អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឯកភាព​សំណើ​អាមេរិក​រៀបចំ​ជំនួប​ពិសេស​នៅ​ឡាស​វេ​ហ្កា​ស​
20, Jan 2020 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានចាប់ដៃនាជំនួបនៅវៀតណាម។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានចាប់ដៃនាជំនួបនៅវៀតណាម។ រូបភាព AFP
​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន បាន​យល់ព្រម​រួមគ្នា​លើ​សំណើ​របស់​អាមេរិក​លើគ​ម្រោ​ង​ជំនួប​ពិសេស​មេដឹកនាំ​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ឡាស​វេ​ហ្កា​ស អំឡុង​ខែមីនា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រមុខ​ការទូត​ហ្វីលីពីន​នៅ​ថ្ងៃទី​២០ ខែមករា​ក្រោយ​ជំនួប​ចង្អៀត​នៅ​វៀតណាម​។ យ៉ាងណាមិញ ការចូលរួម ឬ​មិន​ចូលរួម គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​នៃ​រដ្ឋ​សមាជិក​នីមួយៗ​។

 
«​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានអនុម័ត​លើ​កុងសង់ស៊ីស​ដើម្បី​រៀបចំ​ជំនួប​អាស៊ាន​-​អាមេរិក​។​» នេះ​ជា​សំណេ​របស់លោក Teodoro Locsin Jr រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​២០ ខែមករា​។ 
 
 
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ខកខាន​មិន​ចូលរួម​ជំនួប​ជាមួយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​នៅ​ថៃ​កាលពី​ឆ្នាំ​២០១៩ បាន​ផ្ញើ​លិខិតអញ្ជើញ​មេដឹកនាំ​រដ្ឋ​ទាំង​១០ ឲ្យ​ទៅ​ជួប​លោក​នៅ​ទឹកដី​អាមេរិក​វិញ​។ តាម​គម្រោង រដ្ឋាភិបាល​អាមេរិក គ្រោង​រៀបចំ​ជំនួប​ពិសេស​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​ខែមីនា ឆ្នាំ​២០២០ នៅ​ទីក្រុង​ឡាស​វេ​ហ្កា​ស នៃ​រដ្ឋ​ណេ​វ៉ា​ដា​។ 
 
​អវត្តមាន​ជំនួប​នៅ​ថៃ គឺជា​លើក​ទី​ពីរ​ដែល​លោក ត្រាំ មិនបាន​ជួប​មេដឹកនាំ​អាស៊ាន​។ នៅ​ថៃ មិន​ត្រឹម​មិន​មក​ខ្លួនឯង​ឡើយ លោក ត្រាំ បញ្ជូន​ត្រឹម​មន្ត្រី​ថ្នាក់​ត្រឹម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មក​ទៅទៀត​។ កាលនោះ មេដឹកនាំ​អាស៊ាន​តែ​បី​ប្រទេស​ប៉ុណ្ណោះ​ដែល​បង្ហាញខ្លួន​នា​ជំនួប​មេដឹកនាំ​អាស៊ាន​-​អាមេរិក ខណៈ​៧​ប្រទេស​ទៀត បញ្ជូន​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ធ្វើជា​តំណាង​។ លោក ត្រាំ ក៏​រង​ការ​រិះគន់ថា មិន​ឲ្យ​តម្លៃ​អាស៊ាន​ទៀតផង​។​
 
​យ៉ាងណាមិញ ការឯកភាព​គ្នា​ខាងលើ ជាការ​សម្រេចចិត្ត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ប៉ុណ្ណោះ​។ បើតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​ស្រង់​ប្រភពពី​អាស៊ាន ការសម្រេចចិត្ត​ចុងក្រោយ គឺ​ស្ថិតក្នុង​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​។ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាស​រួចហើយ​ថា នឹង​ទៅ​អាមេរិក​តាម​ការអញ្ជើញ​របស់លោក ត្រាំ ។​
 
​មេដឹកនាំ​អាស៊ាន​ដទៃទៀត នៅ​មិនទាន់​ការប្រកាស​ផ្លូវការ​នៅឡើយ​ទេ​។ នៅ​ហ្វីលីពីន វិមាន​ប្រធានាធិបតី Malacanang បញ្ជាក់ថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​មិនទាន់​ឆ្លើយថា អូ​ខេ​ឡើយ​ទៅនឹង​សំណើ​របស់លោក ត្រាំ ៕    

Tag:
 អាមេរិក​
  អាស៊ាន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com