ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ថា​អយុត្តិធម៌​ដែល​យក​វីដេអូ​២​នាទី​ដាក់បន្ទុក​ខ្លួន តែ​អយ្យកា​រថា វា​មាន​ខ្លឹមសារ​ដូច​វីដេអូ​វែង​
22, Jan 2020 , 6:04 pm        
រូបភាព
លោក កឹម សុខា មិនចូល​ក្នុងបន្ទប់សវនាការនា​ថ្ងៃ​ទី​២២ ខែមករា នេះ។ រូបថត AFP
លោក កឹម សុខា មិនចូល​ក្នុងបន្ទប់សវនាការនា​ថ្ងៃ​ទី​២២ ខែមករា នេះ។ រូបថត AFP
នា​ការដេញដោល​សួរ​ក្នុង​បន្ទប់​សវនាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កឹម សុខា បានលើកឡើង​ពី​ភាពអយុត្តិធម៌​ដែល​តុលា​ការយក​វីដេអូ​រយៈ​ពេល​ត្រឹមតែ​២​នាទី ដើម្បី​ដាក់បន្ទុក​លោក​ពីបទ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ អ្នកសារព័ត៌មាន​ថ្មីៗ ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចូល​ស្តាប់​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ​នា​ល្ងាច​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែមករា នេះ​។​

 
​ដំណើរការ​រយៈពេល​ប្រមាណ​៣​ម៉ោង តំណាង​អយ្យការ និង​លោក កឹម សុខា បាន​តឹងសរសៃក​ដាក់គ្នា​យ៉ាងខ្លាំង​ជុំវិញ​ឃ្លី​ប​វីដេអូ ដែល​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រង​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ​។ លោក កឹម សុខា ច្រានចោល​ការចោទប្រកាន់ ហើយ​ថ្លែងថា វា​ជា​រឿង​អយុត្តិធម៌ ចំពោះ​ការយក​វីដេអូ​ត្រឹម​២​នាទី ធ្វើជា​ភស្តុតាង​ដាក់បន្ទុក​លើ​រូបលោក​។ 
 
​អតីត​មេបក្ស​ប្រឆាំង​រូបនេះ បាន​តវ៉ា​ថា វីដេអូ​ខ្លី​នោះ គ្មាន​ន័យ​គ្រប់គ្រាន់​ដូច​អ្វីដែល​លោក​បាន​ថ្លែង​នោះឡើយ ព្រោះ​មានការ​កាត់ត​ពាក្យសម្តី​របស់លោក​ទៅ​ភ្ជាប់​គ្នា ដែល​ធ្វើ​ឲ្យ​ខុសពី​ន័យ​ដើម​។​
 
​ផ្ទុយទៅវិញ តំណាង​អយ្យការ លោក ប្លង់ សុផល បាន​បញ្ជាក់ថា វីដេអូ​ដែលមាន​រយៈពេល​២​នាទី  មាន​ពាក្យពេចន៍ និង​ខ្លឹមសារ មិន​ខុសពី​វីដេអូ​វែង​ដែលមាន​រយៈពេល​១​ម៉ោង ៣​នាទី និង​១៩​វិនាទី នោះឡើយ​។​
 
​សវនាការ​នៅ​រសៀល​នេះ បានបញ្ចប់​នា​វេលា​ម៉ោង​៥ និង​១៥​នាទី ដោយ​ទាំង​វីដេអូ​ខ្លី និង​វីដេអូ​វែង នឹងត្រូវ​យក​ជា​ភស្តុតាង ដើម្បី​ដំណើរការ​សវនាការ​បន្ត​ទៀត​។​
 
​ជាមួយគ្នានេះ លោក គី តិច បាន​លើកឡើងថា វីដេអូ​វែង​ដែល​លោក កឹម សុខា បានផ្តល់​នោះ គឺជា​កាដូថ្មី​សម្រាប់​លោក​។ តាមរយៈ​វីដេអូ​វែង​នោះ មេធាវី​រដ្ឋាភិបាល​បាន​អះអាងថា លោក​មាន​ភស្តុតាង​កាន់តែ​រឹងមាំ ហើយ​កាន់តែ​ជឿជាក់​លើក​សំណុំរឿង​មួយ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com