កីឡាអន្តរជាតិ
អន្តរជាតិ
LA Galaxy ទិញ Chicharito ទៅ​ជំនួស Ibrahimovic ដោយ​ផ្តល់​បៀវត្ស​ថ្លៃ​ជាងគេ​នៅ MLS
22, Jan 2020 , 3:36 pm        
រូបភាព
LA Galaxy ក្រុមកីឡា​បាល់ទាត់​នៃ​លី​គ​កំពូល​អាមេរិក (Major League Soccer) បាន​ចុះ​កិច្ចព្រមព្រៀង​ទិញយក​អតីត​ខ្សែប្រយុទ្ធ Manchester United កីឡាករ Javier Hernandez ឬ Chicharito ពី​ក្រុម Sevilla ដោយ​ផ្តល់ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ​អាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Sevilla នៅ​ថ្ងៃទី​២១ ខែមករា​។


​ខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ិ​ក​ស៊ិ​ក វ័យ​៣១​ឆ្នាំ​រូបនេះ នឹងត្រូវ​ជំនួស​តំណែង Zlatan Ibrahimovic ដែល​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​ចាស់​របស់គេ​នៅ​ទឹកដី​អ៊ីតាលី AC Milan កាលពីដើម​ខែមករា​នេះ​។​
 
​បើតាម​ការផ្សាយ​របស់ LA Time Hernandez នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ MLS ក្នុងតម្លៃ​លើសពី ៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដែល​នេះ​មាន​ចំនួន​ច្រើនជាង Ibrahimovic ដែល​ទទួលបាន​ពី LA Galaxy ទៅទៀត​។​
 
​ការ​ទៅ​ចួ​ល​រួមជាមួយ LA Galaxy នេះ អតីត​កីឡាករ​បិសាច​ក្រហម និង Real Madrid នៅសល់​កិច្ចសន្យា​ជាមួយ Sevilla ចំនួន​៧​ខែ​ទៀត ចាប់តាំងពី​រូបគេ​ចាក​ចេញពី West Ham កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។​
 
«​ខ្ញុំ​សូម​លា​ក្លិប​មួយ​ដែល​ខ្ញុំ​បាន​ចំណាយពេល​ដ៏​ខ្លី ប៉ុន្តែ​គ្រប់គ្រាន់​ដើម្បី​រក្សា​ក្តី​ស្រឡាញ់ ពិសេស​គឺ​ដឹងថា​វា​មានន័យ​យ៉ាងដូចម្តេច​នៅក្នុង​ពិភព​បាល់ទាត់​។ នេះ​ជាការ​លាគ្នា​ដោយ​ភាព​សោកសៅ ដ្បិត​ខ្ញុំ​ប្រាកដថា​ប្រសិនបើ​ខ្ញុំ​មាន​ពេល​ច្រើន​ខ្ញុំ​នឹងមិន​ចាំបាច់​ចាកចេញ​ឆាប់​នោះទេ​»​។ នេះ​ជា​សំណេរ​របស់ Hernandez ដែល​រូបគេ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់គេ​។​
 
LA Galaxy តាំងពី​រដូវ​កាល ២០១៦ មក​ពួកគេ​បញ្ចប់​រដូវ​កាល​ដោយ​ទទួលបាន​ត្រឹម​ចំណាត់​ទី​៥​ប៉ុណ្ណោះ បន្ទាប់​ពីលើ​កពាន MLS លើកចុងក្រោយ និង​ជា​លើក​ទី​៥ ក្នុង​ឆ្នាំ​២០១៤៕

Tag:
 LA Galaxy
  Javier Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com