ជាតិ
ការងារ​អន្តរក្រសួង​៖ សម្ដេច ស ខេង ថា រដ្ឋមន្ត្រី​ខ្លះ បំពេញការងារ ខ្លាច​តែ​បាត់​តំណែង និង​សិទ្ធ​អំណាច
21, Jan 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ខ្លះ បារម្ភ​ខ្លាច​តែ​បាត់​តំណែង និង​អំណាច​នៅក្នុង​ការបំពេញ​ការងា​រ​អន្តរក្រសួង ដែល​វា​ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២០ មករា​នេះ​។​


 
​សម្ដេច ស ខេង បាន​និយាយថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​បាន​កែសម្រួល និង​ធ្វើ​វិសោធនកម្ម​ចំនួន​៦​លើក​មកហើយ ដើម្បី​ដាក់ឱ្យអនុវត្ត​។ ប៉ុន្តែ​ការសម្រេចបាន​នេះ វា​មិនមែនជា​ការងាយស្រួល​ឡើយ ក្នុងការ​បំពេញការងា​រ នៅក្នុង​ក្របខណ្ឌ​អន្តរក្រសួង​។​



 
​ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង ក៏បាន​រម្លឹក​គ្រា​ដែល​សម្ដេច និង​លោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ដឹកនាំ​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ប៉ុន្តែ​លោក ត្រាំ អ៊ីវតឹក មិនបាន​ចូលរួម​ប្រជុំ​ឡើយ ដោយសារតែ​ប្រកាន់​រឿង​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ សម្ដេច ស ខេង បាន​និយាយ​ដោយ​ប្រយោល​ថា ការបំពេញ​ការងារ​អន្តរក្រសួង ដោយ​ខ្លាច​បាត់បង់​សិទ្ធិអំណាច និង​តំណែង​ប្រធាន​នេះ វា​គ្មាន​ប្រសិទ្ធភាព​ការងារ ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ឡើយ​។​
 
​ថ្លែង​ចំពោះមុខ​មន្ត្រី និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល នៅ​ព្រឹក​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋមន្ត្រី​យើង​ខ្លះ​គាត់​ខ្លាច ខ្លាច​បាត់​សិទ្ធិ បាត់​អំណាច​។ ខ្ញុំ​ថា​គេ​ឱ្យ​យើង​ឡើង​ធ្វើ​ធំ​ហ្នឹង ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន ចុះបើ​ឡើងមក​គ្រាន់តែ​ការពារ​ផលប្រយោជន៍​ខ្លួនឯង​ដដែល​មិនបាច់​ឡើង​ទេ​។ ឡើងមក​គ្រាន់តែ​ខ្លាច​បាត់​អំណាច​ខ្លួនឯង មិនបាច់​ឡើង មក​ធ្វើ​អី​ទេ​។ (​ឡើងមក​)​ការពារជាតិ ការពារ​ប្រជាពលរដ្ឋ អា​ណុង​ភារកិច្ច​របស់​យើង​»​។​
 
​ដ្បិត​លោក ត្រាំ អ៊ីវតឹក កាលណោះ ហាក់​បារម្ភ​ពី​តួនាទី និង​សិទ្ធិអំណាច​ខ្លួន​មែន ប៉ុន្តែ​គាត់​ក៏​បំពេញការងារ​យ៉ាងសកម្ម ក្នុងការ​រៀបចំតាក់តែង និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
 
​ជាមួយគ្នានេះ​សម្ដេច ស ខេង ក៏បាន​ផ្ដាំ​មន្ត្រី​ទាំងអស់ ដែល​ទទួលបាន​តួនាទី និង​អំណាច​ពី​រាជរដ្ឋាភិបាល គឺ​ត្រូវការពារ​ផលប្រយោជន៍​ប្រជាជន មិនមែន​ការពារ​ផលប្រយោជន៍​ខ្លួនឯង​នោះឡើយ​៕

Tag:
 ស ខេង​
  មហាផ្ទៃ​
  សិទ្ធិ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com