«​ប៉េងប៉ោះ​»​របស់លោក ស៊ឿ​ន សាំង​ទី ទុំ​រលួយ​ចោល​ពេញ​ចម្ការ ព្រោះគ្មាន​អ្នកទិញ​
ជាតិ
សេដ្ឋកិច្ច
«​ប៉េងប៉ោះ​»​របស់លោក ស៊ឿ​ន សាំង​ទី ទុំ​រលួយ​ចោល​ពេញ​ចម្ការ ព្រោះគ្មាន​អ្នកទិញ​
21, Jan 2020 , 9:00 am        
រូបភាព
ប៉េងប៉ោះទុំចោលជាច្រើន នៅក្នុងចម្ការរបស់ លោក ស៊ឿន សាំងទី
ប៉េងប៉ោះទុំចោលជាច្រើន នៅក្នុងចម្ការរបស់ លោក ស៊ឿន សាំងទី
​ភ្នំពេញ​៖ រយៈពេល​ជិត​មួយខែ​មកនេះ បន្លែ​ស្ទើរ​គ្រប់មុខ​ដែល​កសិករ​ក្នុងស្រុក​ដាំ គឺមាន​តម្លៃថោក​ហើយ ថែមទាំង​គ្មាន​ទីផ្សារ​។ ជាក់ស្តែង លោក ស៊ឿ​ន សាំង​ទី ព្រម​លក់​ប៉េងប៉ោះ​របស់ខ្លួន តម្លៃ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​តម្លៃ​នេះ​នៅតែ​គ្មាន​អ្នកបញ្ជា​ទិញ​ទៀត រហូតដល់​ប៉េងប៉ោះ​ទាំងនោះ ត្រូវបាន​ទុំ​រលួយ​ចោល​ពេញ​ចម្ការ​អស់​ប្រមាណ​២​តោន​។

 
​ចម្ការ​ប៉េងប៉ោះ​ដែលមាន​ទទឹង​ជាង​៣០​ម៉ែត្រ និង​បណ្តា​យ​៨០​ម៉ែត្រ របស់លោក សឿន សាំង​ទី ស្ថិតនៅក្នុង​ឃុំ​ស្រង់ ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ប៉េងប៉ោះ​ឱ្យ​ទីផ្សារ​បាន​ពី​៣០០​ទៅ​៤០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ជាមួយ​តម្លៃ​ចន្លោះ​ពី​៣០០-៥០០​រៀល​។ ដ្បិត​តម្លៃ​ប៉េងប៉ោះ​នេះ ថោក​ជាង​សព្វដង​ដែលមាន​តម្លៃ​ពី​៧០០​ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ក្តី ប៉ុន្តែ​នៅតែ​គ្មាន​ឈ្មួញ​ចុះមក​ទិញ​។ កសិករ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​និយាយថា​៖« ប៉េងប៉ោះ​ដល់​ដំណាក់កាល​នេះ ខ្ញុំ​លែង​គិតពី​ការ​ខាត​ឬ​ចំណេញ​ឡើយ ឱ្យតែ​មាន​គេ​ទិញ​ឱ្យ​អស់ពី​ចម្ការ​ទៅ​គឺ​ខ្ញុំ​ធូរចិត្ត​ហើយ​...​បើ​ប៉េងប៉ោះ​វា​ដល់ពេល​ប្រមូល​ផល​ទៅហើយ​។ វា​ទុំ​ចោល​ពេញ​ចម្ការ​ចឹ​ង ស្តាយ​ជាង​ការ​ខាត​ទៅទៀត​»​។ 
 
​បើតាម​លោក សាំង​ទី ចាប់ពី​តម្លៃ​ប៉េងប៉ោះ​ចុះថោក​ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​មកនេះ ក្រៅពី​ឈ្មួញ​ម្នាក់​ដែលជា​ម៉ូយ​ប្រចាំ​នោះ គឺ​គ្មាន​ឈ្មួញ​ណា​ផ្សេង​មក​ទិញ​ឡើយ​។ លោក​បាន​បញ្ជាក់ថា  ម៉ូយ​នោះបាន​បញ្ជា​ទិញ​ប៉េងប៉ោះ​ពីរ​ថ្ងៃ​ម្តង ក្នុង​បរិមាណ​ពី​៣០០​ទៅ​៤០០​គីឡូក្រាម​ប៉ុណ្ណោះ ខណៈដែល​ប៉េង​បោះ មួយ​ចម្ការ​ទៀត​របស់លោក ដល់ពេល​វេលា​ប្រមូល​ផងដែរ​។ 
 
​កសិករ​រូបនេះ​បាន​បន្ត​អះអាង​ប្រាប់​សារព័ត៌មាន​ThmeyThemy25 តាម​ទូរ​សព្ទ នា​ព្រឹក​ថ្ងៃទី​២០​មករា ២០២០ ដូច្នេះ​៖ « ប៉េងប៉ោះ​របស់ខ្ញុំ​ដ្បិត​វា​មិនសូវមាន​រូបរាង​ស្អាត​រលង​ដូច​ប៉េងប៉ោះ​កសិករ​ឯទៀត ឬ​ប៉េង​បោះ​នាំចូល​ពី​វៀតណាម​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​ដាំ​ដុះ​លក្ខណៈ​ធម្មជាតិ ដោយ​ធានា​សុវត្ថិភាព​ដល់​អ្នក​ហូប​។ ខ្ញុំ​មិនសូវ​ចំណាយ​ច្រើន​លើ​ការទិញ​ជី​ឬ​ថ្នាំពុល​គីមីកសិកម្ម​នោះទេ​។ ដូច្នេះ​ខ្ញុំ​ក៏​មិន​ច្រើន​ណាស់ដែរ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ខាត​ខ្លាំង​នោះ គឺ​ពេលវេលា​មើលថែទាំ​វា ដែលមាន​រយៈពេល​រហ​តដល់​៣​ខែ ទើប​អាច​ប្រមូលបាន ដល់ពេល​ប្រមូល​ហើយ បែរជា​គ្មាន​អ្នកទិញ​ទៅវិញ​»​។ 
 
​ប៉េងប៉ោះ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន គឺ​គ្មាន​អ្នក​ហូប​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ណុប ជា​ឈ្មួញកណ្តាល​ដែល​ទទួល​ទិញ​ប៉េងប៉ោះ​របស់លោក ស៊ឿ​ន សាំង​ទី យកមក​លក់​នៅ​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បន្ថែមថា កុំថាឡើយ​ប៉េងប៉ោះ សូម្បី​បន្លែ​ស្លឹក​មួយចំនួន​ក៏​ថោក​ដែរ​។  
 
​បើតាម​លោក ស៊ុន ណុប មូលហេតុ​ដែល​តម្លៃ​ប៉េងប៉ោះ​ចុះថោក​នេះ គឺ​ដោយសារ​ផលិតផល​ប៉េងប៉ោះ សម្បូរ​នៅ​គ្រប់​ទីផ្សារ​តែម្តង ។  
 
​អាជីវក​រវ័យ​៣២​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា​៖«​ខ្ញុំ​ទិញ​ប៉េងប៉ោះ​ពី​កសិករ​មួយ​គីឡូក្រាម​៣០០​រៀល  ខ្ញុំ​បោះ​ដុំ​លក់​វិញ​បន្ត​វិញ ក្នុង​មួយថង់​ដែលមាន​ទម្ងន់​១០​គីឡូក្រាម ខ្ញុំ​លក់​បានតែ​៤០០០​ទៅ​៥០០០​រៀល​ទេ​។ ពេលខ្លះ​ខ្ញុំ​សុខចិត្ត​ខាត​ឱ្យតែ​គេ​ទិញ​ប៉េងប៉ោះ​យើង​អស់ ដោយ​មួយថង់​ទម្ងន់​១០​គីឡូក្រាម​ហ្នឹង គេ​ឱ្យ​យើង​តម្លៃ ២០០០​ទៅ​៣០០០​រៀល ក៏​ព្រម​លក់​ដែរ​»​។ លោក​បាន​បន្ត​និយាយ​ដូច្នេះ​៖«​ដល់​តែ​សម្បូរ​ពេក និង​ថោក​ពេក​ទៅ គ្មាន​អ្នក​ហូប​។ ជាក់ស្តែង​ដូច​ព្រឹក​នេះ​ចឹ​ង ខ្ញុំ​យក​ប៉េងប៉ោះ​៣០០​គីឡូក្រាម លក់​នៅ​ផ្សារ​នៅ​ដើម​គរ​...​អស់​ប្រហែល​២០០​គីឡូ​ដឹក​ត្រលក់​មក​ផ្ទះ​វិញ​។  ផ្ទុយ​ពីមុន ដែល​ខ្ញុំ​លក់​អស់ពី​៤០០​ទៅ​៥០០​គីឡូក្រាម  ក្នុង​មួយថ្ងៃ​»​។ 
 
​បញ្ហា​តម្លៃ​ប៉េងប៉ោះ ក៏ដូចជា​បន្លែ​ផ្សេងៗ​ដែល​ដាំ​ដុះ​នៅ​ដី​ខ្មែរ បើ​កុំ​មានការ​នាំចូល​បន្លែ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ប្រទេស​វៀតណាម​នោះ ទោះបីជា​បន្លែ​ខ្មែរ ស្ថិតនៅក្នុង​រដូវ​សម្បូរ​យ៉ាងណាក៏ដោយ ក៏​មិនអាច​ថោក និង​គ្មាន​អ្នក​ហូប​បែបនេះ​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់​អា​ជីវ​ករ ដែលមាន​បទពិសោធន៍​ដើរ​ទិញ​បន្លែ​ពី​កសិករ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​រូបនេះ​។​
 
​សូមជម្រាបថា កម្ពុជា​បាន​ចំណាយលុយ​មិន​ក្រោម​២០០​លាន​ដុល្លារ​ឡើយ​ក្នុង​មួយឆ្នាំៗ ដើម្បី​នាំចូល​បន្លែ និង ផ្លែឈើ​ពី​ប្រទេសជិតខាង ដោយនៅ​ក្នុងនោះ កម្ពុជា​បាន​នាំ​បន្លែ​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ ។ ក្រៅពី​ការនាំ​ចូល​ពី​វៀតណាម​ដ៏​ច្រើន​ប្រចាំ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុងស្រុក ក៏បាន​ព្រួយបារម្ភ​ពី​សំណល់​ថ្នាំពុល​កសិកម្ម​គីមី នៅក្នុង​បន្លែ​ទាំងនោះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ផងដែរ​៕ 

Tag:
 កសិកម្ម​
  ប៉េងប៉ោះ​
© រក្សាសិទ្ធិដោយ thmeythmey.com