ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទិវា​យល់ដឹង​ពី​សត្វព្រៃ​បណ្ដុះ​គំនិត​ឱ្យ​អ្នកជំនាន់ក្រោយ​ស្រឡាញ់​សត្វព្រៃ​
22, Jan 2020 , 7:59 am        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃអាទិត្យ ទី​១៩ មករា ក្រុមយុវជន​នៃ​កម្មវិធី YCL (Youth Conservation Leadership) បានរៀបចំ​ទិវា​យល់ដឹង​ពី​សត្វព្រៃ​សៀមរាប ដោយមាន​កម្មវិធី​អប់រំ និង​សារ​ជ​ច្រើន​ទាក់ទង​នឹង​សត្វព្រៃ ក៏ដូចជា​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​។ ទិវា​នេះ មានបំណង​សំខាន់ ផ្តល់​ចំណេះដឹង​ផ្សេងៗ និង​បណ្ដុះ​គំនិត​ឱ្យ​យុវជន​ក៏ដូចជា​អ្នកជំនាន់ក្រោយ ស្រឡាញ់ ការពារ និង​អភិរក្ស​ធនធាន​សត្វព្រៃ​នៅ​កម្ពុជា​ដែល​កំពុងមាន និង​ខ្លះ​ប្រឈម​នឹង​ការបាត់បង់​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​នៅ​ស្នាក់ការ​អង្គការ​ផ្តោតទៅលើ​សត្វព្រៃ​កម្ពុជា (FAUNA IN FOCUS) នៅ​ចុង​សប្ដាហ៍​កន្លងទៅ បានរៀបចំ​ទិវា​យល់ដឹង​ពី​សត្វព្រៃ​កម្ពុជា ដើម្បី​ផ្តល់​ចំណេះដឹង​ជុំវិញ​សត្វព្រៃ​កម្ពុជា និង​ដាក់​បង្ហាញ​រូបភាព​ច្រើន​សន្លឹក​ពី​វត្តមាន​សត្វព្រៃ​ទាំង​ប្រភេទ​សត្វ​ស្លាប និង​ប្រភេទ​សត្វចតុបាត​។​ល​។ អង្គការ​នេះ បាន​គាំទ្រ​ថវិកា​ដល់​ក្រុមយុវជន​នៃ​កម្មវិធី​ភាពជា​អ្នកដឹកនាំ​យុវជន​ក្នុង​កិច្ចការ​អភិរក្ស ហៅ​កាត់​ថា YCL (Youth Conservation Leadership)  សម្រាប់​ការសិក្សា ចុះ​អនុវត្តន៍ និង​រៀបចំ​ទិវា​នេះ​ឡើង​។​
 
​កញ្ញា ពេជ្រ កញ្ញា សមាជិក YCL បានឱ្យដឹងថា សមាជិក​នៃ​កម្មវិធី​នេះ​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​និង​រៀនសូត្រ​ពី​ចំណេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​ធនធានធម្មជាតិ​ដូចជា​សត្វព្រៃ និង​បាន​ចុះ​អនុវត្តន៍​មេរៀន​ផ្ទាល់​ដល់​តំបន់​ដែន​ជម្រក​សត្វ​ដូចជា​នៅ​ខេត្តព្រះវិហារ​។ ក្រៅពីនោះ កម្មវិធី​នេះ​ក៏បាន​បង្រៀន​ពី​ចំណេះដឹង​ទូទៅ​ជាច្រើន​ដល់​យុវជន ដូចជា​ការថតរូប ការចេះ​សរសេរ​អត្ថបទ​ព័ត៌មាន និង​ចំណេះដឹង​ការពង្រឹង​ស្មារតី​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ​ជាដើម​។ ចំណែក​ការរៀបចំ​ទិវា​យល់ដឹង​សត្វព្រៃ​នៅពេលនេះ គឺ​ផ្តល់​ចំណេះដឹង​ចម្រុះ​ទាក់ទង​នឹង​សត្វព្រៃ​ដល់​យុវជន​ជំនាន់​ក្រោយ​។​


 
​ក្រោយពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ចុះ​អនុវត្តន៍​ផ្ទាល់ កញ្ញា យល់ថា​ការងារ​អភិរក្ស​និង​ការ​ទៅដល់​ដែន​ធនធានធម្មជាតិ​ទាំងនោះ នៅមានកម្រិត​នៅឡើយ​។ កញ្ញា​ពន្យល់ថា ការចុះទៅ​គោលដៅ​នីមួយៗ​ត្រូវបាន​រិត​ត្បិត និង​សុំ​ការអនុញ្ញាត​ជាមុន​ពី​អាជ្ញាធរ ដែល​ធ្វើឱ្យ​ការចង់​ឃើញ​ចង់​យល់​របស់​យុវជន​លើ​កិច្ចការ​ទាំងនោះ មិនបាន​ទូលំទូលាយ​។​
 
​ប្រធាន​គម្រោង​អង្គការ​ផ្តោតទៅលើ​សត្វព្រៃ​កម្ពុជា លោក ជា សំបាន លើកឡើងថា ស្ថាប័ន​នេះ​បាន​បង្កើតឡើង​រយៈពេល​៤​ឆ្នាំ​មកហើយ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​អប់រំ​ពាក់ព័ន្ធ​នឹង​ធនធាន​សត្វព្រៃ​។ លោក​ពន្យល់ថា អង្គការ​នេះ​មាន​គម្រោង​៣​សំខាន់ៗ ដើម្បី​ផ្តល់​ចំណេះដឹង ផ្លាស់ប្ដូរ​ទម្លាប់​មិនល្អ និង​ឱ្យ​មហាជន​ចាប់ផ្តើម​ស្រឡាញ់​សត្វព្រៃ​។ ក្នុង​កម្មវិធី​ជាច្រើន អង្គការ​នេះ​បាន​ផលិត​ភាពយន្ត​សម្បូរបែប ធ្វើយ៉ាងណា​ឱ្យ​ក្មេងៗ​ក៏ដូចជា​មហាជន​ចេះ​ស្រឡាញ់​សត្វព្រៃ និង​លែង​បរបាញ់​ឬ​ជួញដូរ​វាត​ទៅទៀត​។ ខុសពី​អង្គការ​ដទៃ ដែល​ដើរតួ​ជា​អ្នក​ចុះ​ចាប់​បទល្មើស​ផ្សេងៗ តែ​អង្គការ​ផ្តោតទៅលើ​សត្វព្រៃ​កម្ពុជា ប្រើ​វិធីសាស្ដ្រ​ជាការ​អប់រំ​ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់​មិនល្អ​ទាក់ទង​នឹង​សត្វព្រៃ​។ លោក សំបាន ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ទី​១ ការធ្វើ​ភាពយន្ត ការធ្វើ​ភាពយន្ត​នេះ​យើង​និយាយ​ពី​ធ្វើយ៉ាងណា​ឱ្យគេ​ឃើញ​ស្អាត មានគុណ​ភាពល្អ ធ្វើ​ភាពយន្ត​ពី​រឿង​វិជ្ជមាន​ទាក់ទង​នឹង​សត្វព្រៃ​ធម្មជាតិ និង​ភាពយន្ត​ទាំង​៣​ឱ្យគេ​មើល​ហើយ ផ្លាស់ប្ដូរ ចាប់ផ្តើម​ស្រឡាញ់​, ទី​២ ការអប់រំ យើង​ធ្វើ​ទៅលើ​បរិស្ថាន អប់រំ​ទៅតាម​សាលារៀន​រដ្ឋ​និង​ឯកជន​, ទី​២ សារមន្ទីរ​ធម្មជាតិ ក្មេងៗ​ខ្លះ​អត់​មាន​ពេល​ទៅ​ព្រៃ គាត់​អាចមក​ទីនេះ​មើល អនុវត្តន៍​ខ្លួន​គាត់ កាត់បន្ថយ​ក​ចំណាយ​ការដើរទៅ​ព្រៃ​...»​។​


 
​មូល​ហេតុដែល​អង្គការ​របស់លោក សំបាន ជ្រើសរើស​វិធីសាស្ដ្រ​បង្រៀន​ជាជាង​ការចុះ​បង្ក្រាប​បទល្មើស ដ្បិតថា ឆ្លងកាត់​បទពិសោធន៍​ការងារ​ជាមួយ​សត្វព្រៃ​កន្លងមក​ទាំង​ថ្នាក់ដឹកនាំ​របស់លោក ក៏ដូចជា​ខ្លួន​លោក​ផ្ទាល់ ការចុះ​ចាប់​ឬ​បង្ក្រាប​មិនសូវមាន​ប្រសិទ្ធិភាព​ក្នុងការ​ផ្លាស់ប្ដូរ​គំនិត​របស់​ប្រជាពលរដ្ឋ​ទេ ផ្ទុយទៅវិញ​ពួកគេ​នឹង​បន្តធ្វើ​សកម្មភាព​នេះ​ទៀត​ក្រោយ​លែងមាន​ការបង្ក្រាប​។ ការអប់រំ​ឱ្យ​ពួកគាត់​ស្រឡាញ់​សត្វព្រៃ គឺជា​ការផ្លាស់ប្ដូរ​ដែល​មាន​ប្រសិទ្ធិភាព​។​
 
​បន្ទាប់ពី​បាន​ចូលរួម​សិក្សា និង​ចែករំលែក​ចំណេះដឹង​ពី​សត្វព្រៃ​ក្នុង​ទិវា​យល់ដឹង​សត្វព្រៃ​ហើយ​នោះ កញ្ញា យល់ថា កិច្ចការ​ទាំងនេះ​មាន​សារសំខាន់ ហើយ​មិនមែន​ខ្លួន​តែម្នាក់ឯង អាច​ធ្វើទៅកើត​នោះទេ​។ កញ្ញា​ចង់ឱ្យ​យុវជន​ផ្សេងទៀត ត្រូវមាន​គំនិត​ចេះ​ឈឺ​ឆ្កា​លពី​បញ្ហា​នេះ ចេះ​រាយការណ៍​ពីបទ​ល្មើស​ផ្សេងៗ​ទាក់ទង​នឹង​សត្វព្រៃ ចេះ​ស្រឡាញ់ និង​ការពារ​ធនធាន​ទាំងនោះ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃក្រោយ​៕



















Tag:
 សត្វព្រៃ​
  ធនធានធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com