ជាតិ
សោកស្តាយ​! កូនដំរី​ព្រៃ​ញី​១​ក្បាល​ទៀត​ងាប់​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​
20, Jan 2020 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​២០ ខែមករា នេះ បាន​ជូនដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ទាក់ទង​នឹង​ការបាត់​បង់ជីវិត​កូន​សត្វ​ដំរីព្រៃ​ញី​១​ក្បាល ដែល​ត្រូវបាន​ប្រទះឃើញ​មាន​សភាព​ស្គមស្គាំង​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ បានធ្វើ​ឲ្យ​វា​លែង​កម្រើក លែង​ទទួល​ចំណី ហើយក៏​បាន​បាត់បង់​ជីវិត កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ចន្ទ​។​


​កាលពី​ថ្ងៃទី​១៧ មករា កូនដំរី​មួយ​ក្បាល​អាយុ​ប្រហែល​១​មួយ​សប្ដាហ៍​នោះ ត្រូវបាន​សង្គ្រោះ បន្ទាប់ពី​វា​វង្វេង​ចេញពី​ហ្វូង​នៅ​ចំណុច​ព្រៃ​សា​ក្រឹ​ត ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ វា​ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​ផ្តល់​ចំណី និង​ព្យាបាល ដោយសារ​វា​មាន​ជំងឺ​ត្រង់​អវយវៈ​ពោះ និង​មាត់​។​
 
​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​មិនបាន​ទទួលផល​ឡើយ ដោយសារតែ​ដំរី នោះ​ចាប់ផ្តើម​អស់កម្លាំង លែង​កម្រើក លែង​ទទួល​ចំណី និង​ទឹក រហូត​ឈានដល់​ការបាត់​បង់ជីវិត​នា​រាត្រី​ឈានចូល​ថ្ងៃ​ចន្ទ ទី​២០ ខែមករា​។​
 

មន្ត្រីអនុរក្សមិនអាចសង្គ្រោះជិវិតកូនដំរីព្រៃញី ដោយមានស្ថានភាពរបួសធ្ងន់ធ្ងរនោះឡើយ។ រូបថត ក្រសួងបរិស្ថាន

​អ្នកជំនាញ​សន្និ​ដ្ឋា​ន​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មេ និង​ហ្វូង​របស់​កូនដំរី​នោះ ដើរទៅ​មុន គឺ​ដោយសារតែ​ស្ថានភាព និង​ការវិវត្ត​នៃ​អាកា​រៈ​ជំងឺ​របស់​វា មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។ 
 
​នេះ​ជា​ករណី​ទី​ពីរ បន្ទាប់ពី​កូនដំរី​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ងាប់​ដោយសារ​លង់ទឹក​នៅក្នុង​តំបន់​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក កាលពី​ថ្ងៃទី​១៥ ខែមករា​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នឹង​រៀបចំ​ពិធីបុណ្យ​សាសនា​សម្រាប់​កូនដំរី​។ ក្រៅពីនេះ ក្រសួងបរិស្ថាន​ក៏​នឹងមាន​គម្រោង​យក​ឆ្អឹង​របស់​វា​ធ្វើជា​រូបសំណាក​សម្រាប់​ជា​កម្មវិធីសិក្សា​ផងដែរ​៕​

Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com