អន្តរជាតិ
អ៊ីរ៉ង់និងកាណាដា ប្រកែកគ្នារឿងវិភាគទិន្នន័យប្រអប់ខ្មៅយន្តហោះអ៊ុយក្រែនធ្លាក់ ប្រអប់ខ្មៅយន្តហោះអ៊ុយក្រែនធ្លាក់ (Reuters)
× អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានស្នើសុំអាជ្ញាធរសហរដ្ឋអាមេរិកនិងបារាំងសម្រាប់ឧបករណ៍ដើម្បីទាញយកទិន្នន័យពីប្រអប់ខ្មៅលើយន្តហោះអ៊ុយក្រែនដែលធ្លាក់។ ទង្វើនេះ ទំនងជាបង្កជាកំហឹងដល់ប្រទេសដែលចង់យកប្រអប់ខ្មៅនេះមកវិភាគដោយផ្ទាល់ ជាពិសេស កាណាដា។
ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ មានសម្ភារគ្រប់គ្រាន់ ពួកគេអាចវិភាគទិន្នន័យបានដោយខ្លួនឯងក្នុងរយៈពេលខ្លី។ អង្គការអាកាសចរណ៍ស៊ីវិលរបសអ៊ីរ៉ង់ បានបញ្ជាក់បែបនេះក្នុងរបាយការណ៍លើកទី២របស់ខ្លួន កាលពីយប់ថ្ងៃ២០ មករា ។ តាមទីភ្នាក់ងារព័ត៌មាន AFP ស្ថាប័នអាកាសចរណ៍អ៊ីរ៉ង់នេះ បានបញ្ជាក់ថា បញ្ជីឈ្មោះឧបករណ៍ដែលអ៊ីរ៉ង់ត្រូវការ បានបញ្ជូនទៅកាន់អាជ្ញាធរបារាំង និងអាមេរិក។
«រហូតមកទល់ពេលនេះ ប្រទេសទាំងនេះ ពុំទាន់បានផ្តល់ការឆ្លើយតបវិជ្ជមានណាមួយពាក់ព័ន្ធការបញ្ជូនសម្ភារមកកាន់អ៊ីរ៉ង់ឡើយ»។ ស្ថាប័នអាកាសចរណ៍អ៊ីរ៉ង់ បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា ខ្លួនពុំមានសម្ភារតាមតម្រូវការដើម្បីទាញយកព័តមានពីប្រអប់ខ្មៅលើយន្តហោះអ៊ុយក្រែនដែលធ្លាក់ប្រភេទ Boeing ៧៣៧ នោះឡើយ។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ដែលបាត់បង់ប្រជាជន៥៧នាក់ក្នុងចំណោមអ្នកស្លាប់១៧៦ក្នុងហេតុការណ៍ធ្លាក់យន្តហោះ បានបញ្ជាក់ថា អ៊ីរ៉ង់ ពុំមានសមត្ថភាពវិភាគទិន្នន័យឡើយ ហើយលោកបានទាមទារអាជ្ញាធរអ៊ីរ៉់ងបញ្ជូនប្រអប់ខ្មៅនោះទៅឲ្យបារាំង។ លោក សង្កត់ធ្ងន់ថា ទិន្នន័យនេះ គួរតែត្រូវបានទាញយកមកវិភាគភ្លាមៗ។
ក្រុមហ៊ុន General Electric Co របស់អាមេរិក បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនបានទទួលអាជ្ញាបណ្ណពីក្រសួងរតនាគារអាមេរិកដើម្បីជួយជ្រោមជ្រែងក្នុងការស៊ើបអង្កេតករណីធ្លាក់យន្តហោះនេះ។ ក្រោមច្បាប់ទណ្ឌកម្មអាមេរិក ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក (OFAC) ត្រូវផ្តល់ការអនុញ្ញាតសម្រាប់ក្រុមស៊ើបអង្កេតអាមេរិក ទើបពួកគេអាចចូលរួមក្នុងប្រតិបត្តិការនេះបាន និងអាចធ្វើដំណើរទៅកាន់ប្រទេសនេះ។
សូមបញ្ជាក់ថា យន្តហោះ Boeing ៧៣៧ ផលិតដោយក្រុមហ៊ុនអាមេរិក ដែលហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយអចេតនាពីសំណាក់កងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃ៨ មករា អំឡុងពេលមានភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ ។ ការប្រឈមមុខដាក់គ្នានេះ បានកើតឡើងដោយការធ្វើឃាតលើមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ កាលពីថ្ងៃ ៣ មករា៕
© រក្សាសិទ្ធិដោយ thmeythmey.com