ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលប្រមាណជា៣ម៉ោង នៅរសៀលថ្ងៃទី២២ មករានេះ សម្រាប់ឱ្យក្រុមមេធាវីដើមបណ្ដឹង និងចុងចោទ បង្ហាញភស្តុតាង ដើម្បីដាក់បន្ទុក និងដោះបន្ទុក ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី ដឹកនាំសវនាការនេះ។
នៅម៉ោងជាង២រសៀល លោក កឹម សុខា និងក្រុមមេធាវី ដែលមានលោក ចាន់ ចេន លោក ផែង ហេង និងអ្នកនាង ម៉េង សុធារី ដោយអមដំណើរដោយលោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា មន្ត្រីជំនិតនោះ បានស្ថិតនៅក្នុងបន្ទប់សវនាការ ខណៈដែលក្រុមមន្ត្រីក្រឡាបញ្ជី តំណាងទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន កំពុងស្ថិតនៅក្នុងបន្ទប់នេះដែរ។ មួយសន្ទុះក្រោយមក អយ្យការអមសាលាដំបូង ដឹកនាំដោយលោក ប្លង់ សុផល បានមកដល់មុនក្រុមប្រឹក្សាជំនុំជម្រះក្តី ដែលដឹកនាំដោយ លោក កួយ សៅ ប្រមាណជិត១០នាទី។
«ក្រុមមេធាវិដើមបណ្ដឹង មិនទាន់មកទេ កំពុងស្ទះចរាចរណ៍ហើយមើលទៅ»។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលអង្គុយចាំក្រុមមេធាវីការពារក្តីឱ្យរដ្ឋាភិបាល បាននិយាយបែបនេះ។
២នាទីក្រោយលោក កួយ សៅ និយាយទើបផុតពីមាត់នោះ ក្រុមមេធាវីរដ្ឋាភិបាល៤នាក់ ដែលដឹកនាំដោយលោក គីតិច និងអមដំណើរជាមួយជំនួយការប្រមាណជា៦នាក់ទៀត បានមកដល់បន្ទប់សវនាការ។ ដោយមិនបង្អង់យូរលោក កួយ សៅ ក៏បានបញ្ជាឱ្យក្រុមការងារតុលាការ ចាក់បញ្ចាំងវីដេអូ២នាទី ដែលបង្ហាញពីសម្តីលោក កឹម សុខា ថ្លែងក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតអាណត្តិទី៥។
ក្នុងវីដេអូ២នាទីនេះ មានរូបភាពលោក កឹម សុខា ដែលបាននិយាយថាអាមេរិក បានហៅលោកទៅប្រទេសអាមេរិកជាហូហែរ ចាប់តាំងពីជាប់ឆ្នោតតំណាងរាស្ត្រដំបូង (គណបក្សសេរីនិយមព្រះពុទ្ធិសាសនារបស់លោកតា ស៊ឺន សាន) កាលពីឆ្នាំ១៩៩៣ ហើយលោកទៅជាបន្តបន្ទាប់ក្នុងមួយឆ្នាំម្តង។ បើតាមវីដេអូដដែលនេះ លោក កឹម សុខា ក៏បានបញ្ជាក់ទៀតថា អាមេរិកក៏បានប្រាប់លោកឱ្យដកខ្លួនពីនយោបាយ ហើយលោកក៏បានដកខ្លួននៅឆ្នាំ២០០២ ទៅបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោក កឹម សុខា ហៅថា ជាយុទ្ធសាស្ត្រប្រើឈើគាស់ថ្មពីក្រោម…។ លោក កឹម សុខា ក៏បានលើកឡើងថា អ្វីដែលលោកធ្វើគឺមិនមែនធ្វើលេងតាមការនឹកឃើញនោះទេ ប៉ុន្តែមានក្បួនត្រឹមត្រូវ...។
តាមរយៈវីដេអូនេះ ទើបមេធាវីការពារក្តីឱ្យរដ្ឋាភិបាល យកធ្វើជាភស្តុតាងដើម្បីប្ដឹងលោក កឹម សុខា ដែលកំពុងរងបទចោទ សុន្ទិដ្ឋិនិយមជាមួយបរទេស តាំងពីឆ្នាំ២០១៧កន្លងមកនេះ។
ក្រោយចាក់បញ្ចាំងវីដេអូ២នាទីនេះហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានបញ្ជាឱ្យចាក់បញ្ចាំងវីដេអូ១ម៉ោង ៣នាទី របស់ក្រុមមេធាវីលោក កឹម សុខា ដែលបង្ហាញពីពាក្យសម្តី និងខ្លឹមសារដើម ដោយអមជាមួយការផ្ទៀងផ្ទាត់នឹងប្រតិចារឹត ដែលមានលាយលក្ខអក្សស្រង់សម្តីកូនក្តីខ្លួនពីវីដេអូ និងស្នាមមេដៃលោក កឹម សុខា ផងដែរ។
សារព័ត៌មានថ្មីៗ ដែលបានអង្គុយស្ដាប់ និងតាមដានវីដេអូឃ្លីបជាង១ម៉ោង នៅក្នុងសវនាការនេះ សូមសង្ខេបនូវការលើកឡើងរបស់លោក កឹម សុខា ដែលរៀបរាប់ពីដំណើការនិងជំហរអតីតគណបក្សខ្លួន ប្រាប់ទៅពលរដ្ឋ អ្នកគាំទ្របក្សខ្លួននៅអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដូចតទៅ៖
ផ្ដើមឃ្លាដំបូងលោក កឹម សុខា បាននិយាយគារវកិច្ចទៅកាន់អ្នកគាំទ្របក្សខ្លួន មុននឹងលើកពីការផ្ដល់ថវិកាពីសំណាក់ពលរដ្ឋរស់នៅអូស្ត្រាលី ដែលគាំទ្រគណបក្សសង្គ្រោះជាតិ សម្រាប់ធ្វើសកម្មភាព និងចលនានយោបាយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងវីដេអូនោះលោក កឹម សុខា ក៏បានសង្កត់ធ្ងន់ថា បើគណបក្សលោកត្រូវការថវិកា១០ម៉ឺនដុល្លារនោះ គឺទទួលបាន១០ម៉ឺនដុល្លារភ្លាមពីអ្នកគាំទ្រខ្លួននៅអូស្ត្រាលី សម្រាប់ការងាយស្រួលដល់ការបំពេញសកម្មភាពនយោបាយ។
ក្នុងវីដេអូដដែលលោក កឹម សុខា ក៏បានរិះគន់រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ថា ប្រព្រឹត្តអំពើពុករលួយ និងលក់ទ្រព្យសម្បត្តិជាតិហើយ យកលុយទាំងនោះទៅធ្វើបុណ្យ និងចែកអំណោយបន្តិចបន្តួច ហើយសល់ថវិការាប់ម៉ឺនដុល្លារដាក់ចូលហោប៉ាវខ្លួន។ បន្ទាប់ពីនេះលោក កឹម សុខា ក៏បានពន្យល់ប្រាប់អ្នកគាំទ្រខ្លួន ដែលព្រួយបារម្ភពីជំហរគណបក្សសង្គ្រោះជាតិចុះចូលគណបក្សកាន់អំណាចថា គណបក្សលោកកំពុងដើរជាដំណាក់កាល។
រហូតដល់នាទី១៤ ទៅ១៩នាទី១៥វិនាទី លោក កឹម សុខា ក៏បាននិយាយពីសកម្មភាព២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៣ ដល់២០១៣ ដែលលោកអនុវត្តការងារកន្លងមក។ នៅក្នុងចន្លោះ៥នាទីនេះ លោក កឹម សុខា បានបកស្រាយពាក្យសម្តីវែងជាងវីដេអូ២នាទី ដែលក្រុមមេធាវីរដ្ឋាភិបាលយកមកធ្វើជាភស្តុតាង ដើម្បីចោទប្រកាន់ខ្លួន។ ហើយក៏មានន័យលម្អិតជាងវីដេអូ២នាទីដែរ។
មួយសន្ទុះក្រោយមកខាងមេធាវីរដ្ឋាភិបាល ក៏បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះផ្អាកការចាក់ផ្សាយវីដេអូសិន ដោយសុំពេលសម្រាកបន្តិច មុននឹងតាមវីដេអូទាំងស្រុងរបស់លោក កឹម សុខា បន្តទៀត។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក៏យល់ព្រមអនុញ្ញាតឱ្យសម្រាក១៥នាទី។
ក្នុងបន្ទប់សវនាការ នាគ្រាសម្រាក១៥នាទីនេះ លោក កឹម សុខា ក៏បានឈរសន្ទនាជាមួយក្រុមអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដែលសួរសុខទុក្ខពីសុខភាពលោក។ រំពេចនោះអ្នកសារព័ត៌មានថ្មីៗ បានឆ្លៀតសួរលោក កឹម សុខា ថា តើវីដេអូទាំងស្រុងនេះ មានការកាត់តដែរទេ? លោក កឹម សុខា ឆ្លើយថា វីដេអូជាង១ម៉ោងនេះ គឺជាវីដេអូទាំងស្រុងរបស់ខ្លួន ដែលផ្ដល់ឱ្យតុលាការពិនិត្យយកធ្វើជាភស្តុតាងដោះបន្ទុក ហើយគ្មានចំណុចកាត់ត ក្រៅពីកាត់សំនួរនិងចម្លើយរវាងលោក និងអ្នកគាំទ្រចេញខ្លះប៉ុណ្ណោះ។ បន្ទាប់មកលោក កឹម សុខា ក៏ឆ្លៀតប្រាប់អ្នកសារព័ត៌មានទៀតថា ក្នុងវីដេអូនេះ លោកនិយាយពីរឿងការជួយរបស់អន្តរជាតិ ប៉ុន្តែមិនបាននិយាយថាលោកធ្វើតាមការណែនាំទាំងស្រុងរបស់គេនោះទេ។ បើតាមលោក កឹម សុខា វីដេអូជាង២នាទី ដែលមេធាវីរដ្ឋាភិបាលយកធ្វើជាភស្តុតាងនេះ គឺមានកាត់តពាក្យសម្តីខ្លួន ដែលខុសពីសម្តីដើមទាំងស្រុង។ ជាមួយគ្នានេះលោក កឹម សុខា ក៏នៅតែទន្ទេញពាក្យថា លោកធ្វើនយោបាយដោយអហិង្សា និងបង្រួបបង្រួមជាតិ បម្រើផលប្រយោជជាតិ និងប្រជាជន ប្រាប់មកអ្នកសារព័ត៌មាន។
ពេលវេលាសម្រាក១៥នាទីបានកន្លងផុតទៅ វីដេអូទាំងស្រុងរបស់លោក កឹម សុខា ក៏បានចាក់បញ្ចាំងបន្តសម្រាប់បង្ហាញដល់មន្ត្រីតុលាការ ក្រុមមេធាវី តំណាងអង្គទូត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
នៅក្នុងវីដេអូនេះប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ ក៏បាននិយាយបន្តពីរឿងអាមេរិកផ្ដល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ឱ្យលោក ជួលម៉ោងវិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ ដើម្បីផ្សាយពីបញ្ហាសង្គម សិទ្ធិមនុស្ស និងនយោបាយ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីពង្រឹងស្មារតីរបស់ពួកគេ កុំឱ្យមានការភ័យខ្លាចរដ្ឋាភិបាល និងឈប់ចាញ់បោកនយោបាយសម្ដេច ហ៊ុន សែន។
ការពន្យល់ពលរដ្ឋពីសកម្មភាពនយោបាយផ្លាស់ប្ដូររដ្ឋាភិបាល និងឈានទៅរកការកែទម្រង់, ការធ្វើការជាមួយសង្គមស៊ីវិល និងអន្តរជាតិ ដើម្បីស្ដាប់មតិយោបល់សម្រាប់យកទៅអនុវត្តការងារ, ការចរចាជាមួយគណបក្សកាន់អំណាច នៅចំណុចខ្វែងគំនិតគ្នា ក្រោយការបោះឆ្នោតឆ្នាំ២០១៣, កម្លាំងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោត, ការទាមទារកែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (ដែលបច្ចុប្បន្នកំពុងមានសមាជិក៩នាក់), ការទាមទារឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជន ជាង១០នាក់ ដែលចាប់ខ្លួននៅក្នុងពេលធ្វើបាតុកម្ម, ការធ្វើនយោបាយបែបអហិង្សា , ផ្លូវនយោបាយដែលមិនឱ្យពលរដ្ឋបង្ហូរឈាម ហើយក៏មិនឱ្យគណបក្សកាន់អំណាចជិះសេះលែងដៃ និងជំហរគណបក្សសង្គ្រោះជាតិ គឺជាការបកស្រាយរបស់លោក កឹម សុខា នៅក្នុងវីដេអូជាង១ម៉ោង។
ក្រោយវីដេអូទាំងស្រុងបានបញ្ចាំងចប់ នៅម៉ោង៤ ៖០៥នាទី រសៀលភ្លាម អ្នកនាង ម៉េង សុធារី មេធាវីម្នាក់ក្នុងចំណោមមេធាវីលោក កឹម សុខា បានបកស្រាយពីចំណុចខុសគ្នារវាងវីដេអូ២នាទី របស់មេធាវីរដ្ឋាភិបាល និងវីដេអូទាំងស្រុង ក្រោយពីទទួលបានការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ មេធាវីរូបនេះ បានកត់សម្គាល់ថា ខ្លឹមសារនឹងពាក្យសម្តីនៅក្នុងវីដេអូ២នាទី មានការកាត់ពាក្យសម្តីខាងដើម និងខាងចុងបញ្ចូលគ្នា ដែលធ្វើឱ្យបាត់ពាក្យនិងអត្ថន័យសម្តីកូនក្តីខ្លួន ផ្ទុយពីខ្លឹមសារនៅក្នុងវីដេអូទាំងស្រុង ដែលលោក កឹម សុខា មានការបកស្រាយដោយមានវគ្គឃ្លាត្រឹមត្រូវច្បាស់លាស់។ អ្នកនាង សុធារី លើកចំណុចកាត់ចោលជាច្រើននៅក្នុងវីដេអូ២នាទីបង្ហាញដល់អង្គប្រជុំ មុននឹងប្រធានជំនុំជម្រះ ផ្ដល់សិទ្ធិឱ្យក្រុមមេធាវីរដ្ឋាភិបាលលើបកស្រាយពីការកត់សម្គាល់វិញម្ដង។
«ការកាត់ពាក្យក្នុងវីដេអូខ្លី ពីវីដេអូវែង គឺមានការកាត់ពិតមែន ប៉ុន្តែការកាត់ និងខ្លឹមសារក្នុងវីដេអូខ្លីនេះ វាដូច១០០ភាគរយនឹងវីដេអូវែង។ ខ្ញុំកត់សម្គាល់ប៉ុណ្ណឹង»។ នេះជាការលើកឡើងរបស់លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាល។
មេធាវីរដ្ឋាភិបាលម្នាក់ទៀត គឺលោក លី ចាន់តុលា បានបកស្រាយបន្ថែមដោយសង្កត់ធ្ងន់ថា វីដេអូ២នាទីនេះ ត្រូវបានប៉ូលិស និងអយ្យការយកទៅសួរលោក កឹម សុខា កាលពីអំឡុងឆ្នាំ២០១៧ ហើយលោក កឹម សុខា ក៏ទទួលស្គាល់ដែរ។«សំឡេង និងវីដេអូឃ្លីប គឺជារបស់ខ្ញុំ ប៉ុន្តែសំឡេងនៅក្នុងវីដេអូឃ្លីបនេះ មានកន្លែងខ្លះកាត់រអាករអួល ខុសពីអ្វីដែលខ្ញុំចង់និយាយ»។ នេះបើតាមមេធាវីរដ្ឋាភិបាល ដែលបានស្រង់សម្តីទទួលស្គាល់របស់លោក កឹម សុខា។
ជាមួយគ្នានេះលោក ប្លង់ សុផល អយ្យការអមសាលាដំបូង ក៏បានពិនិត្យឃើញថា សំឡេងនៅក្នុងវីដេអូខ្លី និងវីដេអូវែង រួមទាំងខ្លឹមសារលាយលក្ខអក្សរដែលស្រង់ចេញពីវីដេអូនេះ ក៏ដូចគ្នា៩៩ភាគរយ។ អយ្យការរូបនេះ បានបកស្រាយដូច្នេះថា៖«ប្រតិចារឹត និងវីដេអូ២នាទី និងវីដេអូ១ម៉ោង៣នាទី ១៩វិនាទីគឺមានខ្លឹមសារអត្ថន័យដូចគ្នាទាំងស្រុង ។ ខ្ញុំនិយាយមិនសំដៅទៅលើការបាត់ពាក្យទេ។ សូមយល់ន័យថា ខ្លឹមសារគឺខុសពីពាក្យ»។
លោក ប្លង់ សុផល អយ្យការសាលាដំបូង និងអ្នកនាង ម៉េង សុធារី មេធាវីលោក កឹម សុខា ក៏បានប្រកែកតឹងសរសៃករដាក់គ្នា ចំពោះការបាត់ពាក្យ និងខ្លឹមសារ នៅក្នុងវីដេអូនេះ។ អ្នកទាំងពីរបានស្នើឱ្យមានការចាក់បញ្ចាំងវីដេអូឡើងវិញ ម្ដងហើយម្ដងទៀត ដើម្បីបកស្រាយយកត្រូវរៀងៗខ្លួន។
«អយ្យការ ថា វីដេអូ២នាទី ដូចគ្នានឹងខ្លឹមសារវីដេអូវែង គឺកុហកទាំងស្រុង»។ នេះជាការលើកឡើងរបស់លោក កឹម សុខា ដែលទទួលបានសិទ្ធិបកស្រាយពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ប៉ុន្តែលោក ប្លង់ សុផល បាននិយាយកាត់លោក កឹម សុខា ដើម្បីការពារខ្លួនវិញថា៖ «ខ្ញុំថាប្រតិចារឹត និងវីដេអូវែងដូចគ្នាទាំងស្រុង៩៩ភាគរយ មិនមែននិយាយពីវីដេអូខ្លីទេ។ លោក កឹម សុខា ប្រហែលជាស្ដាប់ច្រឡំខ្លួនឯង។ អ្វីដែលខ្ញុំប្រៀបធៀបគឺមិនមែនយកវីដេអូ២នាទីប្រៀបវីដេអូវែងទេ ប៉ុន្តែយើងយកខ្លឹមសារ២នាទីទៅប្រៀបធៀបនៅក្នុងវីដេអូ១ម៉ោង៣នាទី១៩វិនាទី »។
តែយ៉ាងណាលោក កឹម សុខា ច្រានចោលការលើកឡើងខាងលើនេះ ដោយលោកបកស្រាយវិញថា វីដេអូ២នាទីនេះ វាមានការកាត់ចោលពាក្យ និងខ្លឹមសារដើម ដែលខុសពីគោលបំណងដែលលោកចង់បកស្រាយ។ «វាអយុត្តិធម៌ណាស់»។នេះជាការលើកឡើងរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅតែរក្សាជំហរ និងការលើកឡើងរបស់ខ្លួនថាជារឿងត្រឹមត្រូវ មុននឹងលោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា តបវិញថា ការកាត់ពាក្យនេះ គឺវាធ្វើឱ្យខុសពីគោលបំណងនិងខ្លឹមសាររបស់កូនក្តីខ្ញុំហើយ ព្រោះវីដេអូ២នាទីនេះ មានការកាត់ត និងចិញ្ច្រាំបញ្ចូលគ្នាច្រើន។«វីដេអូកូនក្តីខ្ញុំជាមាសសុទ្ធ ហើយវីដេអូខ្លីនេះ គឺជាការកាឡៃទេ»។ លោក ចាន់ ចេន អះអាងបែបនេះ។
«អរគុណដែលបានផ្ញើវីដេអូមាសសុទ្ធនេះមក តំណាងអយ្យការសម្រេចឱ្យយកវីដេអូវែង ដែលជាមាសសុទ្ធនេះ ធ្វើជាភស្តុតាងជាមួយវីដេអូខ្លីតែម្ដង»។ លោក ប្លង់ សុផល អយ្យការសាលាដំបូង ស្នើបែបនេះទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលប្រកាសបិទការជជែកដេញដោលសួររកភស្តុតាង នៅម៉ោង៥៖១៥នាទីថ្ងៃទី២២ មករា។
ក្រោយបញ្ចប់សវនាការ៖ មេធាវីលោក កឹម សុខា ថា វីដេអូដើមបណ្ដឹងវិសមភាព ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ
ទាំងមេធាវីដើមបណ្ដឹង និងចុងចោទសុទ្ធតែអះអាងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់ភាគីម្ខាងៗទៅវិញទៅមក ប្រាប់អ្នកសារព័ត៌មាន ដែលកំពុងតាមដានករណីលោក កឹម សុខា។ អ្នកនាង ម៉េង សុធារី ដែលឈរអមដោយលោក ចាន់ ចេន និងលោក ផែង ហេង មេធាវីលោក កឹម សុខា នោះបានអះអាងថា ការដាក់វីដេអូជាង១ម៉ោង ធ្វើជាភស្តុតាង ដើម្បីដោះបន្ទុកកូនក្តីខ្លួននេះ គឺអនុលោមស្របតាមច្បាប់ត្រឹមត្រូវ ខណៈដែលវីដេអូខ្លី២នាទីនោះ មានការកាត់តដែលមិនអាចទទួលយកបាន។
«ទាំងវីដេអូវែង ទាំងវីដេអូខ្លី ដែលបានចាក់បញ្ចាំងហើយ គឺថាវីដេអូខ្លី មានការបាត់នូវខ្លឹមសារ ដែលមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារពិតប្រាកដនៃសន្ទរកថារបស់គាត់ (លោក កឹម សុខា)ទាំងមូលនោះទេ។ ហើយនៅក្នុងនោះដែរ យើងកត់សម្គាល់ឃើញថា ទាំងព្រះរាជអាជ្ញា ក៏ដូចជាមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ក៏បានទទួលស្គាល់ថា វីដេអូដែលជាការលើកយកមកចោទប្រកាន់លើកូនក្តីយើងខ្ញុំហ្នឹង គឺមានការកាត់តពិតមែន គឺគាត់មានការទទួលស្គាល់យកវីដេអូយើងខ្ញុំទៅធ្វើជាភស្តុតាងដូចតទៅ»។ នេះជាការលើកឡើងរបស់អ្នកនាង ម៉េង សុធារី។
បើតាមមេធាវីរូបនេះ រាល់វីដេអូណា ដែលមានការកាត់តនោះ គឺមិនអាចយកធ្វើជាភស្តុតាងបានទេ ព្រោះវាត្រូវចាត់ទុកថា វីដេអូក្លែងក្លាយ ឬក្លែងបន្លំ ដែលនាំឱ្យវិសមភាព ។ «ការចោទប្រកាន់លើអ្នកណាម្នាក់ គឺត្រូវផ្អែកលើភស្តុតាងជាក់លាក់ ហើយមិនអាចយកភស្តុតាងដែលមានការកាត់ត ធ្វើជាសំអាងដើម្បីធ្វើការចោទប្រកាន់ ដាក់បន្ទុកមកលើបុគ្គលណាមួយបាននោះទេ ពីព្រោះការធ្វើបែបហ្នឹងវាប៉ះពាល់ដល់សិទ្ធិបុគ្គលខ្លាំងក្លាមែនទែន ដូចជាកូនក្តីយើងអ៊ីចឹង។ អ៊ីចឹងការកាត់ចោលខ្លឹមសារសំខាន់ៗ វាមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតរបស់គាត់ ប៉ុន្តែបែជាចេញខ្លឹមសារហិង្សាទៅវិញ»។ នេះបើតាមអ្នកនាង ម៉េង សុធាវី ដែលបន្ថែមថា វីដេអូ២នាទីនោះ មានការកាត់ខ្លឹមសាររហូត៤ចំណុចសំខាន់ៗចេញ។
ក្រៅពីវីដេអូជាង១ម៉ោងនេះ ក្រុមមេធាវីលោក កឹម សុខា ក៏កំពុងត្រៀមវីដេអូខ្លីៗចំនួន១០ទៀត ដើម្បីដោះបន្ទុកកូនក្តីខ្លួនផងដែរ ។ វីដេអូខ្លីបន្ថែមទៀតនេះ គឺទាក់ទងនឹងសកម្មភាពលោក កឹម សុខា បំពេញការងារនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតួនាទីជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស មុនក្លាយជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលលោកបានអប់រំពលរដ្ឋពីការទទួលបានសិទ្ធិបែបប្រជាធិបតេយ្យ និងគោរពគោលការអហិង្សាជាដើម។ នេះបើតាមក្រុមមេធាវីលោក កឹម សុខា។
លោក គី តិច មេធាវីរដ្ឋាភិបាល៖ ខ្ញុំទទួលបានរង្វាន់ធំពីលោក កឹម សុខា
«ខ្ញុំទទួលបានរង្វាន់ធំពីលោក កឹម សុខា»។ លោក គី តិច ថ្លែងបែបនេះ គឺចង់សំដៅទៅលើវីដេអូវែងរយៈពេលជាង១ម៉ោង ដែលក្រុមមេធាវីលោក កឹម សុខា ផ្ដល់ឱ្យតុលាការ ដើម្បីធ្វើជាភស្តុតាងតវ៉ារឿងក្តី។ ក្នុងន័យនេះលោក គី តិច បានសង្កត់ធ្ងន់ថា ការដាក់ភស្តុតាងនេះ វាមិនមែនជាការដោះបន្ទុកទេ ប៉ុន្តែវាជាការដាក់បន្ទុកលើលោក កឹម សុខា ទៅវិញ។ លោក គី តិច និយាយបែបនេះ ទំនងជាមើលឃើញគន្លឹះអាចធ្វើជាភស្តុតាងចោទប្រកាន់លោក កឹម សុខា បន្ថែមក៏ថាបាន។
ថ្លែងទាំងទឹកមុខញញឹម មេធាវីការពារក្តីរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«ការបន្ថែមភស្តុតាងនឹងធ្វើឱ្យខ្ញុំរឹងមាំ និងកាន់តែជឿជាក់លើសំណុំរឿងនេះ។ លោក កឹម សុខា មិនអាចដោះបន្ទុកបានទេ»។
នៅពេលអ្នកកាសែតសួរថា តើវីដេអូ២នាទី ដែលកាត់ត បាត់ពាក្យនេះ វាអាចធ្វើជាភស្តុតាងបានដែរ? លោក គី តិច តបថា វីដេអូនេះ នៅតែអាចធ្វើជាភស្តុតាងបាន។ «ការបាត់ពាក្យ វាគ្មានឥទ្ធិពល ធ្វើឱ្យប៉ះពាល់ ឬលុបចោលនូវអំពើលោក កឹម សុខា ធ្វើនោះទេ»។ នេះជាការអះអាងរបស់មេធាវីរដ្ឋាភិបាល។
នៅថ្ងៃទី២៣ មករា តុលាការបន្តសវនាការសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទបទ«គប់គិតជាមួយបរទេស»។ សំណុំរឿងលោក កឹម សុខា នេះត្រូវបន្តដំណើការរយៈពេល៣ខែ ដោយសារតែជាករណីធំ។ នេះជាការបញ្ជាក់របស់តុលាការកន្លងមក៕