អត្ថបទពាណិជ្ជកម្ម
ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន Huawei ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកវិទ្យា 5G
22, Jan 2020 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT  និង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៃ​គម្រោង​ជំនួយ​នេះ ក្រោម​អធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​នៅក្នុង​ពិធី​នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​កោតសរសើរ ដល់​ក្រុមការងា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន Huawei ដែល​បាន​ខិតខំ​ប្រឹងប្រែង មិន​នឿយហត់ ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​ថ្ងៃនេះ​កើតឡើង​។ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន Huawei សម្រាប់​គម្រោង​ជំនួយ​លើ​ឧបករណ៍ និង​សេវា​កម្មនេះ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
 
​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើង​បន្ថែមថា​៖«​ប្រទេស​កម្ពុជា ទទួលបាន​នូវ​កំណើន​រឹងមាំ និង​មាន​ស្ថិរភាព ក្នុង​រយៈពេល​ពីរ​ទស​វត្ស​ចុងក្រោយ​នេះ​។ ជាមួយនឹង​ការលេចចេញ​នូវ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ប្រទេស​កម្ពុជា ត្រូវតែ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​ទ្រទ្រង់​កំណើន​ដ៏​ខ្ពស់ និង​រឹងមាំ ជាមួយ​ចក្ខុវិស័យ​យូរអង្វែង​»​។ 


 
​បើតាម​លោក ត្រាំ អ៊ីវតឹក ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដើម្បី​ទទួលបាន​នូវ​សេដ្ឋកិច្ច​ឌីជីថល ក៏ដូចជា​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដូច​បានបង្ហាញ​នៅក្នុង​«​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» អាណត្តិ​ទី​៦​នេះ​។ លោក​បន្ត​ដូច្នេះ​ថា​៖«​ផលិតផល និង​សេវាកម្ម ដែល​ប្រគល់ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្ងៃនេះ នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ជា​អតិបរមា ប្រកបដោយ​ប្រសិទ្ធភាព​។ ខ្ញុំ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន Huawei នឹង​រីកចម្រើន​កាន់តែខ្លាំង​ឡើងៗ​»​។​
 
​លោក Yao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ឈានមុខ​គេ​លើ​ពិភពលោក និង​ជា​ទំនួល​ខុសត្រូវ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Huawei បាន​ឆ្លើយតប​យ៉ាងសកម្ម ទៅតាម​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជ្រោមជ្រែង​ដល់​យុទ្ធសាស្ត្រ «​ឌីជីថល​កម្ពុជា​» និង​ចក្ខុវិស័យ​វែងឆ្ងាយ សម្រាប់​ការបណ្តុះបណ្តាល​ទេពកោសល្យ​ឌីជីថល​។ 
 
​លោក Yao បន្តទៀតថា ផ្អែកលើ​កិច្ចព្រមព្រៀង​ពីមុន រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​គាំទ្រ​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​ផ្តល់​សម្ភារ បរិក្ខា និង​សេវាកម្ម សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខា្ន​ត​តូច  ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ  និង​កុំព្យូទ័រ​យួរដៃ​ម៉ាក Huawei សម្រាប់​ការិយាល័យ​រដ្ឋាភិបាល​ថ្នាក់កណ្តាល និង​ខេត្ត ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ​។​


 
​លោក Yao បាន​បន្ថែម​ដូច្នេះ​ថា​៖«​យើង​អាច​និយាយបានថា​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដ៏​សំខាន់ នៃ​ដំណើរការ​អភិវឌ្ឍ 5G របស់​ប្រទេស​កម្ពុជា ហើយ​យើង​រីករាយ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នេះ​។ ក្រុមហ៊ុន Huawei បាន​ត្រៀមខ្លួន​ផ្តល់ជូន​ក្រសួង នូវ​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា 5G ចំនួន ៣០​កូតា សម្របសម្រួល​ទៅតាម​តម្រូវការ របស់​មន្ត្រី​ផ្នែក​ទូរគមនាគមន៍ ដើម្បីឱ្យ​ពួកគាត់​អាច​យល់ដឹង​ពី​បច្ចេកវិទ្យា 5G និង​កម្មវិធី​ចុងក្រោយ​បំផុត នៃ​បច្ចេកវិទ្យា​នេះ​។ បើ​សម្លឹង​មើលទៅ​អនាគត ថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយទៀត សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង និង​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ផ្នែក​ឌីជីថល​នីយកម្ម​។ ក្រុមហ៊ុន Huawei នឹង​បន្ត​ចក្ខុវិស័យ ដើម្បី​នាំយក​ឌីជីថល​ទៅកាន់​មនុស្ស​គ្រប់រូប គ្រប់​គេហដ្ឋាន និង​គ្រប់​ស្ថាប័ន សម្រាប់​ប្រទេស​កម្ពុជា ជាមួយនឹង​ការតភ្ជាប់​ដ៏​ពេញលេញ និង​ឆ្លាត​វៃ​។ យើង​នឹង​បន្ត​វិនិយោគ​លើ​ប្រព័ន្ធ 5G, Broadband, Cloud, បញ្ញា​សិប្បនិម្មិត​(AI) និង​ឧបករណ៍​វៃឆ្លាត ដើម្បី​ជួយ​អតិថិជន​របស់​យើង​ឱ្យទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា ដែល​កំពុង​រីកចម្រើន​ទាំងនេះ ជាពិសេស​គឺ 5G ដែល​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ នៃ​ការធ្វើឱ្យ​ប្រសើរឡើង និង​ឌីជីថល​នីយកម្ម​ថ្នាក់ជាតិ​ដ៏​ឆ្លាត​វៃ​»​។​


 
​លោក សុខ ពុទ្ធិ​វុ​ធ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន Huawei ចំពោះ​ការចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​យ៉ាងសកម្ម ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់សេវា​កម្មទា​ក់​ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដល់​ស្ថាប័ន​រដ្ឋាភិបាល​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា ដូចនេះហើយ តាមរយៈ​ការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន Huawei នៅពេលនេះ ពិតជា​ជួយ​កែលម្អ​ផលប័ត្រ​ដែលមាន​ស្រាប់​របស់​យើង ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​»​។​
 
​លោក​បាន​សង្កត់ធ្ងន់ថា​៖«​ការ​មាននូវ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT និង​សេវា​បណ្តាញ​នេះ ផ្តល់នូវ​គុណសម្បត្តិ​មួយផ្នែក សម្រាប់​សង្គម​ទូទៅ​។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ដែលមាន​តម្លៃថោក​ជាង​មុន បានធ្វើឱ្យ​យើង​អាចមាន​លទ្ធភាព ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត ដល់​ប្រជាជន​របស់​យើង​បាន​កាន់តែច្រើន​។ ការនិយម​ប្រើប្រាស់​សេវា​អ៊ីនធឺណិត កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ និយតករ​ទូរគមនាគមន៍​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប៉ាន់​ស្មានថា​អ្នកប្រើប្រាស់​ចំនួន ១៦,៧ លាន​នាក់ មានលទ្ធភាព​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត ខណៈ​ដែលមាន​ប្រជាជន​ត្រឹមតែ ២១៥ ពាន់​នាក់​ប៉ុណ្ណោះ ដែលជា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាម​ផ្ទះ​។  តាមរយៈ​ការចាប់យក​ផលប្រយោជន៍ ពី​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​បច្ចុប្បន្ន ទាំង​វិស័យ​រដ្ឋ និង​ឯកជន កំពុង​ផ្លាស់ប្តូរ​សេវាកម្ម​របស់​ពួកគេ ទៅជា​សេវាកម្ម​តាម​អ៊ីនធឺណិត ដោយមាន​គោលដៅ​រួមមួយ​គឺ ដើម្បី​ផ្តល់នូវ​សេវាកម្ម​កាន់តែ​ប្រសើរ កាន់តែ​រហ័ស ក៏ដូចជា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន សម្រាប់​ប្រជាជន និង​អតិថិជន​»៕















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Harvas Champagne
© រក្សាសិទ្ធិដោយ thmeythmey.com