អន្តរជាតិ
Oxfam៖ មនុស្ស២ពាន់នាក់ក្តាប់ទ្រព្យច្រើនជាងអ្នកក្រ៤,៦ពាន់លាននាក់បញ្ចូលគ្នា ទិដ្ឋភាពថតពីលើអាកាសក្នុងទីក្រុង Mumbai ប្រទេស ឥណ្ឌា (Mediarumimages.com)
× វិសមភាពសាកល គឺឆ្ងាយដាច់កន្ទុយភ្នែក។ បញ្ហានេះ កើតឡើងព្រោះតែប្រព័ន្ធសេដ្ឋកិច្ចមានភាពលំអៀង ដែលមិនរាប់បញ្ចូលស្ត្រីមួយផ្នែកធំ ខណៈអនុញ្ញាតឲ្យពួកមហាសេដ្ឋីទាញយកទ្រព្យធនច្រើនសម្បើមតាមវិធីដែលជួយសង្គមបានតិចតួចបំផុត។ អង្គការ Oxfam បញ្ជាក់បែបនេះក្នុងរបាយការណ៍ខ្លួននៅថ្ងៃ ២០ មករា ឆ្នាំ២០២០។
ក្នុងរបាយការណ៍ប្រចាំស្តីពីវិសមភាព ដែលត្រូវបានបញ្ចេញ នៅមុនពេលវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស អង្គការ Oxfam បានរកឃើញថា មហាសេដ្ឋី ២ ១៥៣នាក់ របស់ពិភពលោក មានទ្រព្យសម្បត្តិច្រើនជាងមនុស្ស ៤,៦ពាន់លាននាក់។ ហើយកំពូលអ្នកមាន ត្រឹម១ភាគរយប៉ុណ្ណោះ មានទ្រព្យធនជាង២ដងលើសមនុស្ស ៦,៩ពាន់លាននាក់ ។
របាយការណ៍ដែលមានចំណងជើងថា «ដល់ពេលត្រូវយកចិត្តទុកដាក់ (Time to Care)» បានរកឃើញទៀតថា បុរសជាមហាសេដ្ឋី ២២ នាក់ មានទ្រព្យសម្បត្តិច្រើនជាងស្ត្រីទាំងអស់ក្នុងទ្វីបអាហ្វ្រិក។ បើតាមអង្គការសហប្រជាជាតិ ស្ត្រីនៅអាហ្វ្រិក មានចំនួន ៣២៦លាននាក់ ដែលមានអាយុ ២០ ឆ្នាំ ឡើងទៅ។ ទន្ទឹមនេះ Oxfam ប៉ាន់ស្មានថា តម្លៃនៃការងារថែទាំដែលស្ត្រីចាប់ពីអាយុ១៥ឆ្នាំឡើង ធ្វើហើយមិនទទួលបានប្រាក់ គឺស្មើនឹង ១០,៨ ទ្រីលានដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍កម្រាស់ ៦៣ទំព័រនេះ លើកឡើងថា មេដឹកនាំពិភពលោកនានា មិនទាន់ដាក់ចេញដំណោះស្រាយគ្រប់គ្រាន់ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។ សម្រាប់ឆ្នាំ ២០១៩ ពួកគេ ផ្តោតសំខាន់លើគោលនយោបាយណាដែលអនុញ្ញាតឲ្យបុរសក្តោបក្ដាប់តំណែងកំពូលទាំងក្នុងជួររដ្ឋាភិបាលនិងអាជីវកម្ម។
ក្រៅពីលើកឡើងពីបញ្ហា Oxfam នេះ ក៏ស្នើឲ្យរដ្ឋាភិបាលប្រទេសនានាអនុវត្តគោលនយោបាយ ដែលជួយបន្ធូរបន្ថយបន្ទុកលើស្ត្រី ដែលផ្តល់ការថែទាំលើកុមារ និងមនុស្សចាស់ជរា ដោយមិនយកកំរៃ ឬបានតិចតួចបំផុត។ ត្រង់ចំណុចនេះ Oxfam ចង់ឲ្យមានការដំឡើងពន្ធខ្ពស់លើអ្នកមានទ្រព្យ ហើយយកលុយពន្ធទាំងនោះទៅប្រើប្រាស់លើការថែទាំងសុខភាព អប់រំ និងកុមារ។ រដ្ឋាភិបាល ក៏គួរព្យាយាមកំណត់ឥទ្ធិពលរបស់ក្រុមហ៊ុននិងពួកអ្នកមានលុយផងដែរ៕
Tag:
Oxfam
គម្លាតអ្នកមានអ្នកក្រ
© រក្សាសិទ្ធិដោយ thmeythmey.com