កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne ក្លាយជា​កំពូល​អ្នក Assist ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ Premier League
22, Jan 2020 , 10:19 pm        
រូបភាព
Kevin De Bruyne ខ្សែបម្រើ​ឆ្នើម​របស់ Manchester City បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ក្របខណ្ឌ Premier League ដោយបាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី (Assist) ច្រើន​១៥​លើក​ក្នុង​រយៈពេល​បី​រដូវ​កាល​ផ្សេងគ្នា​។​


 
​កំណត់ត្រា​ថ្មី​របស់​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក កើតឡើង​បន្ទាប់ពី​រូបគេ​បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ​ខ្សែប្រយុទ្ធ Sergio Aguero ស៊ុត​បញ្ចូល​ទី​ដើម្បី​ជួយ Manchester City យកឈ្នះ Sheffield United ១-០ ក្នុងជំនួប​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​២៤ នៅ​រាត្រី​ថ្ងៃទី​២១ ខែមករា​។​
 
​នេះ​ជាការ Assist លើក​ទី​១៥ របស់ De Bruyne នៅ​រដូវ​កាល ២០១៩-២០ នេះ ខណៈដែល​រដូវ​កាល ២០១៦-១៧ រូបគេ​ធ្វើបាន​១៨​លើក និង ២០១៧-១៨ សម្រេចបាន​១៦​លើក​។​
 
​អតីត​សមាជិក​ក្រុម Chelsea និង VfL Wolfsburg វ័យ ២៨ ឆ្នាំ​រូបនេះ ពិតជា​បានបង្ហាញ​ភាពរឹងមាំ និង​គ្រោះថ្នាក់​បំផុត​នៅ​តំបន់​បម្រើ​សម្រាប់​ក្រុម​រហស្សនាម​មេឃ​ខៀវ ចាប់តាំងពី​រូបគេ​ផ្លាស់​ទៅកាន់​ទឹកដី​អង់គ្លេស​ឆ្នាំ​២០១៥​។ ស្ទើ​តែ​គ្រប់ការ​ប្រកួត​ដែល De Bruyne តែងតែ​បង្កើត​ឱកាស​ឲ្យ​ដៃគូ​សម្រេច​ទី តាមរយៈ​ការបញ្ជូន​បាល់​ចោះ​កាត់​ចូល​មុខ​ទី​គូប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាព​។​
 
​វត្តមាន​របស់ De Bruyne ពិតជា​បាន​ជួយ Man City ដែល​សព្វថ្ងៃ​មាន​លោក Pep Guardiola ជា​អ្នកចាត់ការ​ទូទៅ​លើក​ពាន Premier League ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​។ ក្រៅពី​ការបញ្ជូន​បាល់ រូបគេ​ក៏​កំពុង​រីករាយ​នឹង​ការរក​គ្រាប់​ផងដែរ ដោយ​សព្វថ្ងៃ​រកបាន​៧​គ្រាប់​រួចហើយ​ក្នុង​លី​គ ខណៈ​ពីរ​រដូវ​កាល​មុន​រកបាន​៨​គ្រាប់​ដូចគ្នា​។​
 
​យ៉ាងណាក៏ដោយ Man City ប្រហែលជា​ពិបាក​នឹង​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​រដូវ​កាល​នេះ​ណាស់ ដ្បិត​គូប្រជែង Liverpool បានបង្ហាញ​ភាពខ្លាំង​របស់​ពួកគេ​ដោយ​នាំមុខ​១៣​ពិន្ទុ​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ហើយ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​៕

Tag:
 Premier League
  Kevin De Bruyne
© រក្សាសិទ្ធិដោយ thmeythmey.com