ជាតិ
សុខភាព
ក្រសួងសុខាភិបាល ដាក់អ្នកជំនាញជាង២ពាន់នាក់ ដើម្បីតាមដានកូរ៉ូណាវីរុស មន្ត្រីជំនាញប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានជំងឺរលាកសួតថ្មី លើអ្នកធ្វើដំណើរទៅមក។ រូបថត៖ CDC។
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមមន្ត្រីជំនាញជាង២,០០០នាក់ នៅតាមច្រកព្រំដែន និងអាកាសយានដ្ឋាន ដើម្បីតាមដានកូរ៉ូណាវីរុស នាអំឡុងបុណ្យចូលឆ្នាំចិន។ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មន្ត្រីជំនាញទាំងនោះ កំពុងតាមដាន និងឃ្លាំមើលអ្នកដំណើរចេញចូលកម្ពុជា គ្រប់ច្រកទាំងតាមផ្លូវអាកាស និងផ្លូវគោក ព្រមទាំងមានម៉ាស៊ីនស្កេនកម្ដៅផងដែរ។
មន្ត្រីជំនាញសុខាភិបាល ជាង២ពាន់នាក់ត្រូវបានដាក់ប្រចាំការ ដើម្បីតាមដានករណីកូរ៉ូណាវីរុស នៅតាមអាកាសយានដ្ឋានទាំង៣របស់កម្ពុជា និងតាមព្រំដែនគោកបាវិត និងប៉ោយប៉ែត។ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«ករណីយើងជួបអ្នកដំណើរ ដែលសង្ស័យមានជំងឺរលាកសួតថ្មីនេះ (កូរ៉ូណាវីរុស) យើងត្រូវសម្ភាសគាត់, បញ្ជូនក្នុងគាត់មកពេទ្យ និងយកឧបករណ៍មកវិភាគឱ្យលឿន ដើម្បីរកមេរោគជំងឺនោះ ជាមួយមន្ត្រីជំនាញជាង២,០០០នាក់ ដែលមានសមត្ថភាពក្នុងការអង្កេត ស្រាវជ្រាវ និងរកវត្ថុវិភាគមេរោគ ដើម្បីឆ្លើយតបនឹងការផ្ទុះជំងឺថ្មីនានា»។
បើតាមលោក លី សូវ៉ាន់ ក្នុងកំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ក្រសួងសុខាភិបាល ក្រៅពីមានមន្ត្រីប្រចាំការនៅតាមព្រំដែនហើយ ក៏មានមន្ត្រីជំនាញតាមដានជំងឺថ្មីនេះ នៅតាមមណ្ឌលសុខភាព និងមន្ទីរសុខាភិបាលផងដែរ។ លើសពីនេះទៅទៀត មន្ត្រីទាំងនោះ នឹងបន្តសកម្មភាពការងាររបស់ខ្លួនរហូត ដើម្បីសុខភាពសាធារណៈ។
ការដាក់មន្ត្រីជំនាញជាង២០០០នាក់ របស់ក្រសួងសុខាភិបាល សម្រាប់តាមដានជំងឺរលាកសួតថ្មី ក្នុងកំឡុងចូលឆ្នាំចិននេះ គឺបានធ្វើឡើងបន្ទាប់ពីមានការផ្ទុះវីរុសថ្មីនេះ នៅទីក្រុងវូហានប្រទេសចិន ហើយវីរុសនេះ បានឆ្លងទៅដល់ កូរ៉េខាងត្បូង ថៃ និងជប៉ុនទៅហើយ ខណៈកម្ពុជា ពុំទាន់រកឃើញអ្នកមានជំងឺរលាកសួតថ្មីនេះនៅឡើយ។ នេះបើតាមលោក លី សូវ៉ាន់។
សូមជម្រាបថា កាលឆ្នាំ២០១៩ មានភ្ញៀវទេសចរជាជនជាតិចំនួន២,៦លាននាក់ បានមកកម្សាន្តនៅកម្ពុជា៕
Tag:
សុខភាព
កូរ៉ូណាវីរុស
ជំងឺរលាកសួតថ្មី
លី សូវ៉ាន់
ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com