ជាតិ
សង្គមជាតិ
អាជ្ញាធររាជធានីមិនអនុញ្ញាតឲ្យអតីតមន្ត្រី CNRP ១១៨នាក់ ចូលរួមគោរពខួប លោក ជា វិជ្ជា ឡើយ រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅមុខវត្តលង្ការ សួនច្បារខាងលិចវិមានឯករាជ្យ ត្រឹមតែ១៥០នាក់ប៉ុណ្ណោះ និងមិនអនុញ្ញាតឲ្យអតីត១១៨នាក់នៃបក្សសង្គ្រោះជាតិ ចូលរួមឡើយ។ បើតាមអាជ្ញាធរ ការធ្វើបែបនេះ គឺដើម្បីឲ្យការជួបជុំដាក់កម្រងផ្កាប្រព្រឹត្តទៅដោយរលូន ធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិត ជម្រាបទៅលោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃកម្ពុជាថា ខួបគម្រប់១៦ឆ្នាំ របស់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៅថ្ងៃទី២២ មករា ឆ្នាំ២០២០ អនុញ្ញាតឲ្យមានអ្នកចូលគោរព ដាក់កម្រងផ្កាចំនួន១៥០នាក់ នៅកន្លែងរូបសំណាក់ លោក ជា វិជ្ជា។
លិខិតដដែល ចុះថ្ងៃទី១៧ មករា ឆ្នាំ២០២០ ដោយ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យការជួបជុំដាក់កម្រងផ្កាខាងប្រព្រឹត្តទៅដោយរលូន ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់។
ទន្ទឹមនឹងនេះ ក្នុងលិខិតបញ្ជាក់ប្រាប់ លោកស្រី ទូច សើ ថា ត្រូវសហការជាមួយអាជ្ញាធរ និងមិនអនុញ្ញាតឲ្យបុគ្គលទាំង១១៨នាក់ ដែលច្បាប់ហាមឃាត់ការធ្វើសកម្មភាពនយោបាយចូលរួមឡើយ។ ករណីអាជ្ញាធរ ឃើញបុគ្គលទាំង១១៨នាក់ ដែលច្បាប់ហាមឃាត់ធ្វើសកម្មភាពនយោបាយចូលរួមដង្ហែក្បួន លោកស្រី ទូច សើ ទទួលខុសត្រូវចំពោះមុខច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com