្កាត់​ការ​លង់ទឹក​និយាយថា ការស្លាប់​ដោយ​ការ​លង់ទឹក កើតឡើង​ដោយសារ​ការធ្វេសប្រហែស កង្វះ​ការយល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មាន​អ្នក​មើលថែរ កង្វះ​ជំនាញ​សង្គ្រោះ​បឋម (CPR) និង កង្វះ​គោលនយោបាយ​ដែល​ផ្តោតលើ​ការ​លង់ទឹក​។​
 
​ក្នុងភូមិ​នៅ​តំបន់​ជនបទ​កុមារ​ពីរ ឬ​បីនាក់​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ដែល​ភាគច្រើន​កុមារ​ទាំងនោះ​មាន​អាយុ​ក្រោម​១០​ឆ្នាំ​។​
 
​កូនស្រី​តូចៗ​ទាំងពីរ​របស់​អ្នកស្រី សេត ស្រីមុំ គឺជា​កុមារ​រងគ្រោះ​ពីរ​នាក់ ក្នុងចំណោម​កុមារ​ផ្សេងទៀត​ដែល​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ក្នុង​មួយឆ្នាំៗ​នៅ​កម្ពុជា​។​
 
​ការ​លង់ទឹក​គឺជា​មូលហេតុ​នាំមុខគេ​ដែល​បណ្តាល​ឲ្យ​កុមារ​ស្លាប់​ក្នុងប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ របាយការណ៍​របស់​អង្គការ UNICEF​បាន​ឲ្យ​ដឹងថា កុមារ​ចំនួន​២,២០០​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​លង់ទឹក​។​
 
​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ចេញ​កាលពី​ឆ្នាំ​២០១៤​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​ជា​៣២២,០០០​នាក់ បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​។ របាយការណ៍​នេះ​បន្តថា រៀងរាល់​៩០​វិនាទី​ម្ដង​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ការ​លង់ទឹក​ក្នុង​ពិភពលោក​។ របាយការណ៍​ដដែល​ឲ្យ​ដឹងថា នៅ​កម្ពុជា មនុស្ស​ចំនួន​បួន​នាក់​ស្លាប់​ដោយសារ​ការ​លង់​ទឹកជា​រៀងរាល់ថ្ងៃ​។​
 
​ប៉ុន្តែ​របាយការណ៍​រប​ស់​អង្គការ​សុវត្ថិភាព​ពេល​មាន​បញ្ហា ឬ​ហៅ​កាត់​ថា Swim កម្ពុជា និង​អង្គការ Help Code ដែល​កំពុងធ្វើការ​ពាក់​ព័ន្ធ​នឹង​ការទប់ស្កាត់​ការ​លង់ទឹក​នៅ​កម្ពុជា​រកឃើញថា ក្នុង​មួយថ្ងៃ​កុមារ​ចំនួន​៦​នាក់​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​នៅ​ក្នុងប្រទេស​កម្ពុជា និង​ជាច្រើន​នាក់​ទៀត​ត្រូវ​រងគ្រោះ​រហូតដល់​ពិការ​។​
 
​លោក Conrad Foote ស្ថាបនិក​អង្គការ Swim កម្ពុជា លើកឡើងថា ការ​លង់ទឹក​ក៏បាន​បណ្តាល​ឲ្យ​កុមារ​មួយចំនួន​ត្រូវ​រង​នូវ​ការពិការ​ខួរក្បាល ដោយសារ​ខ្វះ​អុកស៊ីហ្សែន​ក្នុងពេល​កំពុង​លង់​ផងដែរ​។​
 
«​ពួកគេ​មិនអាច​លេង មិនអាច​ទៅ​សាលា មិនអាច​រៀន មិនអាច​កាន់​អ្វី​បាន ជាច្រើន​ដង ពួកគេ​មិនអាច​សូម្បីតែ​សន្ទនា​គ្នា​។ ពួកគេ​មិនអាច​និយាយ​ទៅកាន់​ឪពុកម្តាយ ឬក៏​មិត្តភក្តិ​។ ពួកគេ​មិនអាច​ទំនាក់ទំនង​»​។​
 
​លោក​បន្តថា​៖ «​ដូច្នេះ​នៅពេល​នរណាម្នាក់​លង់ទឹក ហើយ​ត្រូវបាន​ជួយសង្គ្រោះ ពួកគេ​ត្រូវ​ស្វែងរក​ការសង្គ្រោះ​បន្ទាន់​ផ្នែក​ផ្លូវដង្ហើម ហើយ​បន្ទាប់មក​គឺ​ការធ្វើ​ចលនា​បេះដូង ដែល​ហៅថា CPR»​។​
 
​លោក Conrad Foote បន្ថែមថា ការ​លង់ទឹក​ភាគច្រើន​កើតឡើង​ដោយសារ​កង្វះ​ការយល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង កង្វះ​ជំនាញ​មើលថែរ​កុមារ កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មាន​អ្នក​មើលថែរ និង​កង្វះ​ជំនាញ​សង្គ្រោះ​បឋម (CPR) ជាដើម​។​
 
​លោក​បន្ថែមថា តាម​របាយការណ៍​រប​ស់​អង្គការ​យូ​នី​សេ​ហ្វ និង​តួលេខ​ដែល​អង្គការ​របស់លោក​បាន​រកឃើញ​អំពី​ការស្លាប់​របស់​កុមារ​ដោយសារ​លង់ទឹក ធៀប​នឹង​តួលេខ​នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឃើញថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​លង់ទឹក មាន​ចំនួន​ច្រើនជាង​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​អ្នកស្រី ថន ណា​រី រស់នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះ​ឧកញ៉ា​តី ខេត្តកណ្តាល បាន​បាត់បង់​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ ដោយសារ​លង់ទឹក​ទន្លេ​ដែលមាន​ចម្ងាយ​២០០​ម៉ែត្រ​ពី​ផ្ទះ​។ ស្ត្រី​វ័យ​៣៧ រូបនេះ​ប្រាប់​វី​អូ​អេ​ថា អ្នកស្រី​បាន​ទុក​កូន​បីនាក់​ឲ្យ​ឪពុកម្តាយ​អ្នកស្រី​ជួយ​មើល ប៉ុន្តែ​កូនប្រុស​ទី​ពីរ​របស់​អ្នកស្រី​បាន​លួច​ចេញពី​ទ្វារ​ខាងក្រោយ​ផ្ទះ​ទៅលេង​ទឹក ដែល​បណ្តាល​ឲ្យ​លង់ទឹក នា​រសៀល​ម៉ោង​ពីរ​ថ្ងៃទី​៦ ខែធ្នូ​។ នៅពេលនោះ​អ្នកស្រី​កំពុងធ្វើការ​នៅកាស៊ី​ណូ​។​
 
​អ្នកស្រី​បន្ថែមថា ក្រុមគ្រួសារ​របស់​អ្នកស្រី​បាន​ជួល​ជនជាតិ​ចាម​ដើម្បី​ចុះ​ស្រង់ បន្ទាប់ពី​កូនប្រុស​អ្នកស្រី​លិច​ចូល​ទឹក​អស់​រយៈពេល​ជាង​មួយ​ម៉ោង​។​
 
«​បើសិនជា​ពេល​ត្រឡប់ក្រោយ​វិញ​គឺ​យើង​អាច​យកលុយ​ទៅ​ដោះដូរ និង​ទិញ​ជីវិត​បាន គឺ​ត្រូវតែ​យក​ហើយ​។ និយាយ​ទៅ បាត់បង់​កូន​ដូច​ថា​យើង​ស្រលាញ់​បំផុត ពិបាក​ទទួលយក​ណាស់​។ គ្រាន់តែ​គេ​ប្រាប់​ភ្លាម​មក ខ្ញុំ​ស្មារតី​ស្ទើ​តែ​សន្លប់​បាត់ទៅហើយ​»​។​
 
​អ្នកស្រី ថន ណា​រី លើកឡើងថា នៅតាម​ភូមិ​ឃុំ​របស់​អ្នកស្រី​មិន​ធ្លាប់មាន​ការអប់រំ​ណែនាំ​អំពី​ការការពារ​ការ​លង់ទឹក​ពីមុនមក​ទេ​។ អ្នកស្រី​បន្ថែមថា អ្នកស្រី​នឹង​នាំ​កូនៗ​ពីរ​នាក់​ទៀត​របស់​អ្នកស្រី​ទៅ​រៀន​ហែល​ទឹក ដើម្បី​ជៀសវាង​ការ​លង់ទឹក​ដូច​កូនប្រុស​ទី​២​របស់​អ្នកស្រី​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា ការ​លង់ទឹក​គឺជា​ឃាតក​សម្ងាត់ ដែល​បានសម្លាប់​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​ច្រើនជាងគេ​។​
 
​នៅតាម​តំបន់​ដែលមាន​ទឹក​ដូចជា​បឹង ទន្លេ ព្រែក ស្ទឹង អូរ ឬ​ស្រះ​ទឹកជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា គេ​កម្រ​ឃើញ​មាន​សញ្ញា​ហាមឃាត់ ឬ​សញ្ញា​គ្រោះថ្នាក់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការប្រុងប្រយ័ត្ន​ពី​ការ​លង់ទឹក​ណាស់​។ សូម្បីតែ​របាំង​ការពារ​ជុំវិញ​ប្រភពទឹក​ទាំងនោះ ក៏​កម្រ​មាន​ផងដែរ​។​
 
​ទោះបីជា​យ៉ាងណា​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ច្រានចោល​របាយការណ៍​ដែល​បង្ហាញថា ក្នុង​មួយ​ឆ្នាំមាន​មនុស្ស​ស្លាប់​ដោយ​លង់ទឹក​ជាង​ពីរពាន់​នាក់ នៅ​កម្ពុជា​។ លោក​លើកឡើងថា លោក​ទទួលបាន​របាយ​ការណ៍​កុមារ​ដែល​លង់ទឹក​ស្លាប់​ក្នុងប្រទេស​កម្ពុជា​នៅ​ទូទាំងប្រទេស មាន​ចំនួន​ពី​៥ ទៅ​៦​នាក់​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ​។​
 
«​ខ្ញុំ​មើល​របាយការណ៍​របស់​ក្រសួង មិនមែន​ថា​មួយថ្ងៃ មាន​របាយការណ៍​ក្មេង​លង់ទឹក​ហ្នឹង ៤-៥​នាក់​ទេ​។ ខ្ញុំ​មិនដឹងថា​គេ​ទទួលបាន​តួលេខ​ពី​ណា​ដែរ ខ្ញុំ​អត់​ដឹង​ដែរ ប៉ុន្តែ​អ្វីដែល​របាយការណ៍​ខ្ញុំ​ទទួល​ហ្នឹង គឺ​ទទួល​ពីសា​លា​តែម្តង​»​។​
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដដែល​បន្ថែមថា ក្រសួង​មានការ​ណែនាំ​នាយក​សាលា និង​ឪពុកម្តាយ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្មេង​តូចៗ​ពី​ការ​លង់ទឹក​។ យ៉ាងណាក្តី​លោក​ថា ក្រសួង​មានការ​ងារ​អាទិ​ភាពជា​ច្រើន​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​ដោះស្រាយ​។​
 
«​ជារួម​គឺ​យើង​ឲ្យ​សាលា​ហ្នឹង​គឺ​ផ្សព្វផ្សាយ ផ្សព្វផ្សាយ​ទៅដល់​សិស្ស​នៅក្នុង​សាលា​ហ្នឹង ហាមឃាត់​កុំ​ឲ្យ​គាត់​ទៅជិត​តំបន់​ណា​ដែលមាន បើសិន​គាត់​អត់​ចេះ​ហែល​ទឹក ហាមឃាត់​កុំ​ឲ្យ​គាត់​ទៅលេង​ទឹក​ផ្តេសផ្តាស​។ ទី​២ ត្រូវតែមាន​គ្នា​ទៅជា​មួយ មិនត្រូវ​ដើរ​ម្នាក់ឯង​ទេ​»​។​
 
​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថ្លែងថា ក្រសួងសុខាភិបាល​ទទួល​បាន​របាយការណ៍​នៃ​ការ​លង់ទឹក​ចំនួន​១៣​ករណី ក្នុងនោះ​មាន​១៣​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៨​។ ហើយ​នៅក្នុង​ទឹកជំនន់​កាលពី​ខែសីហា ឆ្នាំ​២០១៩​នេះ ក៏មាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ផងដែរ​។​
 
​លោក លី សូ​វ៉ាន់ មិនបាន​បញ្ជាក់​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​លង់ទឹក​ជាទូទៅ​នោះទេ ប៉ុន្តែ​លោក​ថា ជា​រៀងរាល់​ពេល​ដល់​រដូវ​វស្សា ក្រសួងសុខាភិបាល​កម្ពុ​ជា​តែង​ប្រកាស​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ការ​លង់ទឹក និង​គ្រោះថ្នាក់​ផ្សេងៗ​។ លោក​បន្តថា ក្រសួង​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការ​លង់ទឹក​នាពេលខាងមុខ​។​
 
«​លង់ទឹក​ក៏​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែរ ដែល​តម្រូវ​ឲ្យ​ក្រសួង​ដែលមាន​នាយកដ្ឋាន​ទទួលបន្ទុក​ការងារ​ហ្នឹង នឹង​រៀបចំ​យុទ្ធសាស្ត្រ ក៏ដូចជា​គោលនយោបាយ​នានា ដើម្បី​ធ្វើ​យ៉ាងម៉េច​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ និង​អន្តរាគមន៍​ឲ្យ​ទាន់ពេលវេលា​នៅពេល​ខាងមុខនេះ​»​។​
 
​កញ្ញា Caroline Lukaszyk អ្នកសម្របសម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក លើកឡើងថា រដ្ឋាភិបាល​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ភាគច្រើន​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់ និង​មិនមាន​តួលេខ​នៃ​ការស្លាប់​ដោយសារ​ការ​លង់ទឹក ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ចាត់ទុកថា ការ​លង់ទឹក​មិនមែនជា​បញ្ហា​ចម្បង​ដែល​ពួកគេ​ត្រូវ​យកចិត្តទុកដាក់​។​
 
«​នៅពេលដែល​ពួកយើង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដែល​ស្ថិតនៅ​លំដាប់​នៃ​ការសម្រេចចិត្ត​ថ្នាក់​កំពូល ការឆ្លើយតប​ដំបូង​បំផុត​របស់​ពួកគេ​គឺថា ការ​លង់ទឹក​មិនមែនជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ ពួកគេ​មាន​បញ្ហា​ចម្បង​ផ្សេង​ដែល​ត្រូវធ្វើ​»​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​បង្កើត​សកម្មភាព​ចំនួន​១០​ដើម្បី​ការពារ​កុំ​ឲ្យ​លង់ទឹក​។ សកម្មភាព​ទាំងនោះ​រួមមាន ដំឡើង​រនាំង​បាំង​ការចូល​លេង​ទឹក បង្រៀន​ក្មេងៗ​ឲ្យ​ចេះ​ហែល​ទឹក និង​ជំនាញ​សង្គ្រោះ​ការ​លង់ទឹក បណ្តុះបណ្តាល​អ្នក​សង្គ្រោះ ក្នុងការ​ជួយសង្គ្រោះ​ពី​ទឹក និង​សង្គ្រោះ​ក្រោយ​ស្រង់​ចេញពី​ទឹក​និង ពង្រឹង​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការ​លង់ទឹក​។ 
 
​អង្គការ​នេះ​បន្តថា​រដ្ឋាភិបាល​គួរ​បង្កើត​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការកំណត់ និង​អនុវត្ត​បទបញ្ជា​លើ​ការ​ជិះទូក ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​សាឡាង​ប្រកបដោយ​សុវត្ថិភាព​និង​គ្រប់គ្រង​ហានិភ័យ​ទឹកជំនន់ ជាដើម​។​
 
​លោក សួន ស៊ី មេភូមិ​ត្រពាំង​ក្រឡាញ់ ស្រុក​លំពង់ ខេត្តតាកែវ ប្រាប់​វី​អូ​អេ​ថា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ភូមិ​របស់លោក​ទើបតែ​មាន​ករណី​លង់​ទឹកតែ​ម្តងគត់ គឺ​ករណី​ក្មេងៗ​ចំនួន​បួន​នាក់​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​។ លោក​បន្តថា កន្លងទៅ​មាន​មន្ត្រី​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ពី​ការបង្ការ និង​ទប់ស្កាត់​ការ​លង់ទឹក ប៉ុន្តែ​លោក​ថា ការសង្គ្រោះ​អ្នក​លង់ទឹក មិនទាន់​ត្រឹមត្រូវ​តាម​បច្ចេកទេស​នៅឡើយ​។​
 
«​ដូច​អត់​ដឹង​ទាំងអស់គ្នា គ្រាន់តែ​វា​លើក​រលាក់​លើក​អី​អញ្ចឹង ជួយ​លើក​រលាក់​ជួយ​អី​ទាំងអស់គ្នា តែ​គ្រាន់តែ​ថា​អត់​មាន​អ្នកបច្ចេកទេស​អី​គ្រប់គ្រាន់​ដែរ​»​។​
 
​លោក Harald Vervaeche អគ្គលេខាធិការ​របស់​សហព័ន្ធ​សង្គ្រោះ​ជីវិត​អន្តរជាតិ​ប្រាប់ VOA ថា ការស្លាប់​ដោយសារ​ការ​លង់ទឹក​ក៏បាន ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​ផងដែរ​។​
 
«​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​អំ​ពី​ការស្លាប់​ដោយសារ​ការ​លង់ទឹក ដោយសារតែ​មនុស្ស​ម្នាក់ៗ​ដែល​ស្លាប់ គឺជា​មនុស្ស​ដែល​មិនមែន​ត្រឹមតែ​អាចបង្កើត​នូវ​គំនិត ការអភិវឌ្ឍ និង​ពន្ធ​ដល់​រដ្ឋាភិបាល​នីមួយៗ​តែប៉ុណ្ណោះ​ទេ​»​។​


លោក Harald Vervaecke អគ្គលេខាធិការរបស់សហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងវេទិកាពិភពលោកស្តី​ពី​ការការពារការលង់ទឹក នៅទីក្រុង Durban ប្រទេស​អាហ្វ្រិក​ខាងត្បូង កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​លោក​បន្ថែមថា​៖ «​ដូច្នេះ​តម្លៃ​នៃ​ជីវិត គិត​ជា​មធ្យម​គឺ​១.២​លាន​អឺរ៉ូ បើតាម​ការ​គណនា​នៅ​អឺរ៉ុប​។ ប្រសិនបើ​មនុស្ស​១០​នាក់​ស្លាប់ នោះ​រដ្ឋាភិបាល​នឹង​បាត់បង់​ចំនួន​១២​លាន​អឺរ៉ូ ហើយ​បើ​១​ពាន់​លាន​នាក់​ស្លាប់ ប្រាកដជា​រដ្ឋាភិបាល​បាត់បង់​រាប់លាន​»​។​
 
​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​ដើមខែ​មករា ឆ្នាំ​២០២០​នេះ មាន​ករណី​លង់ទឹក​ជាច្រើន​ករណី​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​មួយចំនួន ដែល​ក្នុងនោះ​កុមារ​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​។ នេះ​មិន​រាប់បញ្ចូល​ករណី​មនុស្ស​ធំ​លង់ទឹក​ស្លាប់ និង​ករណី​មិន​ត្រូវបាន​រាយការណ៍​។ ករណី​នោះ​មានដូចជា កាល​ថ្ងៃទី​១ ខែមករា ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ចំនួន​បីនាក់ បាន​លង់ទឹក​ស្លាប់​ក្នុងស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​។​
 
​អ្នកស្រី សេត ស្រីមុំ​និយាយថា បើ​អាច​ទាញ​ពេលវេលា​ឲ្យ​ត្រឡប់ក្រោយ​បាន អ្នកស្រី​នឹង​យក​កូន​ទាំងពីរ​របស់​អ្នកស្រី ទៅ​ទិញ​អេតចាយ​ទៅជា​មួយ​។​
 
«​បើសិនជា​ខ្ញុំ​ដឹងថា​កូន​ខ្ញុំ​គ្រោះ​ថា្នក់​អញ្ចឹង​ខ្ញុំ​អត់​ទៅណា​ទេ បើ​ខ្ញុំ​នឹក​ឃើញថា​គ្រោះថ្នាក់​អញ្ចឹង​ខ្ញុំ​នឹង​កូន​ខ្ញុំ​ទៅតាម​ខ្ញុំ​ហើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com