ជាតិ
វីដេអូ
អាកាសធាតុ​ក្តៅ គ្មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​អ្នកលក់​ដើម​ផ្កា​អង្គាសីល​ប្រឈម​ខាត​ឡុងចុង​
22, Jan 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ដើម​អង្គាសីល ត្រូវបាន​គេ​ដាក់លក់​ជា​ហូរហែ តាមផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ចូលមក​ដល់​។ រាល់​ឆ្នាំ​អាជីវករ​លក់​ដើម​អង្គាសីល​បាន​ចំណាយ​ដើមទុន​ជាច្រើន ចាប់ពី​២​ពាន់​ដុល្លារ ដល់​ទៅ​៤​ពាន់​ដុល្លារ ឬ​ច្រើនជាង​នេះ​ក៏មាន​។ ក្នុង​ឆ្នាំ​២០២០​នេះ អាជីវករ​លក់​ដើម​អង្គាសីល ហាក់​មិន​សង្ឃឹម​ចំណេញ​ឡើយ ដោយសារ​ឆ្នាំនេះ ដើម​អង្គាសីល​មិនសូវ​ល្អ ព្រោះ​អាកាសធាតុ​ក្ដៅ និង​គ្មាន​ភ្លៀង​ធ្លាក់​។​

 
​ដើម្បី​ជ្រាប់​ច្បាស់​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ThmeyThmey  ជាមួយ​អាជីវក​លក់​ដើម​អង្គាសីល​ដូចតទៅ​៖ 

 
​អ្នកស្រី ចាន់ លក្ខិណា អ្នកលក់​ដើម​ផ្កា​អង្គាសីល​នៅ​វត្ត​ទឹកថ្លា បាន​លើកឡើងថា ឆ្នាំ​២០២០​នេះ អ្នកស្រី​បាន​ចំណាយ​ដើមទុន​១,៧០០​ដុល្លារ ដោយ​ឃើញ​ផ្កា​ឆ្នាំនេះ​សម្បូរ និង​មាន​គ្រាប់​ផ្កា​ធំៗ ទើប​អ្នកស្រី​ហ៊ាន​ចំណាយ​ដើមទុន​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ​ពាក់កណ្ដាល​។ ប៉ុន្តែ ដោយសារ​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ និង​មិនមាន​ភ្លៀង​ធ្លាក់ ទើប​ធ្វើ​ឲ្យ​ផ្កា​អង្គាសីល​ឆាប់​ចេញ​ផ្កា មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​។​
 
​អ្នកស្រី លក្ខិណា មិន​សង្ឃឹម​ចំណេញ​នោះទេ ព្រោះ​ផ្កា​អង្គាសីល​របស់​អ្នកស្រី​រីក​មុន​ថ្ងៃ​សែន​ចិន​-​វៀតណាម ដែល​ធ្វើ​ឲ្យ​លក់​មិនបាន​ថ្លៃ ដោយ​អ្នកស្រី​ពោល​យ៉ាង​ដូច្នេះ​៖«​បារម្ភ​ខ្លាច​ខាត​ដែរ អត់​ជឿជាក់​ចំណេញ​ទេ ព្រោះ​មើលទៅ​ផ្កា​អង្គាសីល​វា​គ្រាប់​ធំ ហើយ​រីក​លឿន មិនដឹង​វា​នៅ​ក្រពុំ​ឬ​អត់​ទេ បើ​នៅ​ក្រពុំ​លក់បាន​ថ្លៃ ដើម​ខ្លះ​រីក​អីចឹង​ក៏​លក់បាន​ដែរ តែមួយ​ដើម​ធ្លាប់​លក់បាន​៤០​ដុល្លារ ដល់ពេល​ផ្កា​រីក​សល់​ត្រឹម​២៥​ដុល្លារ ខាត​អស់​ជិត​ពាក់កណ្ដាល​»​។​
 
​ចំណែកឯ អ្នកលក់​ដើម​ផ្កា​អង្គាសីល​នៅតាម​បណ្ដា​យ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​វិញ ក៏​បារម្ភ​ខ្លាច​មិន​ចំណេញ​ដូច​អ្នកស្រី លក្ខិណា​ដែរ​។ បើតាម លោក ស្អាង យ៉ុង ដែលមាន​បទពិសោធ​លក់​ដើម​ផ្កា​អង្គាសីល​ជិត​២០​ឆ្នាំ បាន​អះអាងថា ក្រៅពី​ការមើល​ថែ​ល្អ ដើម​អង្គាសីល​ត្រូវការ​អាកាសធាតុ​ត្រជាក់ និង​ទឹកភ្លៀង​ទើប​ធ្វើ​ឲ្យ​ផ្កា​រីក​ល្អ​។ ឆ្នាំ​២០២០​នេះ ផ្កា​អង្គាសីល​មិនសូវ​ល្អ​ដូច​ឆ្នាំមុន​នោះឡើយ ព្រោះ​អាកាសធាតុ​ក្ដៅ និង​មិនមាន​ភ្លៀង​ធ្លាក់​កក់ខែ​។​
 
​ចំណាយ​ដើមទុន​១១​លាន​រៀល អាជីវ​កវ័យ​៦១​ឆ្នាំ រូបនេះ មិនសូវ​សង្ឃឹម​ចំណេញ​ដូច​ឆ្នាំមុន​ឡើយ ខណៈ​ឆ្នាំមុន​លោក ចំណេញ​បាន​ជាង​៣​លាន​រៀល​។ អាជីវក ស្អាង យ៉ុង បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយសារ​មិនមាន​ភ្លៀង​ធ្លាក់​កក់ខែ​សោះ ផ្កា​អង្គាសីល​នេះ​ត្រូវការ​ទឹកភ្លៀង កាលណា​រាំង​តាំងពី​ចុងខែ​មកទល់​ឥឡូវ អត់​មាន​ភ្លៀង​សោះ រាល់​ឆ្នាំ​ថ្ងៃទី​១១ មករា​អី​មាន​ភ្លៀង​ធ្លាក់​ហើយ​»​។​
 
​ជាមួយគ្នានេះ លោក ញឹ​ប ពុ​ទ្ធី អ្នកលក់​ដើម​ផ្កា​អង្គាសីល​មកពី​ខេត្តពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បារម្ភ​ខ្លាច​ផ្កា​អង្គាសីល​ឆ្នាំនេះ​ឆាប់​ចេញ​ផ្កា​ពេក​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​លក់​។ អាជីវ​កវ័យ​៥៦​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច​ច្នេះ​ថា​៖ «​ផ្កា​អង្គាសីល​ឆ្នាំនេះ មាន​ខ្លះ​ឆាប់​ចេញ​ផ្កា​ពេក​។ តាម​ខ្ញុំ​មើល​មកពី​មិន​រាំង​ពេក​មិនមាន​ភ្លៀង​ធ្លាក់​»​។ 
 
​អ្នកលក់​ដើម​អង្គាសីល​ដែលមាន​បទពិសោធ​៩​ឆ្នាំ រូបនេះ បាន​ចំណាយពេល​ជិត​១​ខែ ដើម្បី​ទៅ​ទិញ​ដើម​ផ្កា​អង្គាសីល​ក្នុងព្រៃ​និង​យកមក​លក់​នៅ​ភ្នំពេញ​។ លោក ពុ​ទ្ធី ត្រូវ​ជួល​កន្លង​គេ​លក់​ក្នុងតម្លៃ​២០០​ដុល្លារ នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង​ផ្សារ​ដី​ហុយ ក្នុង​ស្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ 
 
​ទោះបី​ឆ្នាំ​២០២០​នេះ អាជីវក​លក់​ដើម​ផ្កា​អង្គាសីល​ប្រឈម​នឹង​ការ​ខាតដើម​ច្រើនជាង​ចំណេញ​ក៏ដោយ តែ​ពួកគាត់​អះអាងថា នៅតែ​បន្ត​លក់​ដើម​អង្គាសីល​នេះ​ដដែល​នៅ ព្រោះ​មួយឆ្នាំ​មានតែ​ម្ដង​បើទោះជា​របរ​នេះ​ម្ដង​ត្រូវ​ម្ដង​អត់​ក៏ដោយ​៕

Tag:
 អាជីវករ​
  ផ្កា​អង្គាសីល​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com