ជាតិ
វីដេអូ
លោក យ៉ង សាំង​កុមារ ចង់ឃើញ​រដ្ឋាភិបាល​រៀបចំ​គ្រូ និង​អ្នកជំនាញ​កសិកម្ម​ដឹកនាំ​កសិករ​
22, Jan 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ការដាំដុះ និង​ចិញ្ចឹមសត្វ​របស់​កសិករ ត្រូវការ​គ្រូ និង​អ្នកជំនាញ​មានចំណេះដឹង និង​មាន​បច្ចេកទេស​កសិកម្ម សម្រាប់​ដឹកនាំ​កសិករ​ក្នុង​វិស័យ​កសិកម្ម​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង សាំង​កុមារ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក យ៉ង សាំង​កុមារ បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កសិករ ចំណុច​គ​ន្លឺះ​យើង​ត្រូវមាន​អ្នកដឹកនាំ មាន​គ្រូ​កសិកម្ម​ល្អ និង​អ្នក​អភិវឌ្ឍ​កសិកម្ម ចុះ​ធ្វើការ​គ្រប់​ទីកន្លែង​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា និង​អាន​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 
 
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ការដាំដុះ​កសិផល និង​ទីផ្សារ​កសិកម្ម នៅតែ​បញ្ហា​ម្រា​ប់​កម្ពុជា តើ​លោក មាន​អនុសាសន៍​បែបណា​ជុំវិញ​បញ្ហា​នេះ នៅក្នុង​ឆ្នាំ​២០១៩?
 
​លោក យ៉ង សាំង​កុមារ​៖ តាមពិតទៅ វា​ជា​បញ្ហា​ដដែលៗ ដែល​កើត​ឡើងជា​រៀងរាល់ឆ្នាំ​ទាក់ទង​រឿង​ទីផ្សារ ដោយ​ប្រែប្រួល​តាម​ឆ្នាំ តាម​រដូវ​ទៅលើ​ផលិតផល មានដូចជា បន្លែ ស្រូវ ដំឡូង ស្វាយចន្ទី និង​ម្រេច​ជាដើម​។ ដោយឡែក​ឆ្នាំ​២០១៩ បន្ត​ប្រឈម​បញ្ហា​ទីផ្សារ​ច្រើន ជាពិសេស​ដូចជា ម្រេច បន្លែ ស្រូវ ដែល​តម្លៃ​ចុះថោក​។ សម្រាប់​ឆ្នាំ​២០២០​នេះ ការ​ប្រមើល​ឃើញថា មាន​ទាក់ទង​នឹង​កត្តា​ពីរ កត្តា​ខាងក្នុង និង​កត្ដា​ទីផ្សារ​អន្តរជាតិ​ខាងក្រៅ ដែលមាន​ឥទ្ធិពល​លើ​ផលិតផល និង​ទីផ្សារ​ក្នុងស្រុក​។ ជា​អនុសាសន៍​របស់ខ្ញុំ សំខាន់​គឺ​កសិករ​ត្រូវការ​មាន​អ្នកដឹកនាំ ចុះ​ដឹកនាំ ចងក្រង ជា​ក្រុម ជា​សហគមន៍ និង​ប្រមូល​ទិន្នន័យ​ឲ្យ​បានជា​ក់លាក់ ពី​ផែន​ការផលិត ទីកន្លែង​ដាំ​ដុះ និង​រដូវ​ណា​មាន​អ្វី ដើម្បី​ងាយស្រួល​សម្របសម្រួល​ផ្សារភ្ជាប់​ទីផ្សារ ដោយ​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ដូចជា​វិស័យ​ឯកជន ពាណិជ្ជករ និង​សិប្បករ​ជាដើម​។ 
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ លោក​ចង់​ឲ្យ​មាន​គ្រូ និង​អ្នកបច្ចេកទេស​។ តើ​កន្លងមក មិនទាន់មាន​គ្រូ និង​អ្នកបច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម ឬក៏​យ៉ាងណា​?
 
​លោក យ៉ង សាំង​កុមារ​៖ យើង​ត្រូវ​យល់ថា ក្នុង​រចនាសម្ព័ន្ធ​នៃ​ការងារ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​នៅក្នុង​វិស័យ​កសិកម្ម គឺ​ស្រដៀង​នឹង​វិស័យ​ផ្សេងៗ មាន​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក​។ នៅ​ថ្នាក់ស្រុក មាន​មន្ត្រី​កសិកម្ម ៣​ទៅ​៤​នាក់ ទៅតាម​ស្រុក​នីមួយៗ​។ មន្ត្រី​នោះ គាត់​មិនអាច​មានលទ្ធភាព​ធ្វើការ​គ្រប់គ្រាន់​ទេ គឺ​ទី​១ ដោយសារ​ចំនួន​តិច ទី​២ ខ្វះ​ធនធាន ថវិកា និង​ខ្វះ​សមត្ថភាព សម្រាប់​ការធ្វើ​ការដឹកនាំ​កសិករ​ផ្សារភ្ជាប់​នឹង​ទីផ្សារ​។ ដូច្នេះ យើង​ត្រូវការ​គ្រូ​កសិកម្ម មន្ត្រី​កសិកម្ម អ្នកជំនាញ​កសិកម្ម ចន្លោះ ៣​ពាន់​ទៅ​៥​ពាន់​នាក់ ដើម្បី​ធ្វើការ​នៅ​គ្រប់​ភូមិ​ស្រុក​នៅ​ទូទាំងប្រទេស​។ កន្លងមក វា​ជាការ​ខ្វះខាត​ខ្លាំង ហើយ​ការខ្វះខាត​នេះ នឹង​បន្ត​ខ្វះខាត​នៅ​ឆ្នាំ​២០២០​។ 
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ដូច្នេះ​លោក ពិតជា​ចង់​ឲ្យ​មាន​គ្រូ និង​អ្នកដឹកនាំ សម្រាប់​ពួកគាត់ ដែលជា​កសិករ​នៅតាម​បណ្ដា​ខេត្ត​? 
 
​លោក យ៉ង សាំង​កុមារ​៖ បាទ​! ពីព្រោះ​យើង​កំពុងស្ថិត​ក្នុង​បរិបទ​មួយ គឺ​ការផ្លាស់ប្ដូរ​មួយ ដោយ​កសិករ​ផលិត​ផ្សារភ្ជាប់​មក​ទីផ្សារ ផលិត​ផង ធ្វើ​កសិកម្ម​ផង និង​ធ្វើ​ពាណិជ្ជកម្ម​ផង​។ ដូច្នេះ ត្រូវការ ការគាំទ្រ​បច្ចេកទេស​ការងារ​ផលិត គាំទ្រ​ការទំនាក់ទំនង​មក​ទីផ្សារ និង​ទាក់ទង​រឿង​ទឹក ទុន វា​មានរឿង​ច្រើន ហើយ​ត្រូវការ​មាន​អ្នកដឹកនាំ និង​អ្នកជំនាញ​ម្នាក់ ទៅធ្វើ​ការ​ជាមួយ​កសិករ ទៅតាម​ទំហំ​នៃ​ភូមិ និង​ទំហំ​ផលិតកម្ម​។​
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ហេតុអ្វី នៅពេល​ដល់​រដូវ​ប្រមូល​ផល កសិករ​លក់បាន​ថោក ឬ​គិតថា​គ្មាន​ទីផ្សារ ដោយសារ​ពួកគាត់ ដាំ​ដុះ​លើស​ចំនួន​កំណត់ ឬ​ដោយសារ​មាន​ទីផ្សារ​ខាងក្រៅ​ចូលមក​ច្រើន​?
 
​លោក យ៉ង សាំង​កុមារ​៖ យើង​ត្រូវ​ទទួលស្គាល់ នៅ​ស្រុក​ខ្មែរ មានការ​នាំចេញ និង​នាំចូល​។ អ្វីដែល​យើង​នាំចូល​ច្រើន គឺមាន​បន្លែ ស៊ុត ជ្រូក ត្រី និង​អង្ករ ជាពិសេស​បន្លែ និង​ផ្លែឈើ គឺ​យើង​នាំចូល​ច្រើន​។ ការប្រកួតប្រជែង​រវាង​កសិករ​នៅ​ប្រទេស​វៀតណាម ថៃ គឺ​គេ​មានប្រៀប​ខ្លាំង​ជាង​យើង គេ​អាច​ផលិត​បាន​ច្រើន ផលិត​បាន​ទៀងទាត់ ហើយ​ថ្លៃដើម​ផលិត​គេ​ទាប​ផង​។ ដូច្នេះ ការប្រកួតប្រជែង​នេះ គឺ​ខ្លាំងណាស់ ហើយ​វា​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ ម្យ៉ាងទៀត ការផលិត​របស់​យើង ពេលខ្លះ​មាន​ច្រើន ពេលខ្លះ​មាន​តិច ថ្លៃដើម​ផលិត​របស់​យើង​ក៏​ថ្លៃ ការសហការ​គ្នា​រវាង​កសិករ និង​កសិករ ក៏​នៅមានកម្រិត​។ អញ្ចឹង យើង​ត្រូវ​មានរឿង​ច្រើន​ត្រូវ​គិតគូរ ទាក់ទង​នឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​យើង​។ 
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ តើ​រដ្ឋាភិបាល​គួរ​ធ្វើ​បែបណា​ទៅ នៅពេលដែល​រដូវ​ប្រមូល​ផល​មកដល់ រដ្ឋាភិបាល​គួរតែ​បិទ​ការ​នាំចូល ឬ​យ៉ាងម៉េច​?
 
​លោក យ៉ង សាំង​កុមារ​៖ ទី​១ យើង​មាន​វិធានការ ការពារ និង​ទី​២ វិធានការ ព្យាបាល​។ ចំពោះ វិធានការ ការពារ យើង​ត្រូវ​ដឹង​មុន​ថា រដូវ​ណា សម្បូរ​អ្វី នៅ​កន្លែង​ណា សម្បូរ​អ្វី ដើម្បី​ជួយ​សម្របសម្រួល​ការផលិត កុំ​ឲ្យ​ច្រើនពេក និង​សហការ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ ដូច្នេះ ការធ្វើ​ពាណិជ្ជកម្ម ពី​តំបន់​មួយ​ទៅ​តំបន់​មួយ នឹង​ជួយ​ដោះស្រាយ​បញ្ហា​នោះ​។ ចំណែក វិធានការ ព្យាបាល​វិញ យើង​អាច​អន្តរាគមន៍ និង​ឃាត់​ការ​នាំចូល​មួយរយៈ​។​
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ សម្រាប់​លោក​វិញ យល់ឃើញ​បែបណា​ដែរ ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ថា​តើ​មានការ​រីកចម្រើន​ឬ​នៅ ឬ​ក្នុង​កម្រិត​ទាប​នៅឡើយ​? 
 
​លោក យ៉ង សាំង​កុមារ​៖ ជារួម គឺ​វិស័យ​កសិកម្ម​របស់​យើង នៅតែមាន​សក្តានុពល​ខ្ពស់ យើង​មាន​ទឹកដី​ទូលំទូលាយ និង​មាន​កសិករ​ច្រើន ដែល​ចង់​ធ្វើ​កសិកម្ម ហើយ​ទីផ្សារ​កាន់តែ​ធំ ក្នុងស្រុក​ក៏​កាន់តែ​ធំ តម្រូវការ​កាន់តែច្រើន​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​សមត្ថភាព​ក្នុង​ការផលិត និង​ការប្រកួតប្រជែង រួមទាំង​ការផលិត​ផ្សារភ្ជាប់​នឹង​ទីផ្សារ ដែលជា​បញ្ហា​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ឧស្សាហ៍​លើកឡើង​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​ទឹក ទុន ទីផ្សារ បច្ចេកទេស និង​ការទំនាក់ទំនង ដើម្បី​ចូល​ទីផ្សារ ហើយ​នេះ​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវមាន​អ្នកដឹកនាំ មាន​គ្រូ​កសិកម្ម​ល្អ និង​អ្នក​អភិវឌ្ឍ​កសិកម្ម​ចុះ​ធ្វើការ​គ្រប់​ទីកន្លែង​៕ 

Tag:
 កសិកម្ម​
  កសិករ​
  យ៉ង សាំង​កុមារ​
  បច្ចេកទេស​
  អ្នកជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com