សៀមរាប៖ នៅពេលដែល បឹងបួរ ដងស្ទឹង ត្រពាំង និងស្រះភាគច្រើន បានរីងស្ងួតស្ទើរអស់នារដូវប្រាំងនេះ ប៉ុន្តែតំបន់រមណីយដ្ឋានអង្គរ នៅតែមានទឹកពេញបរិបូរ និងបង្អួតសម្រស់ដ៏ល្អបំព្រងទាក់ភ្នែកភ្ញៀវទេសចរ។ ទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការធានាបាននូវនិរន្តរភាពប្រាង្គប្រាសាទផងដែរ។ តើមានកត្ដាអ្វីខ្លះ ទើបធ្វើឱ្យទឹក ក្នុងតំបន់អង្គរបរិបូរខួបប្រាំង ខួបវស្សាបែបនេះ?
សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាដូចតទៅ៖
អ៊ីសា រ៉ហានី៖ អាជ្ញាធរជាតិអប្សរា ដែលទទួលក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបានបង្កើតឡើងរយៈពេល២៥ឆ្នាំហើយ។ ២៥ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មានការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរផងដែរ។ លោក ឡុង កុសល តើអ្វីជាគន្លឹះសំខាន់ ដែលនាំឲ្យការងារគ្រប់គ្រងទឹកនេះជោគជ័យ?
ឡុង កុសល៖ បាទ សំណួរនេះពិតជាមានសារសំខាន់ណាស់ ព្រោះកន្លងមកអ្វីដែលអាជ្ញាធរជាតិអប្សរាបានខិតខំបំពេញភារកិច្ចរបស់ខ្លួន នោះគឺយើងបានផ្តោតអាទិភាពសំខាន់ៗជាច្រើនក្នុងពេលតែមួយ ដូចជាលើកិច្ចការអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះវិស័យទេសចរណ៍បានដើរតួសំខាន់ ក្នុងការបង្កើនមុខរបរដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ជាងនេះទៅទៀត យើងក៏បានបង្កើតហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាច្រើន ដូចជាផ្លូវ ស្ពានយ៉ាងខ្វាត់ខ្វែងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលធ្វើឱ្យការរស់នៅ ការដឹកជញ្ជូនទេសចរ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាការនាំយកទំនិញពីកន្លែងមួយទៅកន្លែងមួយ មានភាពងាយស្រួល។
មួយវិញទៀត ផ្នែកនៃការគ្រប់គ្រងទឹក គឺជាកិច្ចការដែលមានសារសំខាន់មួយ ដែលអាជ្ញាធរជាតិអប្សរាបានលើកជាអាទិភាពដែរ ដោយសារទឹកដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមជីវិត រស់នៅដោយភាពល្អប្រសើរ។ នៅឆ្នាំ២០០៤ ជាចំណុចចាប់ផ្តើមសិក្សា អំពីរចនាសម្ព័ន្ធធារាសាស្ដ្រសម័យអង្គរ តើវាមានទំហំធំធេងប៉ុណ្ណា? ពេលនោះ យើងមានអ្នកជំនាញខាងទឹករបស់យើង ជាពិសេសនាយកដ្ឋានគ្រប់គ្រងទឹក បានកែសម្រួលប្រព័ន្ធធារាសាស្ដ្របុរាណនេះដែលបានបាត់បង់តួនាទី។ យើងបានស្ដារឱ្យមានដំណើរការឡើងវិញ ប្រហែល៥២គីឡូម៉ែត្រ។ យើងបានធ្វើឱ្យបារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅកណ្ដាល ដែលបានបាត់បង់តួនាទីរបស់ខ្លួនអស់រយៈពេលរាប់រយឆ្នាំទៅហើយ មានជីវិតឡើងវិញ ក្លាយជាអាងស្ដុកទឹកដ៏សំខាន់មួយ នៅក្នុងរមណីយដ្ឋានអង្គរ។ មុននឹងយើងស្ដារ នៅ ប្រាសាទនាគព័ន្ធនេះ មានទឹកតែក្នុងរដូវវស្សាទេ។ អាងទាំង៤នៃប្រាសាទនេះ បានក្លាយជាអាងរងទឹកភ្លៀង...។ នេះហើយយើងចង់បញ្ជាក់ថា ការសិក្សាប្រព័ន្ធធារាសាស្ដ្របុរាណ ធ្វើឱ្យការគ្រប់គ្រងទឹករបស់យើងក្នុងពេលបច្ចុប្បន្ន មានភាពល្អប្រសើរ។ លើសពីនេះទៀត គឺកសិន្ធុទឹកសំខាន់ៗដូចជា កសិន្ធុទឹកប្រាសាទព្រះខន្ត កសិន្ធុទឹកប្រាសាទអង្គរវត្ត កសិន្ធុទឹកក្រុងអង្គរធំ ដែលពីមុនក៏មានបញ្ហាដូចនៅប្រាសាទនាគព័ន្ធដែរ...ក្រោយជួសជុលប្រព័ន្ធធារាសាស្ដ្ររួចមក គឺយើងបានរក្សាទឹកទាំងនេះក្នុងកម្រិតមួយដ៏ខ្ពស់ ហើយយើងអាចប្រើប្រាស់ទឹកនេះ ក្នុងកិច្ចការអភិរក្សបានយ៉ាងល្អប្រសើរ ដោយគ្មានការព្រួយបារម្ភទៀតទេ។ ខ្ញុំចង់បញ្ជាក់ថា បន្ទាប់ពីស្ដារប្រព័ន្ធធារាសាស្ដ្របុរាណឱ្យមានជីវិតឡើងវិញ ក្នុងមួយឆ្នាំៗ យើងអាចរក្សាទឹកបាន១០០លានម៉ែត្រគីប។
អ៊ីសា រ៉ហានី៖ លោក ឡុង កុសល ឃើញថាស្ថាប័នជាច្រើនបានប្រកាសប្រាប់ពលរដ្ឋឱ្យមានការកាត់បន្ថយ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃខ្ពស់នារដូវប្រាំងឆ្នាំនេះ ហើយតាមស្ទឹង ត្រពាំង បឹងអីរីងទឹកស្ទើរអស់ហើយ ដោយឡែកតែរមណីយដ្ឋានអង្គរឃើញទឹកនៅពេញ តើយើងមានបំណងបើកចែករំលែកដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញដែរទេ?
លោក ឡុង កុសល៖ បាទពិតហើយ បើទោះបីយើងមានបញ្ហាប្រឈមដោយសារអាកាសធាតុ ក៏ប៉ុន្តែក្នុងរដូវវស្សាកន្លងមកនេះ ដោយសារការសិក្សាស្វែងយល់របស់យើងមានភាពច្បាស់លាស់ ហើយការគ្រប់គ្រងទឹករបស់យើងមានការច្បាស់លាស់ អាជ្ញាធរជាតិអប្សរាមិនត្រឹមតែស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ ក៏ប៉ុន្តែយើងបានបង្កើតនូវទ្វារទឹក។ ទ្វារទឹកគឺជាចំណុចសំខាន់ ក្នុងការឱ្យយើងគ្រប់គ្រងទឹកឱ្យបានល្អប្រសើរ។ បានន័យថា យើងអាចបង្វែរផ្លូវទឹកទៅតាមចំណុចដែលយើងត្រូវការ ដែលយើងចង់បាន។ ព្រោះកន្លងមកទឹកដែលបានហូរពីប្រភពភ្នំគូលែន គឺហូរចាក់ទៅចោលដោយពុំបានរក្សាទុកទេ ប៉ុន្តែក្រោយសិក្សាមកយើងបានរក្សាទឹកនោះបានយ៉ាងល្អប្រសើរ។ ដូច្នេះហើយ បើទោះបីប្រឈមនឹងភាពរាំងស្ងួត កូនរដូវប្រាំងរៀងយូរបន្ដិចមែន តែទឹកយើងរក្សាបានក្នុងកម្រិតអតិបរិមា។ ចឹងតើការប្រើប្រាស់ទឹកមានជាប្រយោជន៍ដូចម្ដេចខ្លះនាពេលកន្លងមក។ គឺអាជ្ញាធរជាតិអប្សរា ក្រៅពីតម្កល់ទឹកសម្រាប់កិច្ចការថែរក្សាអភិរក្សប្រាង្គប្រាសាទរបស់យើង ជាពិសេសសំដៅធ្វើយ៉ាងរក្សាទឹកអតិបរិមាក្រោមដី យើងក៏បានចែកចាយទឹកនោះ សម្រាប់ផ្គត់ផ្គង់ក្នុងរបរកសិកម្មរបស់ប្រជាពលរដ្ឋ។ យើងឃើញថាសម្រាប់បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា យើងបានចែកចាយ ដល់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ ដែលនៅផ្នែកខាងក្រោមៗ រហូតដល់ផ្ទៃដី៧,៥០០ហិកតា។ នេះបើនិយាយពីទំហំដី មិនមែនជារឿងតូចតាចទេ ហើយទំហំ៧,៥០០ហិកតាតើត្រូវការទឹកប៉ុន្មាន? ចំណុចទី២ យើងក៏បានផ្គត់ផ្គង់ទឹកហ្នឹង សម្រាប់ជាទឹកស្អាត សម្រាប់រដ្ឋាករទឹកស្វ័យតខេត្តសៀមរាប យកមកផ្គត់ផ្គង់ក្នុងក្រុងសៀមរាបផងដែរ។
អ៊ីសា រ៉ហានី៖ ក្រោយពីជោគជ័យនៃការស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ តើអាជ្ញាធរជាតិអប្សរាមានគ្រោងស្ដារនៅតំបន់ផ្សេងទៀតដែរឬទេ?
លោក ឡុង កុសល៖ ពិតណាស់ ផែនការអនាគតរបស់អាជ្ញាធរជាតិអប្សារ គឺយើងនឹងសិក្សាពង្រីកវិសាលភាព នៃប្រព័ន្ធធារាសាស្ដ្រសម័យអង្គរកាន់តែខ្លាំងក្លាបន្ថែមទៀត។ ដូចជាយើងបានដឹងច្បាស់ហើយ ដូចជានៅបាគង និងតំបន់រលួសនេះ ក៏មានបារាយណ៍ដែរ គឺបារាយណ៍ខាងកើត ឬបារាយណ៍ឥន្ទ្រតដាក។ បារាយណ៍នេះ ពីមុនក៏មានលក្ខណៈដូចជាបារាយណ៍ខាងជើងដែរ អ៊ីចឹងបារាយណ៍ខាងជើងបានដើរតួជាឧទាហរណ៍ហើយ ដូច្នេះបារាយណ៍ឥន្ទ្ររតដាកនេះក៏អាចជាចំណុចមួយទៀត ក្នុងការពង្រីកប្រព័ន្ធធារាសាស្ដ្របុរាណដែរ។ ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏មានផែនការពង្រីកវិសាលភាព ស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យបានកាន់តែទំលូទូលាយថែមទៀត ក្នុងនោះក៏មានកិច្ចការមួយចំនួន ដែលជាកិច្ចការងារដែលយើងកំពុងពិភាក្សា ជាមួយរដ្ឋបាលខេត្តសៀមរាប ពិសេសការស្ដារ និងពង្រីកដងស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ដ្រដ៏មានសារសំខាន់មួយក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពល្អប្រសើរ។
ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាមានទស្សនវិស័យក្នុងការស្ដារឡើងវិញ នូវត្រពាំង និងស្រះបុរាណ ដែលឃើញនៅខេត្តសៀមរាបច្រើនណាស់។ ការស្ដារឡើងវិញនេះ មានប្រយោជន៍២ ទី១គឺយើងអភិរក្សបានប្រព័ន្ធសង្គមរស់នៅ របស់មនុស្សបុរាណឱ្យបានច្បាស់លាស់ ទី២ ស្រះ ឬត្រពាំងបុរាណនោះ នឹងក្លាយជាប្រភពទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួន។ អ៊ីចឹងនេះជាចំណុចដែលសំខាន់ យើងបានរក្សានូវអ្វីដែលជាមរតកដូនតាផង យើងបានឱ្យអ្វីដែលបានកើតឡើងពីមុននោះ មកចិញ្ចឹមជីវិត ឬផ្គត់ផ្គង់តម្រូវការរបស់មនុស្សសម័យថ្មី បានដូចគ្នាដែរ៕