អន្តរជាតិ
នេប៉ាល់៖ អាកាសធាតុមិនល្អ ក្លាយជាបញ្ហាសម្រាប់ការរុករកអ្នកឡើងភ្នំកូរ៉េខាងត្បូង៤នាក់ដែលបាត់ខ្លួន រូបភាព៖ AFP
× អ្នកដើរឡើងភ្នំជនជាតិកូរ៉េខាងត្បូង ៤នាក់ និងអ្នកនាំផ្លូវជនជាតិនេប៉ាល់ ៣នាក់ បានបាត់ខ្លួននៅភ្នំ Annapurna នេប៉ាល់ បន្ទាប់ពីផ្ទាំងទឹកកកបានរអិលពីលើ។ នេះបើតាមការអះអាងរបស់ក្រុមជួយសង្គ្រោះនេប៉ាល់ នៅថ្ងៃទី១៩ ខែមករា។
Annapurna គឺភ្នំមួយ ដែលមានកម្ពស់ជាង ៨គីឡូម៉ែត្រ និងខ្ពស់ជាងគេលំដាប់ទី១០លើពិភពលោក ស្ថិតនៅចម្ងាយប្រមាណ ១៥០គីឡូម៉ែតពីរដ្ឋធានីកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។ ដោយសារកម្ពស់ដ៏ខ្ពស់បែបនេះ ភ្នំ Annapurna បានទាក់ទាញអ្នកឡើងភ្នំជាច្រើននាក់មកពីបណ្តាប្រទេសផ្សេងៗ។
អ្នកដើរឡើងភ្នំជនជាតិកូរ៉េខាងត្បូង ចំនួន៤នាក់ ដែលបានដើរឡើងភ្នំដ៏ខ្ពស់មួយនេះ និងអ្នកនាំផ្លូវនេប៉ាល់៣នាក់ទៀត ត្រូវបានវាយប្រហារ ដោយការរអិលធ្លាក់នៃផ្ទាំងទឹកកក។ រហូតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះ មិនទាន់អាចបើកប្រតិបត្តិការរបស់ខ្លួនភ្លាមៗនៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ផ្ទាំងទឹកកករលាយសិន។
មន្ត្រីនាយកដ្ឋានទេសចរណ៍នេប៉ាល់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សមាគមរបស់ទីភ្នាក់ងារដំណើរឡើងភ្នំ បានបញ្ជូនអ្នកជួយសង្គ្រោះទៅ ៧នាក់ ដោយភ្ជាប់ជាមួយឧបករណ៍ជួយសង្គ្រោះផងដែរ ប៉ុន្តែភ្លាមៗនេះ គេមិនទាន់អាចបើកការរុករកបាននៅឡើយទេ ហើយប្រតិបត្តិការនេះ អាចប្រើរយៈពេលរហូតដល់ ២០ថ្ងៃ ព្រោះមានផ្ទាំងទឹកកកថ្មីៗ មានភ្លៀង ហើយគេត្រូវរង់ចាំដល់អាកាសធាតុល្អសិន។
សូមបញ្ជាក់ថា ដោយសារតែមានបញ្ហាអាកាសធាតុ ឧទ្ធម្ភាគចក្រជួយសង្គ្រោះរបស់នេប៉ាល់ចំនួន ៤គ្រឿងនៅថ្ងៃទី១៨ ខែមករា បានជម្លៀសមនុស្សចំនួន ២០០នាក់ ក្នុងនោះរួមមាន អ្នកឡើងភ្នំជនជាតិបរទេស១៤០នាក់ផងដែរ៕
Tag:
នេប៉ាល់
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com