ជាតិ
អាជ្ញាធរស្វាយរៀងបន្តស្វែងរកមូលហេតុលើករណីសិស្សស្រី១០នាក់សន្លប់ រូបពីរដ្ឋបាលខេត្តស្វាយរៀង
× ភ្នំពេញ៖ វិទ្យាល័យហ៊ុនសែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវឈប់សម្រាកពេញមួយថ្ងៃ ដោយអាជ្ញាធរ និងមន្ត្រីសុខាភិបាលមូលដ្ឋាន នាំគ្នាស្វែងរកមូលហេតុឲ្យបានច្បាស់ជុំវិញការដួលសន្លប់សិស្សស្រី១០នាក់ជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ ទី២០ ខែមករា។
អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី២១ ខែមករា នេះ ថា ព័ត៌មានបឋមដែលទទួលបានពីគ្រូពេទ្យបញ្ជាក់ថា សិស្ស១០នាក់ ដែលសន្លប់ គឺមានបញ្ហាសុខភាពខ្សោយ ដោយសិស្សខ្លះតមអាហារ និងបញ្ហាអាកាសធាតុក្ដៅខ្លាំង។ សិស្ស១០នាក់ដែលសន្លប់ គឺស្រីទាំងអស់ក្នុងនោះ មានសិស្សអនុវិទ្យាល័យខ្ជាយ៦នាក់ និងសិស្សវិទ្យាល័យហ៊ុនសែនប្រសូតិ៤នាក់។
សុខភាពខ្សោយ ការតមអាហារ គ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ហេតុដូច្នេះហើយ ទើបមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរ បានស្នើឲ្យសាលាទាំងពីរបិទទ្វារមួយថ្ងៃ ដើម្បីរៀបចំបរិយាកាស ស្រោចទឹក និងពិនិត្យតាមដានរកមូលហេតុឲ្យបានច្បាស់ជាងនេះ។
បើតាមការបញ្ជាក់របស់លោកអភិបាលរងខេត្ត បច្ចុប្បន្នសិស្ស៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯសិស្សម្នាក់ទៀតដែលខ្វះអាហារូបត្ថម្ភ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com