អន្តរជាតិ
កៀកថ្ងៃចូលឆ្នាំចិន ជំងឺរលាកសួតវូហានកើនឡើងដល់ ១៣៩ករណី រូបភាព៖ Reuters
× ថ្ងៃចូលឆ្នាំប្រពៃណីចិនកាន់តែខិតជិតចូលមកដល់ ករណីជំងឺរលាកសួតមិនមានអត្តសញ្ញាណ នៅថ្ងៃទី២០ ខែមករា ត្រូវបានគេរាយការណ៍ថា កើនឡើងរហូតដល់ ១៣៩ករណី នៅទូទាំងប្រទេសចិនទាំងមូល ខណៈពេលក្រុមអ្នកជំនាញថ្នាំពេទ្យ កំពុងស្វះស្វែងរកដំណោះស្រាយទប់ស្កាត់វីរុសប្រភេទថ្មីនេះ។ គ្រាន់តែនៅក្នុងក្រុងវូហាន អ្នកជំងឺរលាកសួតប្រភេទនេះមានចំនួន ១៣៦ករណី ប៉េកាំង ២ករណី និងខេត្តគ័ងតុង មួយករណី។
រហូតមកដល់ពេលនេះ វីរុសថ្មី ជាពពូជកូរ៉ូណាវីរុស (coronavirus) ដែលអាចបង្កពីជំងឺគ្រុនក្តៅធម្មតាទៅជាជំងឺរលាកសួតបាននោះ ត្រូវបានអាជ្ញាធរសុខាភិបាលក្រុងវូហានរកឃើញថា កើនឡើងរហូតដល់ ១៣៦នាក់។ ក្នុងចំណោម ១៣៦នាក់នេះ មានអ្នកជំងឺប្រុស ៦៦នាក់ និងស្រី៧០នាក់ ដែលមានអាយុចន្លោះពី២៥ឆ្នាំ ទៅ៨៩ឆ្នាំ។ លើសពីនេះអ្នកស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសចិន បានកើនឡើងរហូតដល់ ៣នាក់ និង ២០១នាក់ កំពុងត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅទូទាំងប្រទេសចិនទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia។
ក្រៅពីកើនឡើងនៃចំនួនអ្នកជំងឺ រីរុសថ្មីនេះ ក៏បានរីកសាយភាយដល់ទីក្រុងប៉េកាំង និងក្រុងស៊ិនជិន ខេត្តគ័ងតុងផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលខណ្ឌតាស៊ីង ក្រុងប៉េកាំង មនុស្សពីរនាក់បានឆ្លងជំងឺរលាកសួតនេះ បន្ទាប់ពីបានធ្វើដំណើរទៅទីក្រុងវូហាន។ ចំណែកនៅក្នុងខេត្តគ័ងតុង វិញ បុរសចំណាស់វ័យ ៦៦ឆ្នាំម្នាក់ ក៏បានកើតជំងឺនេះដែរ បន្ទាប់ពីទៅលេងសាច់ញាតិនៅក្រុងវូហាននេះដែរ។ មនុស្សទាំងបីនាក់នេះ ត្រូវបានគេដាក់នៅបន្ទប់ដោយឡែក ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។
ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីមួយនេះ អង្គការសុខភាពពិភពលោក និងអាជ្ញាធរសុខាភិបាលចិន បានសហការជាមួយគ្នា ដើម្បីទប់ស្កាត់ការឆ្លងវីរុសប្រភេទនេះ តាំងពីខែធ្នូ ឆ្នាំ២០១៩មកម្លេះ។ លើសពីនេះ អាជ្ញាធរចិន បានដាក់កាមេរ៉ាកាន់តែច្រើន សម្រាប់ស្កេនមើលអ្នកដំណើរផងដែរ ដើម្បីពិនិត្យមើលថាមាននរណាផ្ទុកវីរុសប្រភេទនេះ ឬអត់។
មានក្រុមអ្នកជំនាញមួយចំនួន យល់ឃើញថា វីរុសប្រភេទថ្មីនេះ មិនគ្រោះថ្នាក់ដូចជំងឺរលាកសួតធ្ងន់ធ្ងរ SARSនោះទេ។ យ៉ាងណាក៏ដោយ អាជ្ញាធរចិន នៅតែព្រួយបារម្ភពីបញ្ហានេះ ព្រោះករណីវីរុស កាន់តែកើនច្រើនឡើង ខណៈពេលបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែកៀកចូលមកដល់។ នៅថ្ងៃបុណ្យចូលឆ្នាំនេះ ប្រជាជនចិនជាច្រើន នឹងធ្វើដំណើរទៅលេងសាច់ញាតិ និងដើរលេងនៅប្រទេសក្រៅជាដើម ហើយពួកគេក៏អាចនាំវីរុសប្រភេទថ្មីនេះទៅជាមួយផងដែរ។
សូមបញ្ជាក់ថា វីរុសថ្មី ដែលជាពពូជ កូរ៉ូណាវីរុស (coronavirus) មិនត្រឹមតែរកឃើញនៅពេលចិនទេ ប៉ុន្តែថ្មីៗនេះ គេបានរកឃើញអ្នកជំងឺផ្ទុកវីរុសនេះនៅជប៉ុនម្នាក់ និងថៃពីរនាក់ ខណៈពេលប្រទេសផ្សេងៗទៀត កំពុងព្រួយបារម្ភពីបញ្ហា និងណែនាំឲ្យប្រជាពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅក្រុងវូហាន ប្រទេសចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com