ជាតិ
កម្ពុជា-សិង្ហ​បុរី​ យក​ម្ហូប និង​គំនូរ រំឭក​ចំណង​ការទូត​៥៥​ឆ្នាំ
21, Jan 2020 , 6:45 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥-២៩ កុម្ភៈ​ខាងមុខ ស្ថានទូត​សិង្ហ​បុរី នឹង​រៀបចំ​កម្មវិធី «​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​» (Street Art Fest ++) ដើម្បី​អបអរ​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី​។ កម្មវិធី​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​អ្នកចូលរួម​អាច​ភ្លក្ស​រសជាតិ​អាហារ ភេសជ្ជៈ និង​មានឱកាស​គូរគំនូរ​ជាដើម​។ តាមរយៈ​កម្មវិធី​នេះ នឹង​ប្រមូល​ថវិកា​ជួយ​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។


​កម្មវិធី «​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ Street Art Fest ++» នឹង​បង្ហាញ​ការរួមបញ្ចូល​គ្នា​រវាង​សិល្បៈ និង​វប្បធម៌​ខ្មែរ​រវាង​សិង្ហ​បុរី​។ កម្មវិធី​នេះ រៀបចំ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Worldbridge Arena រយៈពេល ១៤​ថ្ងៃ​។ Street Art Fest ++ នឹង​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​អាច​កម្សាន្ត​សប្បាយ​ជាមួយនឹង​បទ​ភ្លេង អាហារ ផលិតផល សេវាកម្ម​របស់​ខ្មែរ និង​សិង្ហ​បុរី រួមទាំង​ការប្រគុំ​តន្ត្រី​ដែល​ចូលរួម​ដោយ​សិល្បករ​ទាំងពីរ​ប្រទេស​។ 
 

​ ទិដ្ឋភាពនា​ពិធី​​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធីStreet Art Fest ++​ជា​ផ្លូវការ​

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធី​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២១ មករា​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា​៖ «​ដើម្បី​អបអរ​ខួប​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី ក្នុង​ក្របខណ្ឌ Street Art Fest ++ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួមចំណែក​ដោយ​ផ្អែកលើ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​»​។ លោក ហ៊ុន ម៉ា​នី បន្តថា Street Art Fest ++ ជា​វេទិកា​មួយ ដើម្បី​ឲ្យ​យុវជន​ខ្មែរ និង​សិង្ហ​បុរី ចូលរួម និង​ស្វែងយល់​ពី​វប្បធម៌ សិល្បៈ និង​ម្ហូបអាហារ​ជាដើម​។


លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ពិធី​​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធីStreet Art Fest ++​ជា​ផ្លូវការ​

លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បញ្ជាក់ថា​៖ «​នេះ ជា​កម្មវិធី​ដែល​បង្កើន​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន​។ ខ្ញុំ​សង្ឃឹមថា វា​ជា​ឱកាសល្អ​។ មិន​ត្រឹមតែ​ជា​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​សិង្ហ​បុរី​ទេ ប៉ុន្តែ​ជា​និមិត្តសញ្ញា​នៅពេលដែល​ប្រទេស​ទាំងពីរ ប្តេជ្ញាចិត្ត​សហការ​ជាមួយគ្នា​»​។ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី បន្ថែមថា កម្មវិធី​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ប្រទេស​ទាំងពីរ ទាក់ទង​នឹង​សិល្បៈ​វប្បធម៌​។ 
  

​លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា នា​ពិធី​​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធីStreet Art Fest ++​ជា​ផ្លូវការ​

សូមបញ្ជាក់ថា កម្មវិធី «​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ Street Art Fest ++»​នេះ រៀបចំ​ដោយ​ស្ថានទូត​សិង្ហ​បុរី ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ នា​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធី​ជា​ផ្លូវការ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ជា​និមិត្តរូប​ក្នុង​ភាពជា​ដៃគូ​សហការ​ដែលមាន​ឈ្មោះ​ថា Community Engagement Partner ដើម្បី​ជាការ​ប្រកាស​ចាប់ផ្តើម Street Art Fest ++៕
 
ទិដ្ឋភាពនា​ពិធី​​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធី Street Art Fest ++​ជា​ផ្លូវការ​៖


 

  

 

 






Tag:
 សិង្ហ​បុរី​
 Street Art Fest
  ហ៊ុន ម៉ា​នី​
 ស.ស.​យ.ក​
© រក្សាសិទ្ធិដោយ thmeythmey.com