ជាតិ
នយោបាយជាតិ
ច្បាប់អាជីវកម្មមួយពាក់ព័ន្ធក្រសួងច្រើននាំឲ្យប្រើពេលយូរ ដែលហុចឱកាសដល់មន្ត្រីខ្លះទារលុយក្រៅសេវា
× សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងលើករណីសុំច្បាប់អាជីវកម្មដែលពាក់ព័ន្ធនឹងចំណុះក្រសួងពី២ ទៅ៣។ នាឱកាសប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ថ្ងៃទី២២ ខែមករា សម្តេចបានកត់សម្គាល់ថា ករណីនេះនាំឲ្យចំណាយពេលវេលាយូរ ហើយហុចឱកាសដល់មន្ត្រីខិលខូចមួយចំនួនទារកម្រៃក្រៅសេវា។
«ពលរដ្ឋមិនអាចដាក់លិខិតតែមួយកន្លែងនោះឡើយ ដោយពួកគាត់ត្រូវទៅដាក់មន្ទីរពាក់ព័ន្ធពី ២ទៅ៣។ ទម្រាំបានក្រដាសស្នាមដល់ប្រធានមន្ទីរ ត្រូវការពេលយូរ ហើយទុកឱកាសដល់មន្ត្រីខិលខូចមួយចំនួន ទារសុំបង់កម្រៃក្រៅផ្លូវការ»។ នេះជាការលើកឡើងរបស់សម្តេច ស ខេង។
ពីខេត្តពោធិ៍សាត់ សម្តេច ស ខេង បានលើកឡើងពីសារសំខាន់ទាក់ទងនឹងការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ដែលផ្តល់សេវារដ្ឋបាលសាធារណៈ ជាកញ្ចប់នៅកន្លែងតែមួយ។ សម្តេចបានអះអាងថា សេវាកម្មនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ហើយអាចប្រមូលចំណូលចូលថវិកាជាតិប្រកបដោយតម្លាភាព និងទប់ស្កាត់អំពើពុករលួយ។
បច្ចុប្បន្ន កម្ពុជាមានការិយាល័យច្រកចេញចូលតែមួយចំនួន១១៥ ដែលក្នុងនោះមាន២៧ក្រុង ៤៧ស្រុក និង១៤ខណ្ឌ ដែលស្មើនឹង៥៧ភាគរយនៃការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធផ្ទេរសេវាកម្មទៅកាន់ការិយាល័យច្រកចេញចូលតែមួយ ប៉ុន្តែប្រធានមន្ទីរ និងមន្ត្រីការងារជំនាញនៅតែជាអ្នកសម្រេចដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com