ភ្នំពេញ៖ សហជីពកម្មករ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើវិសោធនកម្មច្បាប់ ដែលកាត់ប្រាក់វេនយប់ និងឈប់លើកថ្ងៃសម្រាកសៅរ៍-អាទិត្យរបស់កម្មករនិយោជិត។ ប្រសិនបើ រដ្ឋាភិបាលនៅតែបន្តធ្វើវិសោធនកម្មច្បាប់នេះ សហជីពកម្មករគ្រោងធ្វើកូដកម្មប្រឆាំងការកែប្រែនេះ។
នៅចំពោះមុខស្តូបរូបអនុស្សាវរីយ៍របស់លោក លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ខែមករានេះ មេដឹកនាំសហជីពកម្មករមួយចំនួនដែលដឹកនាំដោយលោក រ៉ុង ឈុន និងលោក អាត់ ធន់ បានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបន្ថយប្រាក់វេនយប់សម្រាប់កម្មករ និងឈប់លើកថ្ងៃឈប់សម្រាកសៅរ៍ និងអាទិត្យ។
ការទាមទារនេះ ត្រូបានធ្វើឡើងក្នុងពេលដែលពួកគេប្រារព្ធពិធីរម្លឹកខួប១៦ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា ដែលត្រូវឃាតករបាញ់សម្លាប់នៅមុខតូបកាសែតក្បែររបងវត្តលង្ការ។ ទាំងលោក រ៉ុង ឈុន និងលោក អាត់ ធន់ ពួកគេក៏បានទាមទារឱ្យរដ្ឋាភិបាលស្វែងយុត្តិធម៌ជូនលោក ជា វិជ្ជា ផងដែរ។
គេមិនបានឃើញមានវត្តមានលោក ជា មុនី ដែលជាប្អូនប្រុសលោក ជា វិជ្ជា ហើយដែលបានបន្តដឹកនាំសហជីពបន្តពីបងប្រុសនោះឡើយ។
នៅចំពោះមុខ កម្មករប្រមាណ១០០នាក់ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានបង្ហាញក្តីបារម្ភ អំពីការបាត់បង់ផលប្រយោជន៍របស់កម្មករ នៅពេលដែលរដ្ឋាភិបាលមានគម្រោងកាត់បន្ថយប្រាក់វេនយប់ពី១៣០ភាគរយ មកនៅត្រឹម១០០ភាគរយដូចប្រាក់ឈ្នួលវេនថ្ងៃ។
លោកក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
លោក អាត់ ធន់ បានពន្យល់យ៉ាងដូច្នេះ៖«យើងស្នើឲ្យរដ្ឋាភិបាល បន្តអនុវត្តច្បាប់ដែលមានស្រាប់ ហើយមិនត្រូវរៀបចំ ឬតាក់តែងច្បាប់ ឬវិសោធកម្មច្បាប់ណាដែលខាតប្រយោជន៍ឡើយ។ យើងបន្តស្នើឲ្យរដ្ឋាភិបាល ជំរុញនិងធ្វើឲ្យប្រសើឡើងលើការផ្ដល់អន្តរភាពនៃវិស័យការងារ ដើម្បីឲ្យសហជីពកម្មករទទួលបានការការពារកម្មករទៅថ្ងៃមុខ។»។
ដូចគ្នាដែរ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក៏បានទទូចឲ្យរដ្ឋាភិបាលបញ្ជាប់ការធ្វើវិសោធកម្មច្បាប់ដែរ។ លោកព្រមានថា ប្រសិនបើ រដ្ឋាភិបាលនៅតែបន្តវិសោធនកម្ម សហជីពកម្មករនិងកម្មករនិយោជិត នឹងធ្វើកូដកម្មឡើង ដើម្បីទាមទារប្រយោជន៍រួមដល់កម្មករ។
«ការធ្វើវិសោធកម្ម គឺត្រូវធ្វើឲ្យពលរដ្ឋទទួលបានផលប្រយោជន៍ មិនមែនបាត់បង់នោះទេ។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ជជែកគ្នាថាត្រូវធ្វើយ៉ាងណា?....បើសិនប្រើនីតិវិធីអស់ហើយ យើងមានតែយុទ្ធសាស្ត្រចុងក្រោយ គឺកូដកម្ម បាតុកម្ម ដើម្បីជំរុញឲ្យមានការធានាបានច្បាប់កុំឱ្យបាត់បង់ផលប្រយោជន៍កម្មករ។»។ នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន។
ពាក់ព័ន្ធនឹងការធ្វើវិសោធកម្មច្បាប់ការងារនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករបានបញ្ជាក់ឲ្យដឹងថា សហជីពបានរៀបចំលិខិត២ ទី១ជាសេចក្ដីថ្លែងការណ៍ និងទី២ដាក់លិខិតទៅក្រសួងការងារ ដើម្បីបដិសេធចំពោះគំនិតផ្ដួចផ្ដើមនៃការធ្វើវិសោធកម្មច្បាប់ការងារនេះ។ សម្រាប់មេសហជីពរូបនេះ ការរៀបចំធ្វើវិសោធកម្មច្បាប់នេះ ឆ្លុះបញ្ចាំងពីការមិនបានគិតគូរដល់កម្មករនិយោជិត ប៉ះពាល់ប្រយោជន៍កម្មករ។ ជាមួយគ្នាដែរនេះ លោក ប៉ាវ ស៊ីណា និង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកពី វីរភាពរបស់លោក ជា វិជ្ជា ក្នុងការទាមទារសិទ្ធិដល់កម្មករ ដោយបន្តស្នើឲ្យមានការរកយុត្តធម៌ដល់លោក ជា វិជ្ជា៕
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ពីឆ្វេងទៅស្ដាំទី៧ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ។