រថយន្ត
អន្តរជាតិ
ថៃនៅតែមានឧស្សហកម្មយានយន្តនាំមុខគេនៅអាស៊ាន ប្រភពរូប៖ ASEAN Briefing
× កំណើនរោងចក្រផលិតយានយន្តក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ផ្តល់កាលានុវត្តភាពធំធេងដល់ការវិនិយោគសម្រាប់ការផលិតនិងចែកចាយនៃផ្នែកនៃយានយន្ត។ ផលិតកម្មយានយន្ត បានហក់ឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាពិសេស ក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី។ ហើយក្នុងចំណោមប្រទេសទាំងនេះ ប្រទេស ថៃគឺជារោងចក្រផលិតយានយន្តធំដាច់គេប្រចាំតំបន់អាស៊ាន។
ស្គាល់ថា «Detroit នៃតំបន់អាស៊ី» ប្រទេសថៃ ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជា ប្រទេសផលិតយានយន្តឈានមុខគេក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានទទួលជោគជ័យក្នុងវិស័យនាំចេញយានយន្តផងដែរ។
ប្រទេស ថៃ បានផលិតយានយន្ត ២ លានគ្រឿង ក្នុងឆ្នាំ២០១៨ ហើយនាំចេញច្រើនជាងពាក់កណ្ដាលទៅកាន់ប្រទេសជាង ១០០។ ជាមួយតួលេខនេះ ថៃ ជាប់ចំណាត់ថ្នាក់លេខ ១៣ជាអ្នកនាំចេញផ្នែកយានយន្តធំបំផុតរបស់ពិភពលោក។
បើតាមសារព័ត៌មាន ASEAN Briefing ឧស្សាហកម្មយានយន្តនេះ មានកំណើន ៨,៧ ភាគរយក្នុងឆ្នាំ២០១៨ ហើយរថយន្តជាង១លានគ្រឿង ត្រូវបានលក់ក្នុងទីផ្សារក្នុងស្រុក។ ថៃ មានគោលដៅផលិតយានយន្ត ៣,៥ លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីក្លាយជាប្រទេសឈានមុខមួយក្នុងទីផ្សារយានយន្តសាកល។
សូមបញ្ជាក់ថា ឧស្សាហកម្មយានយន្ត និងផ្នែកយានយន្តរបស់ប្រទេសថៃ គ្របដណ្ដប់ជិត ១២ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយបានបង្កើតការងារដល់ប្រជាជនជាង ៥០ម៉ឹននាក់។ ម្យ៉ាងវិញទៀត ប្រទេស ថៃ ទទួលបានវត្តមានក្រុមហ៊ុនផលិតយានយន្តធំៗឈានមុខជាច្រើនក្នុងពិភពលោក រួមមាន Toyota, Isuzu, Honda, Mitsubishi, Nissan, និង BMW ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com