ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ដឹង​ទេ​ថា ម្សៅ Baking soda ល្អ​យ៉ាងណាខ្លះ​ចំពោះ​សម្រស់​?
23, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ស្គាល់​ម្សៅ Baking soda ប៉ុន្តែ​ប្រាកដជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ម្សៅ​ពណ៌​សៗ​នេះ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​សម្រស់​។ អ្នក​អាច​រក​ទិញ​ម្សៅ Baking Soda បាន​យ៉ាង​ងាយ​នៅតាម​បណ្ដា​ផ្សារ​ទំនើប​នានា​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ម្សៅ Baking Soda ថែរក្សា​សម្រស់ ៖
 
១. កម្ចាត់​ស្នាម​មុន​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​តំបន់​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី ហើយ​ទុកចោល​សម្រាប់​រយៈពេល ៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​ក៏​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​និង​កោសិកា​ស្បែក​ងាប់ៗ​ចេញ​ផងដែរ​។​
 
២. ធ្វើឱ្យ​ធ្មេញ​ស​ជាង​មុន​

​រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ផងដែរ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ baking soda ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​ល្បាយ​នេះ​ដូច​ធម្មតា​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​មិនត្រូវ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ម្សៅ baking soda លើសពី ១ ដង ក្នុង​មួយ​សប្តាហ៍​ឡើយ​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ខូច​កាចា​ធ្មេញ​។​
 
៣. សម្អាត​សក់​កម្ចាត់​ក្លិន​អាក្រក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្សៅ Baking soda ចំនួន ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​កន្លះ​ពែង រួច​កូរ​ឱ្យ​សព្វ​។ កក់​សម្អាត​សក់​ដូច​ធម្មតា​ជាមុនសិន សឹម​លាង​សម្អាត​ជា​ចុងក្រោយ​ជាមួយ​ល្បាយ Baking soda ដែល​បាន​លាយ​ទុក​។ បន្ទាប់មក​លាង​សម្អាត​សក់​ម្ដងទៀត​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត​ម្ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. កម្ចាត់​ក្លិន​ជើង​មិនល្អ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ក្នុង​ក្ដៅ​ឧណ្ហៗ​ចំនួន ១ លីត្រ​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជាការ​ស្រេច​។ ដើម្បី​ជាការ​ប្រសើរ ចូរ​រោយ​ម្សៅ baking soda បន្តិច​ក្នុង​ស្បែកជើង​មុនពេល​អ្នក​ពាក់​ចេញ​ក្រៅ​ដោយ​គ្មាន​ស្រោមជើង​។​
 
៥. កម្ចាត់​អង្គែ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ផ្សើម​សក់​ជាមុនសិន រួច​រោយ​ម្សៅ Baking soda លើស​ក់ ហើយ​ម៉ាស្សា​ឱ្យដល់​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល ១ នាទី សឹម​លាង​សម្អាត​ចេញ​។ អ្នក​ក៏​អាច​កក់សក់​ចេញ​ដូច​ពេល​ធម្មតា​ផងដែរ​ដើម្បី​លាងជម្រះ​បាន​ស្អាត​សព្វ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com