អន្តរជាតិ
លោក ពូ​ទីន បញ្ជូន​សំណើ​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​សភា
21, Jan 2020 , 8:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២០ ខែមករា បាន​បញ្ជូន​កញ្ចប់​សំណើ​សេចក្ដីព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ​ទៅ​ឲ្យ​រដ្ឋសភា ដែល​សំដៅ​រុះរើ​ប្រព័ន្ធ​អំណាច​នៅ​រុស្ស៊ី​។ តាម​សំណើ​នេះ ប្រធានាធិបតី​ដែល​នឹង​បន្តវេន​ពី​លោក នឹង​បាត់បង់​អំណាច​ច្រើន ដែល​ធ្លា​ក់លើ​ដៃ​សភា និង​នាយករដ្ឋមន្ត្រី​វិញ​។ គេ​ជឿថា លោក ពូ​ទីន កំពុង​រក​ផ្លូវ​ដើម្បី​បន្តអំណាច​របស់ខ្លួន​នៅពេល​អាណត្តិ​ប្រធានាធិបតី​របស់លោក​ចប់​នៅ​ឆ្នាំ​២០២៤ ។​

 
​ជិត​មួយ​សប្ដាហ៍​ក្រោយ​ប្រកាស​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ក៏​បញ្ជូន​ឯកសារ​នៃ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ទៅកាន់​សភា​ដើម្បី​ជជែក​ពិភាក្សា និង​អនុម័ត​។ ក្នុង​សំណើ​នេះ អំណាច ភាគច្រើន នឹង​ផ្ទេរ​ពី​ប្រធានាធិបតី​ទៅកាន់​សភា និង​ក្រុមប្រឹក្សារដ្ឋ ប៉ុន្តែ​ប្រធានាធិបតី នឹង​ទទួលបាន​អំណាច​ខ្លះ​វិញ​ដែរ​។​
 
​ចំណុច​សំខាន់ៗ​នៃ​ការកែ​រដ្ឋធម្មនុញ្ញ​មានដូចជា​ការអនុញ្ញាត​ឲ្យ​សភា​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ហើយ​ដែល​ប្រធានាធិបតី​មិនអាច​ជំទាស់​បានឡើយ និង​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ សព្វថ្ងៃ នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសរើស​ដោយ​ប្រធានាធិបតី​ផ្ទាល់ ឯ​ប្រធានាធិបតី​វិញ អាចដឹកនាំ​បាន​ពីរ​អាណត្តិ​ជាប់​គ្នា រួច​រំលង​មួយ​អាណត្តិ ហើយ​បន្តបាន​ពីរ​អាណត្តិ​ទៀត​។ 
 
​ចំណុច​សំខាន់ៗ​មួយទៀត​នៃ​គម្រោង​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ការដំឡើង​ក្រុមប្រឹក្សារដ្ឋ​ពី​ស្ថាប័ន​ផ្ដល់យោបល់​ទៅជា​ស្ថាប័នរដ្ឋ​មួយ​ដែលមាន​អំណាច​។ តាម​សំណើ​របស់លោក ពូ​ទីន ក្រុមប្រឹក្សារដ្ឋ​នេះ នឹងត្រូវ​បង្កើត​ដោយ​ប្រធានាធិបតី​។ គេ​ជឿថា លោក ពូ​ទីន ដែល​អាណត្តិ​ប្រធានាធិបតី​នឹង​ចប់​នៅ​ឆ្នាំ​២០២៤ អាចដឹកនាំ​ស្ថាប័ន​នេះ​ដែល​មានអំណាច​ផ្ដល់យោបល់​លើ​គោលនយោបាយ​ក្នុងស្រុក និង​ការបរទេស សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​
 
​គណៈកម្មាធិការ​ច្បាប់​នៃ​សភា​ឌូ​ម៉ា​រុស្ស៊ី នឹង​បើក​កិច្ចប្រជុំ​ភ្លាម​លើ​សំណើ​របស់លោក ពូ​ទីន មុននឹង​បញ្ជូន​ទៅកាន់​សភាពេញអង្គ​។ ប្រធានសភា​ឌូ​ម៉ា Vyacheslav Volodin បាន​ហៅ​ការសម្រេចចិត្ត​របស់លោក ពូ​ទីន ជា​រឿង​ប្រវត្តិសាស្ត្រ​ក្នុងការ​ចែករំលែក​អំណាច​ប្រធានាធិបតី​។ 
 
​ការប្រកាស​កែ​រដ្ឋធម្មនុញ្ញ​ដែល​នឹង​ផ្លាស់ប្ដូរ​តុល្យភាព​អំណាច​នៅ​រុស្ស៊ី​នេះ បាន​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ក្រុមប្រឆាំង​។ មេដឹកនាំ​ប្រឆាំង​ធំជាងគេ​លោក Alexei Navalny បាន​ចោទ​លោក ពូ​ទីន ថា​ព្យាយាម​កាន់អំណាច​មួយជីវិត ហើយ​ថា ក្រុម​ប្រឆាំងនឹង​រៀបចំ​ផែនការ​មួយ​ដើម្បី​តទល់​គម្រោង​កែប្រែ​ច្បាប់កំពូល​នេះ​។ លោក Navalny ថែមទាំង​រិះគន់​ប្រធានាធិបតី​ថា មិន​យល់​ពីអ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕

Tag:
 រុស្ស៊ី​
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com