កីឡាអន្តរជាតិ
អន្តរជាតិ
Real ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Jesus តម្លៃ​៣៤​លាន​ដុល្លារ ខណៈ​ក្លិប​ផ្សេង​ស្ងាត់​លើ​ការ​ទិញដូរ​
21, Jan 2020 , 2:39 pm        
រូបភាព
Real Madrid ទិញ​បាន​ខ្សែបម្រើ​វ័យ​១៨​ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ី​ល Reinier Jesus ពី​ក្រុម Flamengo ក្នុងតម្លៃ ២៦ លាន​ផោន (៣៤ លាន​ដុល្លារ​អាមេរិក​)​។​


 
Reinier ដែល​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៦ ឆ្នាំ​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ទើបបាន​បង្ហាញខ្លួន​ជា​កីឡាករ​ឈុត​ធំ​របស់​ក្រុម Flamengo កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នា​២០១៩ ពោលគឺ​លេង​បាន​១៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​។​
 
​ខ្សែបម្រើ​សញ្ញជាតិ​ប្រេ​ស៊ី​ល​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ Flamengo ឈ្នះ​ពាន​លី​គ​កីឡាបាល់ទាត់​កំពូល​ប្រេ​ស៊ី​ល និង Copa Libertadores នៅ​រដូវ​កាល​មុន​ផងដែរ​។ ក្រៅពីនេះ Reinier ក៏បាន​ជួយ​ក្រុម​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ​២០១៩ នៅ​កាតា បើ​ទោះ​មិនបាន​បង្ហាញខ្លួន​ក្នុងជំនួប​ដែល Flamengo ចាញ់ Liverpool ១-០ ក្តី​។​
 
​នៅក្នុង​សំណេរ​របស់​ក្លិប Flamengo សរសេរថា​៖«​យើង​សូម​ជូនពរ Reinier ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណាក់កាល​ថ្មី​នៃ​ជីវិត​របស់គេ​ជាមួយ​ក្លិប​ដ៏​ធំ​នេះ​»​។ នេះ​ជា​ការទិញចូល​កីឡាករ​ដំបូង​របស់ Real អំឡុង​ទីផ្សារ​ដោះដូរ​ខែមករា​នេះ ខណៈ​ក្លិប​ធំៗ​ដទៃទៀត​នៅមាន​សភាព​ស្ងាត់​នៅឡើយ​។​
 
​គិត​មកដល់​ថ្ងៃទី​២១ ខែមករា​នេះ គឺមាន​រយៈពេល​២១​ថ្ងៃ​ហើយ​នៃ​ការបើក​ទីផ្សារ​ដោះដូរ​កីឡា​រករ​លើក​ទី​២​តំបន់​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៩-២០​។ យ៉ាងណាមិញ មិនទាន់​ឃើញ​មាន​ក្លិប​ធំៗ​ណា​ទិញ​ចូល​កីឡាករ​ល្បីៗ និង​មានតម្លៃ​ខ្លួន​ថ្លៃៗ​គួរ​ឲ្យ​កត់សម្គាល់​ដូច​រដូវ​កាល​មុនៗ​ទេ​៕

Tag:
 Real Madrid
  Reinier Jesus
  ទិញដូរ​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com