ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា អះអាង​ម្ដង​ទៀតថា ខ្លួន​មិនដែល​គាំទ្រ​ជនបរទេស និង​ខ្មែរ ដែល​ប្រឆាំង​កម្ពុជា​ឡើយ​
21, Jan 2020 , 10:16 am        
រូបភាព
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មន្ត្រីជំនិតលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មន្ត្រីជំនិតលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ «​ចោទ​ខ្ញុំ​ច្រឡំ​!»​។ នេះ​ជា​សំណេរ​របស់លោក មុត ចន្ថា ដែល​បាន​ស្រង់​សម្តី​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យកមក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​។ មន្ត្រី​ជំនិត​លោក កឹម សុខា រូបនេះ បាន​បញ្ជាក់ថា មេដឹកនាំ​ខ្លួន បាន​បដិសេធ​រាល់​ការចោទប្រកាន់​របស់​តុលាការ​កន្លងមក​។​


 
​មុន​មួយថ្ងៃ នៃ​ការបើក​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃទី​២២ មករា​នោះ លោក កឹម សុខា បានបញ្ជាក់​ជំហរ​ជាថ្មី តាមរយៈ​លោក មុត ចន្ថា ថា លោក​មិនដែល​គាំទ្រ​ជនបរទេស និង​ខ្មែរ ដែល​ប្រឆាំង​កម្ពុជា​ឡើយ​។​
 
​លោក មុត ចន្ថា បាន​ស្រង់​សម្តី​លោក កឹម សុខា ដូច្នេះ​ថា​៖ «​ទាំង​ពេលកន្លងមក ពេលបច្ចុប្បន្ន និង​ទៅ​អនាគត កឹម សុខា មិន​ត្រូវរ៉ូវ (​ឃុបឃិត​) និង​មិន​គាំទ្រ​អ្នកណា​ក៏ដោយ កុំថាឡើយ​បរទេស សូម្បីតែ​ខ្មែរ​គ្នាឯង​ក៏ដោយ ដែលមាន​ចេតនា ឬ​ធ្វើអំពើ​នាំ​ឲ្យ​ប្រទូសរ៉ាយ​ខូចខាត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​នាំ​ឲ្យ​មានការ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា ជាដាច់ខាត​»​។​
 
​កាលពី​ថ្ងៃទី​១៥ មករា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ​«​គប់គិត​ជាមួយ​បរទេស​» តាំងពី​អំឡុង​ឆ្នាំ​២០១៣ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តាម​ពាក្យបណ្ដឹង​របស់​មេធាវី​រដ្ឋាភិបាល​។ សវន​ការ​នេះ គ្រោង​ដំណើរការ​នីតិវិធី​រយៈពេល​៣​ខែ ទើប​អាច​បញ្ចប់ ក្រោម​ហេតុផល​វា​ជា​រឿងក្តី​ធំ​។​
 
​តែ​យ៉ាងណា​លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​នីតិវិធី​បើក​សវ​នារ​បស់​តុលាការ​នេះ បាន​ច្រានចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​មកលើ​ខ្លួន និង​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនោះ​។ ក្នុង​គ្រា​ដែល​តុលា​ការផ្ដើម​សវនាការ កាលពី​ថ្ងៃទី​១៥ មករា​នោះ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖« «​ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​»​។​
 
​លោក កឹម សុខា បាន​អះអាង​ទៀតថា សកម្មភាព​របស់លោក​កន្លងមក គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ។ ចំណែក​សកម្មភាព​នយោបាយ​របស់លោក​វិញ គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

Tag:
 កឹម សុខា​
  មុត ចន្ថា​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com