ជាតិ
សម្តេច ស ខេង​៖ ត្រូវ​ប្រើ​មន្ត្រី​ឲ្យ​អស់​លទ្ធភាព បើ​ទំនេរ​ចោល គឺ​ខាតបង់​ថវិកាជាតិ​!
23, Jan 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​នា​ពិធី​សម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​-​ខេត្ត នៅ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ព្រឹក​ថ្ងៃទី​២២ ខែមករា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា រដ្ឋ​ត្រូវ​ប្រើ​មន្ត្រី​ឲ្យ​អស់​លទ្ធភាព ដើម្បី​បម្រើសេវា​កម្ម​ជូន​ប្រជាពលរដ្ឋ ព្រោះ​បើ​មន្ត្រី​ទំនេរ​ចោល ជាការ​ខាតបង់​ថវិកាជាតិ​។​

 
«​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​មូលដ្ឋាន ពោលគឺ​បើ​មិនទាន់មាន​តម្រូវការ​ស្នើសុំ​សេវា​ច្រើន រដ្ឋ​មិនទាន់​បង្កើត​ច្រកចេញ​តែមួយ​ឡើយ គឺ​មិនអាច​បង្កើត​ហើយ​យក​មន្ត្រី​ទៅ​ចាំ​បំពេញការងារ​ដោយ​ទំនេរ​ចោល​នោះទេ ព្រោះ​វា​គឺជា​ការខាតបង់​ថវិកាជាតិ ដែល​ថវិកា​នេះ​ក៏ដូចជា​ថវិកា​ពលរដ្ឋ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ស ខេង ដោយ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់​ប្រមូល​ផ្តុំគ្នា​ធ្វើការ​ដើម្បី​បម្រើសេវា​រដ្ឋបាល​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​។​
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ព​ន្លឿ​ន​ការងារ​សមាហរណកម្ម​ការិយាល័យ​នៃ​អង្គភាព​ជំនាញ ក៏ដូចជា​ការផ្ទេរ​បុគ្គ​លិ​ក ចូលក្នុង​រចនាសម្ព័ន្ធ ច្រកចេញចូល​តែមួយ ក៏ដូចជា​ការិយាល័យ​ប្រជាពលរដ្ឋ ដោយ​មិន​ឲ្យ​មន្ត្រី​ទាំងនោះ បាត់បង់​ប្រយោជន៍​រប​ស់​ខ្លួន​រហូតដល់​ចូលនិវត្តន៍​។ សម្តេច​បានលើកឡើង​ពី​ផលវិបាក​នៃ​ការធ្វើការងារ​បែកខ្ញែក​គ្នា ដោយមាន​ការិយាល័យ​ច្រើន ប៉ុន្តែ​មិនសូវមាន​មនុស្ស​ធ្វើការ​។​
 
«​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​សម្ពោធ​នា​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​តាម​សំណូមពរ ពេលវេលា ព្រមទាំង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ស ខេង នា​ពិធី​នៅ​ពោធិ៍សាត់​។​


 
​បើតាម​សម្តេច យន្តការ​ច្រកចេញចូល​តែមួយ បានទទួល​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ពី​សំណាក់​អ្នកប្រើប្រាស់​សេវា ដោយ​សារបាន​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការិយាធិបតេយ្យ និង​អំពើពុករលួយ​ក្នុង​ដំណើរ​ការសុំ​សេវា​ផ្សេងៗ​ពី​ស្ថាប័នរដ្ឋ​។​
​កម្ពុជា​បាន​អនុវត្ត​សាកល្បង​នូវ​ដំណើរការ​ច្រកចេញចូល​តែមួយ​នេះ រយៈពេល​១៥​ឆ្នាំ​រួចមកហើយ ដោយ​ចាប់​ផ្ដើមដំបូង​នៅ​ស្រុក​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​ស្រុក​នៅ​អាល្លឺម៉ង់ និង​អ៊ីតាលី ។ 
 
​បច្ចុប្បន្ន ក្រសួងមហាផ្ទៃ រួមជាមួយ​ក្រសួង​ពាក់ព័ន្ធ ពង្រីក​ការិយាល័យ​នេះ​នៅតាម​បណ្ដា​ក្រុង​ស្រុក​ជា​បន្តបន្ទាប់ គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ​ចំនួន​១១៥​រួចមកហើយ ។ ទន្ទឹមនឹង​ការបង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ ក្រសួងមហាផ្ទៃ ក៏​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​មួយទៀត​ដែរ ដែលមាន​តួនាទី​ទទួល សម្របសម្រួល និង​ដោះស្រាយ​ពាក្យបណ្ដឹង ឬ​ការតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​រដ្ឋបាល​មូលដ្ឋាន ភាពមិនប្រក្រតី​នៃ​ការផ្ដល់សេវា ឬ​ការបញ្ចេញ​អ​កប្ប​កិរិយា​មិន​សមរម្យ​ណាមួយ​ពី​មន្ត្រី​ក្នុងពេល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​
 
​សម្ដេច ស ខេង បាន​មានប្រសាសន៍​ទៀតថា ការិយាល័យ​ច្រកចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​របស់​រាជធានី​ខេត្ត​ទូទាំងប្រទេស បាន​ដំណើរ​ការផ្ដល់សេវា​ជិត​៦០០​ប្រភេទ​សេវា ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏​បានចេញ​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ និង​ធនធាន​មួយចំនួន​ពី​ថ្នាក់ជាតិ​មក​ឲ្យ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បាន​កែសម្រួល​រចនាសម្ព័ន្ធរ​ដ្ឋ​បាល​ក្រង​ស្រុក និង​បង្កើន​ថវិកា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២០​ដែរ ដោយ​ក្នុងនោះ​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ជាង​៧​ម៉ឺន​ដុល្លារ ដើម្បី​ធានា​ឲ្យ​ឃុំ​សង្កាត់​បំពេញបាន​តាម​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​៕



Tag:
 ​ច្រកចេញចូល​តែមួយ​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com