ពីនេះ ពីនោះ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ ពលរដ្ឋ​កម្ពុជា​គួរប្រើ​សេវា​មគ្គទេសក៍ នៅពេល​ទស្សនា​អង្គរ​
22, Jan 2020 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និង​សំណាង​សម្បូរ​រឿង​និយាយ​រាល់​ព្រឹក នៅ​តៀម​កាហ្វេ​មុន​ទៅធ្វើ​ការ​។ ឆ្លង​ពី​រឿង​មន្ត្រី រឿង​យុវជន ព្រឹក​នេះ​ដល់​រឿង​ទេសចរណ៍វប្បធម៌​ម្តង​។ សុធីរ និង​សំណាង​យល់ឃើញថា ពលរដ្ឋ​ខ្មែរ​គួរតែ​ប្រើប្រាស់​មគ្គទេសក៍ នោ​ពេល​ពួកគេ​ចូល​ទស្សនា​តំបន់​ទេសចរណ៍ ពិសេស​នៅតាម​ប្រាសាទបុរាណ​។​

 
​សំណាង​៖ អញ​កោត ប្រជាជន​យើង​មួយចំនួន​តូច​នៅ​និយាយថា ដើរលេង​តាម​ប្រាសាទ​មិន​សប្បាយ ព្រោះ​ដូច​ទៅ​មើល​តែ​ដុំថ្ម ហើយ​ក្តៅ​ទៀត​។ អ្នកខ្លះ​ទៅ​តែ​ថត​តែមួយ​ភ្លែត ក៏​ចេញ​វិញ​។ រីឯ​បរទេស​វិញ ពួកគេ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​រាប់ម៉ឺន​គីឡូម៉ែត្រ​មក​ដើរលេង​ពេញ​ប្រាសាទ​។ ដល់​តែ​ខ្មែរ​យើង​និយាយ​ចឹ​ង អញ​ដូច​ឆ្ងល់​ដល់​ហើយ​វ៉ើ​យ​!
 
​សុធីរ​៖ វា​មិន​ចម្លែក​ទេ​។ អ្នក​និយាយថា​ប្រាសាទ​ជា​ថ្ម មកពី​ពួកគេ​បានត្រឹមតែ​«​ស្គាល់​» តែ​គេ​មិនទាន់​«​យល់​»​ពី​ប្រាសាទ​ឡើយ​។ ស្គាល់ មានន័យថា ត្រឹមតែ​ឃើញ​។ ពាក្យ​ថា យល់ គឺ​បានន័យថា ដឹង​ពី​ប្រវត្តិ​នៃ​ថ្ម​ទាំងនោះ​។ ដល់ពេល​បាន​«​យល់​» ទើប​ដឹងថា​ត្រូវ​«​ស្រឡាញ់​»​។​
 
​សំណាង​៖ អ្ហែង​និយាយ​ឱ្យ​ច្បាស់​បន្តិច​មើល៍​អ្ហា​!
 
​សុធីរ​៖ នៅពេលដែល​ទេសចរ​បរទេស សម្រេចចិត្ត​មក​ទស្សនា​ប្រាសាទបុរាណ​នៅ​កម្ពុជា ពួកគេ​បាន​អាន និង​ទស្សនា​ឯកសារ​វីដេអូ​ដើម្បី​ស្វែងយល់​ពី​ប្រាសាទ​យើង​រួច​ខ្លះ​ហើយ​។ ពេលមកដល់​ប្រាសាទ ពួកគេ​មាន​មគ្គទេសក៍ និទាន​ប្រាប់​ពួកគេ​ពី​ដើម​ដល់​ចប់ ពី​ប្រវត្តិ​នៃ​កន្លែង​មួយ ទៅ​កន្លែង​មួយ​។ ទេសចរ​បរទេស​អាច​ស្គាល់​រឿងរ៉ាវ​ប្រាសាទខ្មែរ ច្រើន​ជា​កូន​ខ្មែរ​ជាច្រើន​ផង​។ ដល់​អ៊ីចឹងទៅ ទេសចរ​បរទេស​ស្រឡាញ់​ប្រាសាទខ្មែរ ច្បាស់​ជាង​ខ្មែរ​។ និយាយ​បែប​ម្យ៉ាងទៀត បរទេស​ស្រឡាញ់​វប្បធម៌​ខ្មែរ និង​ស្រឡាញ់​ប្រាសាទខ្មែរ ដោយមាន​មូលដ្ឋាន និង​មូលហេតុ​ច្បាស់ ថា​ហេតុអ្វី​បានជា​គេ​ស្រឡាញ់​។​
 
​សំណាង​៖ ដល់​អ្ហែង​និយាយ​អ៊ីចឹងទៅ អញ​គិតថា លើក​ក្រោយ​អញ​ទៅលេង​សៀមរាប អញ​នឹង​ជួល​មគ្គទេសក៍ ឱ្យ​និយាយ​រឿងរ៉ាវ​តាម​ប្រសាទ​ឱ្យ​គ្រួសារ និង​កូនៗ​អញ​បាន​ស្តាប់​តែម្តង​។ តែ​ដូច​ថ្លៃ​ដែរ អញ​ឮថា​មួយថ្ងៃ​៣០ ទៅ ៤០​ដុល្លារ​អី​ណោះ​!​។​
 
​សុធីរ​៖ សូមឱ្យ​មាន​ជា​ចាប់ផ្តើម​ខ្លះ​ក៏​ល្អ​ដែរ​។ គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ ដែល​ទៅ​ដើរលេង​មានលទ្ធភាព​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ គួរតែមាន​លទ្ធភាព​ចាប់ផ្តើម​មុន​។ នេះ​ទី​១​។ ទី​២ បើ​អាច​រដ្ឋាភិបាល​ជួយឧបត្ថម្ភ​ចំណែក​តូច​ណាមួយ ដើម្បី​ជំរុញ​ទឹកចិត្ត​ឱ្យ​កូន​ខ្មែរ​បាន​ស្តាប់ បាន​យល់​ពី​ប្រសាទ​ខ្មែរ​កាន់តែច្រើន​ក៏​កាន់តែ​ល្អ​។ ទី​៣ អញ​គិតថា បើសិន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​ប្រើប្រាស់​មគ្គទេសក៍​នៅតាម​រមណីយដ្ឋាន ការណ៍​ក៏​ធានា​ដល់​របរ​មគ្គទេសក៍​ខ្លះ​ដែរ ដោយ​ពុំ​ចាំបាច់​រំពឹង​តែ​ភ្ញៀវ​បរទេស​។ សរុប​មកវិញ អញចង់​និយាយថា បើ​ចង់​និយាយ​ពី​ជាតិនិយម ឱ្យ​តម្លៃ​វប្បធម៌ ឱ្យ​ប្រជាជន​ស្រឡាញ់​មរតក​បេតិកភណ្ឌ និយាយឱ្យចំ​គឺ​ស្រឡាញ់​ប្រាសាទបុរាណ​ខ្មែរ លុះត្រាតែ​ពួកគេ​យល់ដឹង​ពី​ប្រវត្តិ​ប្រាសាទ​ទាំងនោះ ដោយ​មិនចាំបាច់​ឱ្យ​ពួកគេ​អាន​សៀវភៅ​ឡើយ​។ ដើរ​ស្តាប់​មគ្គទេសក៍​និទានរឿង​ឱ្យស្តាប់ ហើយ​បានឃើញ​រូបភាព​ជាក់ស្តែង​នៅតាម​ជញ្ជាំង​ប្រសាទ វា​ប្រាកដជា​រំភើប​ខ្លាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com