អន្តរជាតិ
រដ្ឋាភិបាល​ថៃ គ្រោង​កាត់បន្ថយ​ពន្ធ​ខ្លះ​ដើម្បី​ជា​អំណោយ​ឲ្យ​ក្រុមហ៊ុន​ក្នុងការ​បង្កើន​ការវិនិយោគ​ក្នុងស្រុក​
21, Jan 2020 , 11:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​បាងកក គ្រោង​នឹង​បញ្ចេញ​អំណោយ​មួយកញ្ចប់​ថ្មី​សម្រាប់​សហគ្រាស ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ក្រុមហ៊ុន ឬ​សហគ្រាស ក្នុង​ការបង្កើន​ការវិនិយោគ និង​ជាពិសេស​នោះ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ទាំងនោះ បង្កើត​ថ្មី​កាន់តែច្រើន ស្របតាម​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ ក្រុង​បាងកក រំពឹងថា ឆ្នាំ​២០២០ នឹង​ក្លាយជា​ឆ្នាំ​ពិសេស​សម្រាប់​អ្នករកស៊ី និង​វិនិយោគ​។​

 
​បើ​មិនមាន​ការប្រើ​ប្រួល​នោះទេ នាពេលខាងមុខ​ដ៏​ខ្លី​នេះ រដ្ឋាភិបាល​ថៃ តាមរយៈ​ក្រសួង​ហិរញ្ញវត្ថុ​របស់ខ្លួន នឹង​ចេញប្រកាស​មួយ ស្តីពី​ការបន្ថយ​ពន្ធ​លើ​ការវិនិយោគ​របស់​សហ​គ្រាស ឬ​ក្រុមហ៊ុន​។ ប្រកាស​នេះ គ្រោង​នឹងត្រូវ​អនុវត្ត​ពេញ​មួយឆ្នាំ ២០២០ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៩ ខែមករា​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក Uttama Savanayana បាន​កត់សម្គាល់ថា រដ្ឋាភិបាល មិនទាន់​សម្រេច​ចុងក្រោយ​លើ​អត្រា​នៃ​ការកាត់បន្ថយ​ពន្ធ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ សេនាធិការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ថៃ​រូបនេះ អាច​ហ៊ាន​អះអាងថា ផែនការ​លើកទឹកចិត្ត​នេះ ច្រើនជាង​ផែនការ​មុនៗ​ដែល​រដ្ឋាភិបាល​ធ្លាប់បាន​ផ្តល់​ឲ្យ​។​
 
​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា នៅពេលដែល​ផែនការ​លើកទឹកចិត្ត​នេះ ចូល​ជា​ធរមាន នោះ​វា នឹង​ត្រូវមាន​សុពលភាព​ពេញ​មួយឆ្នាំ ហើយ​ឆ្នាំ​២០២០ ក៏​នឹងត្រូវ​ក្លាយជា​ឆ្នាំ​ការលើកកម្ពស់​ការវិនិយោគ​ផងដែរ​។ សម្រាប់​រដ្ឋាភិបាល​ថៃ នេះ គឺជា​បំណង​មួយ ដែល​ថៃ​ចង់​លើកទឹកចិត្ត​ដល់​សហគ្រិន ក្នុងការ​បង្កើន​ផលិតកម្ម​ការងារ​ថ្មី និង​បង្កើត​បន្ថែម​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ពី​បរទេស នៅក្នុង​រោងចក្រ និង​ក្រុមហ៊ុន​របស់​ពួកគេ​។ 
 
​ឆ្លៀតឱកាស​នេះ​ផងដែរ លោក Uttama Uttama ក៏បាន​ទទូច​ឲ្យ​ទាំង​ធនាគារ​រដ្ឋ និង​ឯកជន​របស់​ថៃ ជួយ​បង្កើន​ការវិនិយោគ​នៅក្នុង​ប្រទេស តាមរយៈ​ការផ្តល់​កម្ចី​បន្ថែម​សម្រាប់​អ្នកវិនិយោគ និង​ប្រតិបត្តិ​ករ​ធុរកិច្ច​ផងដែរ​៕ 

Tag:
 ថៃ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com