ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ជាមួយ​ទឹក​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ទាំងនេះ​
22, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ទឹក​បន្លែ​និង​ផ្លែឈើ​មួយចំនួន​ដូចខាងក្រោម​ក៏​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ចៀស​ផុតពី​បញ្ហា​ឆ្លង​មេរោគ​ទៀតផង​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទឹក​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ដែលមាន​ប្រយោជន៍​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ៖
 
១. ទឹក​ការ៉ុត​

​ជា​បន្លែ​ដ៏​ប្រសើរ​ជួយ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយធំ​និង​គ្រុនផ្ដាសាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ beta-carotene ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នកនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ប្រសិនបើ​ឧស្សាហ៍​ទទួលទាន​ទឹក​ការ៉ុត​ស្រស់ៗ​។​
 
២. ទឹកដូង​

​អ្នក​អាច​ចៀស​ផុតពី​ជំងឺ​ដោយ​គ្រាន់តែ​ទទួលទាន​ទឹកដូង​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ទឹកដូង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​បាន​យ៉ាង​ប្រសើរ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស​។ វា​មាន​ប្រសិទ្ធភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាងកាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ​និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង​ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេងៗ​ផងដែរ​។​
 
៣. ទឹកក្រូច​ឆ្មារ​
 
​វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​ធ្វើឱ្យ​វា​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៤. ទឹក​ផ្លែ​ប៉ោម​ស្រស់​

​ក្រៅពី​វីតាមីន​និង​ជាតិ​រ៉ែ​ហើយ​នោះ​ផ្លែ​ប៉ោម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ផងដែរ​។ ជាតិ​សរសៃ​នេះ​ជួយ​បណ្ដេញ​ជាតិពុល​តាម​ពោះវៀន​។ នៅពេល​ជាតិពុល​ត្រូវបាន​កម្ចាត់​នោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹងមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៥. ទឹក​ផ្លែ​គី​វី​ស្រស់​

​គី​វី​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C វីតាមីន A និង​វីតាមីន E ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។ ជាតិ​សរសៃ​និង​ប៉ូ​តា​ស្យូ​ម​នៃ​ផ្លែ​គី​វី​ក៏​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​ផងដែរ​។​
 
៦. ទឹក​បន្លែ​ផ្កា​ខាត់ណា​ខៀវ​

​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene និង​វីតាមីន C​។ ដូច្នេះ​ការរួមបញ្ចូល​ផ្កា​ខាត់ណា​ខៀវ ឬ​ទឹក​បន្លែ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ល្អ​បំផុត​សម្រាប់​រក្សា​ក៏ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com