អន្តរជាតិ
ILO ៖ មនុស្សជិត ៥០០លាននាក់ មិនមានការងារធ្វើត្រឹមត្រូវ បុរសចំណាស់ម្នាក់ កំពុងជួសជុលនាឡិកាតាមដងផ្លូវនៅក្នុងប្រទេសប៉ាគីស្ថាន។ រូបភាព៖ AFP
× អង្គការពលកម្មអន្តរជាតិ (ILO) នៅថ្ងៃទី២០ ខែមករា លើកឡើងថា ប្រជាជនប្រមាណ៤៧០លាននាក់ កំពុងរស់នៅដោយគ្មានការងារធ្វើ និងធ្វើការងារមិនពេញម៉ោង។ ការណ៍នេះ ត្រូវបានអង្គការពិភពលោក ព្រមានថា បញ្ហាអត់ការងារធ្វើ និងការងារមិនពេញម៉ោង គឺជាផ្នែកមួយ ដែលបង្កឲ្យមានវិបត្តិនៅក្នុងសង្គម។ ក្នុងរបាយការណ៍របស់ខ្លួន អង្គការនេះ ក៏បាននិយាយពីបញ្ហា ការងារខ្វះស្តង់ដារ ការរកប្រាក់ចំណូលបានតិច និងការងារមិនស្មើភាពគ្នាផងដែរ។
តាមរយៈរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិនៃអង្គការសហប្រជាជាតិ ប្រជាជនអត់ការងារធ្វើនៅលើពិភពលោក នៅក្នុងឆ្នាំ២០១៩ គឺមានចំនួន ១៨៨លាននាក់ ហើយចំនួនអ្នកអត់ការងារធ្វើនេះ ត្រូវគេរំពឹងថា នឹងឡើងដល់១៩០,៥លាននាក់នៅក្នុងឆ្នាំ ២០២០នេះ។ ក្នុងរយៈពេលដដែលនេះ អ្នកដែលមិនអាចធ្វើការពេញម៉ោង នឹងមានចំនួន២៨៥លាននាក់។
ទិន្នន័យខាងលើបង្ហាញថា ប្រជាជនមិនមានការងារត្រឹមត្រូវ បានកើនឡើងចំនួន ៥,៤ភាគរយ ប៉ុន្តែតួលេខមួយនេះ ត្រូវបានគេសន្មត់ថា មិនមានការប្រែប្រួលច្រើនទេ ខណៈពេលការងារជាច្រើន នៅតាមបណ្តាប្រទេសមួយចំនួនត្រូវបានគេកាត់បន្ថយ ដោយសារកំណើនសេដ្ឋកិច្ចដើរយឺត។ បើតាមអង្គការពលកម្មអន្តរជាតិ មនុស្សចំនួនជាង ៤៧០លាននាក់ ដែលគ្មានការងារធ្វើត្រឹមត្រូវនេះ គឺតំណាងឲ្យ១៣ភាគរយ នៃកម្លាំងពលកម្មសរុបរបស់ពិភពលោកទាំងមូល។
ក្រៅពីបញ្ហាប្រជាជននៅលើពិភពលោកមិនមានការងារធ្វើត្រឹមត្រូវ របាយការណ៍ដែលចេញដោយអង្គការពលកម្មពិភពលោក ក៏បានលើកឡើងពីបញ្ហា ការងារខ្វះស្តង់ដារ ការរកប្រាក់ចំណូលបានតិច និងការងារមិនស្មើភាពគ្នាជាដើម។ ជាក់ស្តែង កម្លាំងពលកម្មជាង៦០ភាគរយ គឺធ្វើការទទួលបានប្រាក់ខែតិច និងខ្វះការការពារផ្នែកសង្គម។ បន្ថែមពីលើនេះ មនុស្សជាង ៦៣០លាននាក់ នៅក្នុងឆ្នាំ ២០១៩ ធ្វើការបានត្រឹមតែជាង៣ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណែកការងារខ្លះទៀត គឺគ្មានសមភាពភេទ និងអាយុជាដើម។
ជុំវិញបញ្ហានេះ គេបានរកឃើញថា គម្លាតរវាងអ្នករកប្រាក់ចំណូលបានច្រើន និងអ្នករកប្រាក់ចំនូលបានតិច គឺមានគំលាតគ្នាឆ្ងាយគួរឲ្យកត់សម្គាល់។ ការរកឃើញនេះ ត្រូវបានគេយកចំនួន២០ភាគរយនៃអ្នកមានប្រាក់ខែទាប យកទៅធៀបជាមួយទៅនឹងចំនួនដូចគ្នានៃអ្នកមានប្រាក់ខែខ្ពស់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com