មី​យ៉ាន់​ម៉ា​ថា យោធា​ខ្លួន​ទំនង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​រ៉ូ​ហ៊ីង​យ៉ា តែ​មិនមែន​ប្រល័យពូជសាសន៍​ឡើយ​
អន្តរជាតិ
មី​យ៉ាន់​ម៉ា​ថា យោធា​ខ្លួន​ទំនង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​រ៉ូ​ហ៊ីង​យ៉ា តែ​មិនមែន​ប្រល័យពូជសាសន៍​ឡើយ​
22, Jan 2020 , 8:29 am        
រូបភាព
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ រូបភាព៖ Reuters
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ រូបភាព៖ Reuters
​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​មី​យ៉ាន់​ម៉ា (ICOE) នៅ​ថ្ងៃទី​២០ ខែមករា បាន​បញ្ចេញ​លទ្ធផល​ស៊ើបអង្កេត​មួយ​របស់ខ្លួន ដែល​បាន​បង្ហាញថា យោធា​មី​យ៉ាន់​ម៉ា​មួយចំនួន ទំនងជា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្តែ​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍​ឡើយ​។ លទ្ធផល​ស៊ើបអង្កេត​នេះ បានទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អង្គការ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។


 
​មុន​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)  ប៉ុន្មាន​ថ្ងៃ គណៈកម្មាការ​ស៊ើបអង្កេត​ឯករាជ្យ (ICOE) បានចេញ​សេចក្តីសម្រេច​មួយ​ជុំវិញ​ការស៊ើបអង្កេត លើ​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។ សេចក្តីសម្រេច​នេះ អះអាងថា ក្រុម​យោធា​ខ្លះ បាន​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ រួមបញ្ចូល​ទាំង​ការបំផ្លាញ​ផ្ទះសម្បែង និង​ការសម្លាប់​ប្រជាជន​ស៊ីវិល​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ គណៈកម្មការ​មី​យ៉ាន់​ម៉ា​មួយ​នេះ បាន​ច្រានចោល​ទង្វើ​របស់​ក្រុម​យោធា​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ បើតាម​គណៈកម្មាការ​ស៊ើបអង្កេត ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្ត​ដោយ​យោធា​មី​យ៉ាន់​ម៉ា គឺ​មិនមាន​ភស្តុ​ង​តាង​គ្រប់គ្រាន់​ឡើយ ដើម្បី​យកមក​បញ្ជាក់ថា អ្នក​ទាំងនោះ​មាន​ចេតនា​បំផ្លាញ ឬ​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​នេះ អង្គការ​រ៉ូ​ហ៊ីង​យ៉ា​ភូមា (BROUK) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានចេញ​មុខ ទាត់ចោល​ការអះអាងរ​បស់​គណៈកម្មាការ​ខាងលើ និង​សំអាងថា គ្រាន់តែ​ជាការ​ដោះសារ និង​លាក់បាំង​ការពិត​។ បើតាម​អ្នកនាំពាក្យ​របស់​អង្គការ​នេះ លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គ​ណៈ​កម្ម​ការ​មី​យ៉ាន់​ម៉ា គ្រាន់តែ​ជាការ​បង្វែរ​ការចាប់អារម្មណ៍​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែប៉ុណ្ណោះ  និង​ព្យាយាម​លាក់បាំង​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​របស់​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​
 
​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏បាន​អំពាវនាវ​ឲ្យ​បញ្ចេញ​របាយការណ៍​មួយ​ពេញលេញ និង​ទាមទារ​ឲ្យ​ការស៊ើបអង្កេត​កាន់​តែមាន​តម្លាភាព​ជាង​នេះ​។ 
 
​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​មី​យ៉ាន់​ម៉ា​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៨ ដើម្បី​ស៊ើបអង្កេត​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​រ៉ា​ឃី​ន និង​ការបង្ក្រាប​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ គណៈកម្មការ​នេះ មាន​សមាជិក​ចំនួន ៤​នាក់ ដែល​ពីរ​នាក់​ជា​ជនជាតិ​មី​យ៉ាន់​ម៉ា និង​ពីរ​នាក់​ទៀត ជា​ជនបរទេស ដោយមាន​អម​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​២៣ ខែមករា ខាងមុខនេះ តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ចេញ​សេចក្តីសម្រេច​ជុំវិញ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បន្ទាប់ពី​បាន​បើកសវនាការ កាលពី​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com