ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រជា​នេសាទ​ព្រមាន​ពី​មូលហេតុ​ធ្វើ​ឲ្យ​វិនាស​ត្រី​នៅ​បឹង​ទន្លេសាប​
23, Jan 2020 , 7:59 pm        
រូបភាព
អ្នក​នេសាទ​លើក​មង​ចាប់​ត្រីនៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា Photo: Ouch Makara/Documentation Center of Cambodia
អ្នក​នេសាទ​លើក​មង​ចាប់​ត្រីនៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា Photo: Ouch Makara/Documentation Center of Cambodia
ដោយ: VOA
​សៀមរាប ៖ ជាច្រើន​ទសវត្សរ៍​មកហើយ ពលរដ្ឋ​ខ្មែរ​ទន្ទេញ​ចាំមាត់​ថា «​បឹង​ទន្លេសាប​ជា​ជង្រុក​ត្រី​ដ៏​ធំ​បំ​ផុ​ត‍​» សម្រាប់​ផ្គត់ផ្គង់​ម្ហូប ឬ​ប្រូតេអ៊ីន​ដល់​ពលរដ្ឋ​រាប់លាន​នាក់ តែ​ផ្នត់គំនិត​នេះ​បាន​រលាយបាត់​បង់ហើយ ដោយ​ជំនួស​មកវិញ​នូវ​ពាក្យ​ថា បឹង​ទន្លេសាប «​ខ្សត់​ត្រ‍ី ឬ​អស់​ត្រី » ដោយ​ក្រុម​ប្រជា​នេសាទ​បាន​អះអាង​ដោយ​គ្មាន​ខ្លាចរអែង​ថា បណ្តាលមកពី​ការនេសាទ​ខុសច្បាប់ ការកាប់​ព្រៃ​លិច​ទឹក​ទន្ទ្រាន​យក​ដី ការសង់​ទំនប់ និង​ការប្រែប្រួល​អាកាសធាតុ​។​

 
​ក្រុម​ប្រជា​នេសាទ​រស់នៅ​តាម​ដង​ទន្លេសាប ក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប បាន​និយាយ​ឥត​លាក់លៀម​ពី​មូលហេតុ​នៃ​ការ​ខ្សត់​ត្រី និង​ផលប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​។​
 
​ឈរ​នៅ​កាំជណ្តើរ​ផ្ទះ​បងស្រី រង់ចាំ​ដឹក​ផ្ទាំង​ក្តារ​រូបភាព​ទៅផ្ទះ លោក ប៉ា ធុច អាយុ​៥៦​ឆ្នាំ មានកូន​២​នាក់ និង​ជា​អ្នកនេសាទ​ម្នាក់ បាន​ថ្លែងថា បឹង​ទន្លេសាប សឹងតែ​អស់​ត្រី​ហើយ​មកដល់​ឆ្នាំនេះ​។​
 
«​គិតថា​អស់ហើយ អស់​ជង្រុក​ត្រី គ្មាន​ជង្រុក​ត្រី​អី​ទៀត​ទេ វា​អស់ហើយ បើ​និយាយ​ឲ្យ​ចំ​ទៅ​ដូច​ថា​វា​គ្មាន​អ្នកការពារ​ឲ្យ​ច្បាស់លាស់​ទ‍េ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​ដូច​ថារ​កវា​មិនសូវ​បានទេ​សព្វថ្ងៃនេះ អ្នកនេសាទ អ្នក​នៅតាម​ដង​ទន្លេសាប​នេះ គឺ​អត់​រក​បានទេ គឺ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ឆ្នាំ​នេះឯង ក្រ​បណ្តោយ​ត្រី ត្រី​អ​ស‍់​»​។​


លោកប៉ា ថុច អ្នកនេសាទមកពីស្រុកជីក្រែង និយាយពីការធ្លាក់ចុះផលនេសាទនៅក្នុងបឹងទន្លេសាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
 
​បុរស​អ្នកនេសាទ​រូបនេះ គិតថា ការ​ខ្សត់​ត្រី​នៅ​បឹង​ទន្លេសាប​នេះ​គឺ​ដោយសារតែ​ប្រជាជន​ចុះ​រកត្រី​យ៉ាងគំហុក ក្រោយពី​អស់​ឡូ​តិ៍​ការពារ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ពី​ប្រទេស​មេគង្គ​ខាងលើ​។​
 
«​បើតាម​ការកត់សម្គាល់ ខ្ញុំ​មើលទៅ​ប្រហែលជា​ទឹក​វា​មិន​អំណោយផល ដូច​ថា​ទឹក​វា​ឡើង​ខុស​ខែ ទឹក​ឡើង​ខុស​ខែ​ហើយ ត្រី​វា​អត់​ពង​កូន​បាន ដូច​ថា​វា​ពង​កូន​ដែរ វា​ចាំ ទឹក ចាំ​ទឹក​យូរ​ទៅ វា​ត្រូវ​រាក​ពង​ចោល អត់​ញាស់​ដូច​ថា​ទឹក​វា​ក្រ​ឡើង ទឹក​ឡើង​រហូត ដល់​ខែ​៨​​»​។​
 
​លោក​បញ្ជាក់​បន្តទៀតថា ប៉ុន្មាន​ឆ្នាំមុន លោក​រាយ​មោង​បាន​១០​ទៅ​១៥​គីឡូក្រាម​ក្នុង​១​ថ្ងៃ តែ​ឥឡូវ​បាន​២​ទៅ​៣​គីឡូក្រាម​សឹងតែ​រក​មិនបាន​ផង​។​
 
​ក្រុម​អ្នកនេសាទ​បាន​និយាយ​ព្រមៗ​គ្នា​ថា ការនេសាទ​ត្រី​ខុសច្បាប់ ដូចជា​ឆក់​ត្រី ប្រើ​ឧបករណ៍​យាំង​កាវ ឬ ឧបករណ៍​ជា​សំណាញ់​ទំហំ​ធំ​សម្រាប់​ចាប់​ត្រី​មាន​ក្រឡា​ល្អិត ដាក់​អូស​កាត់​ទន្លេ​រាប់រយ​ម៉ែត្រ​ដោយ​ទូក​ប្រើ​ម៉ាស៊ីន​ធំៗ ហើយ​មានការ​ការពារ​ពី​ជនប្រដាប់អាវុធ​លួច​នេសាទ​សឹង​រាល់ថ្ងៃ ការកាប់​ឆ្ការព្រៃ​លិច​ទឹក គឺជា​បញ្ហា​បន្ថែម​លើ​ការប្រែប្រួល​អាកាសធាតុ និង​ការសង់​ទំនប់​។​
 
​ចុះពីលើផ្ទះ​របស់លោក ហើយ​ដើរទៅ​ជួយ​លក់​ឥ​វ៉ាន់​កូនចៅ​លោក​នៅមុខ​ផ្ទះ​តិចតួច លោក ឃឹះ ប៉ូ​ថៃ អាយុ ៧១​ឆ្នាំ អ្នកស្រុក​រស់នៅក្នុង​ភូមិ​ប្រជា​នេសាទ ស្ថិតក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម តាំងពីក្មេង បាន​លាឈប់​នេសាទ​ជាច្រើន​ឆ្នាំ​ហើយ​។ អតីត​អ្នកនេសាទ​រូបនេះ​និយាយ​ដោយ​ខ្សាវៗ​ថា បឹង​ទន្លេសាប​មិនមែនជា​ជង្រុក​ត្រី​ទៀត​ទេ ដោយសារ​អស់​ត្រី​ហើយ ពី​ព្រោះតែ​ការនេសាទ​ត្រី​ខុសច្បាប់​ប្រើ​សំណាញ់​ញឹក​ដែល​អាច​នឹងធ្វើ​ឲ្យ​ត្រី​តូច​និង​ធំ​ត្រូវ​ជាប់​ទាំងអស់​។​
 
«​អូ​! មិនបាច់​និយាយ​ទេ​អូន​អើយ សឹងតែ​ចេញពី​ក្តិត​ត្រី​មក​ក៏​ជាប់​អស់ហើយ (​សើច​) ចុះ​ធ្វើ​ម៉េច ដល់​អ​ញ្ចុះ​ទៅ​មានអី​នឹង​សល់​ពូ​ជ‍​»​។​
 
​ការរក​យ៉ាងគំហុក​របស់​ពលរដ្ឋ​ក៏​ជា​មូលហេតុ​ដែរ ដោយសារតែ​គ្មានអ្វី​ចិញ្ចឹមជីវិត​របស់​ពួកគេ​។​
 
«​អស់ហើយ វា​ចេះតែ​ល្បើ​ច​ទៅៗ មួយឆ្នាំ​ខ្សោយ​បន្តិច គ្រាន់តែ​ពួក​អា​អ្នកទិញ​ទៅ​ឆ្អើរ​ហ្នឹង មួយឆ្នាំ​ខ្សោយ​បន្តិចៗ វា​ចុះ ចេះតែ​ធ្លាក់ចុះ​ក្រោ​ម‍​»​។​


លោក​ ឃឹះ ប៉ូថៃ​ អាយុ៧១​ឆ្នាំ ​អ្នក​ស្រុក​រស់នៅ​ក្នុង​ភូមិ​ប្រជា​នេសាទ​ នៅខេត្តសៀមរាប កាលពីខែធ្នូ ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
 
​លោក​ថា បញ្ហា​គ្មាន​ទឹក​ដែល​មិនបាន​ឡើង​ទាន់ពេល​ជា​រឿង​មួយ ប៉ុន្តែ​រឿង​គ្រប់គ្រង​មិនបាន​ដិតដល់​ដោយ​អំពើពុករលួយ និង​ការ​សូកប៉ាន់​មន្ត្រី​ខិលខូច​នោះ គឺជា​រឿង​សំខាន់​នៃ​ការ​លួច​នេសាទ​ត្រី​ខុសច្បាប់​និង​នៅ​កន្លែង​ហាមឃាត់​។ ទោះជា​ធ្លាប់មាន​ចាប់ខ្លួន​មន្ត្រី​ខ្លះ​ដាក់ទោស​ក្តី ក៏​លោក​ទទូច​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​ឋិតថេរ​ជាង​សព្វថ្ងៃនេះ​។​
 
«​បញ្ញត្តិ​ច្បាប់​ឲ្យ​តឹង​បន្តិច​ទៅ រដ្ឋាភិបាល​បញ្ញត្តិ​ច្បាប់​ឲ្យ​តឹង​បន្តិច​ទៅ ហើយ​កុំ​ឲ្យ​មាន​អំពើពុករលួយ អំពើ​សូកប៉ាន់​។ លួច​ចាប់​ត្រី​សម្បើម​ណាស់​មកពី​អា​អំពើ​អស់នោះ​ឯង​ផ​ង‍​»​។​
 
​លោក​បន្តថា វិធាន​ការមិន​តឹងរ៉ឹង​ត្រូវ​ក្លាយជា​ថ្នូរ​នឹង​ការ​ផុត​ពូជ​ត្រី និង​ធ្វើ​ឲ្យ​លំបាក​ដល់​ជីវភាព​ពលរដ្ឋ​ជាមិនខាន​។​
 
​អង្គុយ​ជួស​សំណាញ់​ជាមួយ​ក្រុមគ្រួសារ​នៅក្រោម​ផ្ទះ លោក សុខ ថុល អាយុ​៣៤​ឆ្នាំ​ជា​អ្នកនេសាទ​តាំងពី​អាយុ​១៤​ឆ្នាំ​។ លោក​បាន​ថ្លែងថា ឆ្នាំនេះ​រក​នេសាទ​មិន​បានទេ​។​
 
«​យ៉ាប់​ដែរ​ហ្នឹង បើ​ទំនប់​គេ​នៅតែ​បិទ គេ​នៅតែ​ធ្វើ​ទេ វា​បាត់​ពូជ​ត្រី​ច្រើន និយាយ​ឲ្យ​ចំ​ទៅ​ត្រី​ព្រួល​អី​បាត់​អស់ហើយ ត្រី​ព្រួល ត្រី​ក្រឡង់ ត្រី​អីហ្នឹង មិន​ដូច​មុន​ទេ ក្មេងជំនាន់ក្រោយ​ហ្នឹង​អត់​ស្គាល់​ទ‍េ​»​។​
 
​លោក​ថា ការឈូសឆាយដី​ចម្ការ ដុត​ព្រៃ​ជម្រក​ត្រី ឈូស​ដីស្រែប្រាំង ឈូសឆាយ​ឡូ​តិ៍​នេសាទ ធ្វើ​ឲ្យ​ជម្រក​ត្រី​បាត់បង់​។ លើសពីនេះ មានការ​ធ្វើ​ទំនប់​ពី​ខាង​ខ្សែទឹក​លើ ហើយ​ជាពិសេស ទឹក​ឆ្នាំនេះ​ឡើង​ខុសរដូវ​។​
 
«​ឆ្នាំនេះ​មកពី​ទឹក ត្រី​វា​ប្រុង​ឡើង​ពង​កូន ឧបមា​ថា​ត្រី​រ៉ស់ និង​ត្រី​ផ្សេងៗ ដល់​វា​អត់​មាន​ជម្រក វា​ពង​រាក​ចោល​តាម​ទ​ន្ល‍េ រាល់​ឆ្នាំ​មានទឹក ត្រី​ឆ្តោ​អី​វា​ឡើងទៅ​ពង​កូន​តាម​ដុប និង​តាម​ព្រៃ​»​។​
 
​លោក ប៉ូ សុខ​ឃី អាយុ​៥០​ឆ្នាំ អ្នកនេសាទ​ម្នាក់ទៀត នៅ​ឃុំ​ដដែល​នោះ ថ្លែងថា ត្រី​អស់ហើយ ហើយ​ការរក​នេសាទ​សព្វថ្ងៃនេះ មិន​ចង់​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ជីវភាព​ទេ​។​
 
«​រក​(​នេសាទ​)​គ្រាន់តែ​ហូប​មិន​ចង់​គ្រប់​ផង​សព្វថ្ងៃនេះ​។ ឈប់​រក​ក៏​អត់លុយ អត់​មាន​ថា​រក​ឲ្យ​បាន​សល់​លុយ​សល់​កាក់​អត់​ទេ ពិបាក​រក​នេសាទ​អ​ញ្ច‍េះ​»​។​


ត្រីតូចដែលប្រមូលបានពីបឹងទន្លេសាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
 
​លោក​ចង់ឃើញ​តំបន់​ឡូ​តិ៍​អភិរក្ស ពិតជា​គ្មាន​ការនេសាទ​ខុសច្បាប់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​អស់​ត្រី ហើយ​ប្រជា​នេសាទ​នឹង​គ្មានអ្វី​ពឹងផ្អែក​សម្រាប់​ជីវភាព​ទេ​។​
 
«​បើសិនជា​ការពារ ការពារ​កន្លែង​ព្រៃ​អភិរក្ស កន្លែង​បាន​សល់​គង់វង្ស​កុំ​ឲ្យ​មាន​នរណា​រក នោះ​ទើបបាន​សល់​ត្រី​។ ការពារ​ទៅ ក៏​ឲ្យ​តែ​អ្នកមាន​ចូល​រក​ទៅ ក៏​វា​អស់​ត្រី​រលីង ឯ​យើង​អ្នករក​តូចតាច​ដែល​ហ៊ាន​ទៅរក​កើ​ត‍​»​។​
 
​មាន​ឡូ​តិ៍​អភិរក្ស ឬ​ឡូ​តិ៍​បម្រុង​ជាច្រើន មាន​ទំហំ​រាប់ពាន់​ហិកតា​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​ត្រូវគេ​លួច​នេសាទ​ដោយ​ទូក​ម៉ាស៊ីន​ធំៗ​អូស​ឧបករណ៍​ក្រឡា​ញឹក​យ៉ាង​គគ្រឹកគគ្រេង ដែល​មិនអាច​ទប់ស្កាត់បាន​ដោយសារ​អ្នកមានអំណាច ឬ​ជនប្រដាប់អាវុធ​នៅ​ពី​ក្រោយខ្នង​។​
 
​លោក Brian Eyler អ្នកនិពន្ធ​សៀវភៅ «Last Days of the Mighty Mekong» និង​ជា​នាយក​គម្រោង​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson ដែលជា​អង្គការ​តាក់តែង​គោលនយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយថា ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ ដែល​បាន​បង្អាក់​ការ​បន្លាស់​ទី​របស់​ត្រី និង​ការទប់ស្កាត់​ការនេសាទ​ត្រី​ខុសច្បាប់​មិនមាន​ប្រសិទ្ធភាព គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​ត្រី​ធ្លាក់ចុះ​។​
 
«​នៅ​ឆ្នាំនេះ ការហូរ​ត្រឡប់មកវិញ និង​ការប៉ះទង្គិច​អំពី​ចរន្តទឹក​នេះ​គឺ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​វា​នឹង​បង្ក​ឲ្យ​មានការ​ខ្វះខាត​ម្ហូបអាហារ ដែល​ពាក់ព័ន្ធ​នឹង​ការ​អត់​ត្រី​ក្នុង​ប្រព័ន្ធ​ទន្លេ​ទាំងអស់​នៅ​រដូវ​កាល​នេសាទ​តាមបែប​ធម្មជាតិ ដែល​ចាប់ ផ្តើម​ពី​ខែ​នេះ (​ធ្នូ​) ដល់​ខែ​កុ​ម្ភ‍ៈ​»​។​
 
​បើតាម​លោក Brian Eyler ដដែល បាន​ថ្លែងថា ទឹកភ្លៀង​តិច​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​ខែមិថុនា​ដល់​ខែកញ្ញា នាំ​ឲ្យ​មាន​ភាពរាំងស្ងួត ហើយ​ផ្សំ​នឹង​ប្រតិបត្តិការ​របស់​ទំនប់​វា​រី​អគ្គីសនី Jinghong Dam របស់​ចិន និង​ការបើក​ប្រតិបត្តិការ​ថ្មី​របស់​ទំនប់ Xayaburi របស់​ថៃ​ក្នុងប្រទេស​ឡាវ​នោះ កាន់តែ​ធ្វើ​ឲ្យ​មាន​គ្រោះរាំងស្ងួត​។​
 
«​ទំនប់​វា​រី​អគ្គីសនី​ទាំងនោះ ហើយនឹង​ទំនប់​ជាង​៧០​ទៀត​ដែល​ប្រតិបត្តិការ​ក្នុងប្រទេស​ឡាវ និង​ចិន បាន​បង្ក​គ្រោះថ្នាក់​ដល់​ស្ថានភាព​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង គ្រោះរាំងស្ងួត​។ គ្រោះរាំងស្ងួត​បាន​បង្ក​ឲ្យ​កម្រិត​ទឹក​តិច​ក្នុង​ទន្លេ ហើយនឹង​ធ្វើ​ឲ្យ ល្បាប់​កាន់តែ​តិច​ហូរ​ចាក់​ទៅក្នុង​ប្រព័ន្ធ​ទន្លេ ចេញពី​ប្រភព​នានា​»​។​
 
​លោក​បាន​ថ្លែង​បន្ថែម​អំពី​ស្ថានភាព​ទន្លេ និង​ការប្រែប្រួល​បរិស្ថាន​ផ្សេងៗ​ទៀតថា​៖
 
«​ទំនប់​ទាំងនោះ​បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ល្បឿន​ទឹក​ហូរ ហើយ​និង​បង្អាក់​ការនាំ​ល្បាប់ ដែលជា​រឿង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កសិកម្ម​នៅ​តំបន់​ខាងក្រោម ដល់​វិស័យ​ជលផល ការនេសាទ​ត្រី បង្អាក់​ដល់​ការ​បន្លាស់​ទី​របស់​ត្រី ទាំង​ការ​បន្លាស់​ទី​នៅ​តំបន់​ខាងលើ និង​ការ​បន្លាស់​ទី​នៅ​តំបន់​ខាងក្រោម​ក្នុង​ទន្លេ​។ សព្វថ្ងៃនេះ​ទឹកទន្លេ​មេគង្គ​មាន​ពណ៌​ខៀវ​ចាប់ពី​តំបន់​កណ្តាល​ប្រទេស​ឡាវ​ទៅដល់​ទល់ដែន​ប្រទេស​ចិន ដោយសារ​ថា​គ្មាន​ល្បាប់​។ ជាធម្មតា​នៅពេល​ទឹកទន្លេ​ដែលមាន​គុណភាព​ល្អ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី គឺ​នៅពេលនេះ​ត្រូវមាន​ពណ៌​ដូច​ភ​ក‍់​»​។​


រូបឯកសារ៖ ទំនប់វារីអគ្គិសនីមួយត្រូវបានសាងសង់លើដងទន្លេមេគង្គក្នុងប្រទេសឡាវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។
 
​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​គឺ​បាន​បង្ក​ឲ្យ​ទន្លេមេគង្គ​រងគ្រោះ ហើយ​ជាស​ញ្ញា​ដែល​បាន​កើតមាន​តាំងពី​រដូវក្តៅ​ម្ល៉េះ​។ ហើយ​ជា​ទម្លាប់​រៀងរាល់ឆ្នាំ អាកាសធាតុ​តាម​ដង​ទន្លេមេគង្គ​ជួប​ភាពរាំងស្ងួត គឺ​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមេសា ហើយ​រដូវភ្លៀង​តែងតែ​ធ្លាក់​ចាប់ពី​ខែឧសភា​ដល់​ខែតុលា​។​
 
​នៅពេល​ភ្លៀង​ប្រចាំឆ្នាំ​ធ្លាក់ វា​បាន​បញ្ជូន​ចរន្តទឹក​ចុះទៅ​កាន់​អាង​ទន្លេ​ប៉ែក​ខាងក្រោម ដើម្បី​បំពេញ​អាង​ទន្លេ​យ៉ាងសកម្ម​។​
 
​កំពុង​ឈរ​មើល​កម្មករ​ដឹកជញ្ជូន​កូន​ត្រី​នៅ​ច្រាំង​នៃ​ដៃ​ទន្លេសាប នៅ​ភូមិ​ចុង​ឃ្នា​ស ភ្នំ​ក្រោម មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្តសៀមរាប អ្នកស្រី ហែម នី អាយុ ៥៥ ឆ្នាំ ជា​អ្នក ទិញ​ត្រី​ល្អិតៗ​យកទៅលក់​ឲ្យ​កន្លែង​ចិញ្ចឹម​ត្រី​ក្នុង​ខេត្តសៀមរាប​។ អ្នកស្រី​បាន​ថ្លែងថា អ្នកស្រី​ម្នាក់ឯង​បាន​ប្រមូល​ទិញ​កូន​ត្រី​កញ្ចុះ​ក្នុង​មួយថ្ងៃ ៥​តោន​ដើម្បី​ទៅ​លក់​ដល់​ស្រះ​ចិញ្ចឹម​ត្រី ធ្វើជា​ចំណី​។​
 
​អ្នកស្រី​ថា កូន​ត្រី​ដែល​អ្នកស្រី​ប្រមូល​ទិញ​នេះ​គឺ​មួយ​គីឡូ​មានតម្លៃ​១៣០០​រៀល ហើយ​លក់​វិញ​ក្នុងតម្លៃ​១៤០០​រៀល ដោយ​រកប្រាក់​ចំណេញ​តិចតួច ដោយសារ​មាន​កម្មករ​ច្រើន​ដែល​អ្នកស្រី​ត្រូវ​ចំណាយ​។​
 
«​ខ្ញុំ​ទិញ​ត​ពី​គេ​ដូច​ថា យើង​ជួយ​លុយ​ខ្លះៗ​ទៅ​ក្រោម​ទៅ ឲ្យ​គេ​ជួយប្រមូល​មក​អីចឹង​ទៅណា៎​»​។​
 
​លោកស្រី​ថ្លែង​ដូច្នេះ​ដោយ​យោងទៅលើ​ក្តីបារម្ភ​អំពី​ការប៉ះពាល់​ដល់​មុខរបរ ដោយសារ​ការប្រែប្រួល​អាកាស​ធា​ត‍ុ​ទៅ​ថ្ងៃ​ខាងមុខ​។​
 
«​បារម្ភ​ចេះតែ​បារម្ភ តែ​មិនដឹងថា​យ៉ាងម៉េច​ទេ បើសិន​ថា​ទឹកធំ​យើង​នឹង​បាន​ត្រី​ច្រើន បើ​ទឹកតូច​ត្រី វា​បាន​តិច​ដែរ​អីចឹង​ទៅណា​ស‍់​»​។​


អ្នកស្រី​ ហែម នី​ អាយុ ​៥៥​ឆ្នាំ​ ជា​អ្នកទិញ​ត្រី​នៅភ្នំក្រោម ឃុំចុងឃ្នាស ខេត្តសៀមរាប កាលពីខែធ្នូ ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
 
​អ្នកស្រី​បាន​ប្តូរ​ពី​ការទិញ​ត្រី​ធំ​មក​ត្រី​តូច​យូរហើយ ដោយសារ​មិនមាន​ត្រី​ធំ​ច្រើន​តាម​តម្រូវការ​ជាច្រើន​ជាល ឬ​កញ្ឆេ និង​មិនអាច​ចំណេញ​បាន​។​
 
«​វា​សម្បូរ​តែ​ត្រី​ល្អិត ត្រី​ធំ​វា​ដូច​រៀង​ថយចុះ ចុះ​មួយថ្ងៃៗ ឃើញតែ​មក ២​ទៅ​៣ ជាល ជ្រុង​ប្រហែល​២០០​គីឡូ ហើយ​ម្នាក់​១០​ទៅ​២០​គីឡូក្រាម​ហ្នឹង វា​តិច វា​ច្រើនតែ​ត្រី​ល្អិត​យើ​ង‍​»​។​
 
​បើ​យោងតាម​របាយការណ៍រ​ដ្ឋ​បាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល VOA ទទួលបាន​កាលពី​សប្តាហ៍​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ​ជាង​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​
 
​របាយការណ៍​បង្ហាញថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ជាង​៤៧​ម៉ឺន​តោន ដែល​ធ្លាក់ចុះ​ជាង​៥​ម៉ឺន​តោន គឺ​ស្មើនឹង​១០​ភាគរយ បើ​ធៀប​នឹង​ផល​នេសាទ​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ជាង​៥៣​ម៉ឺន​តោន​។​
 
​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ដល់​ទឹកភ្លៀង ដែលជា​មូលហេតុ​នាំ​ឲ្យ​ត្រី​ធ្លាក់ចុះ​។​
 
«​អ៊ីចឹង​ដូចជា​ឆ្នាំ​ហ្នឹង វា​មានការ​ប្រែប្រួល​អាកាសធាតុ អ៊ីចឹង​យើង​ឃើញ​ភ្លៀង​នៅក្នុង​តំបន់​ហ្នឹង​វា​តិច វា​តិចជាង​មុន​។ វា​ភ្លៀង​តិច ហើយ​វា​ភ្លៀង​អត់​ដើមរដូវ អ៊ីចឹង​ហើយ​បាន​វា​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ហ្នឹង​វា​ក្រ​ឆាប់​ឡើង ហើយ​ដល់ពេល​វា​ឡើង​ហើយ វា​ស្រក​វិញ​លឿន​»​។​
 
​ក្រុម​ប្រជា​នេសាទ​ខ្លះ​ថា ការវិនាស​មហន្តរាយ​ត្រី​ដោយសារ​កត្តា​មនុស្ស និង​ធម្មជាតិ​ដែល​មិនទាន់​ទប់ស្កាត់បាន​នេះ នាំ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា ជា​ពេល​ត្រូវ​ប្តូរ​មុខរបរ​របស់​ពួកគេ​ផ្ទាល់ និង​កូនចៅ​របស់គេ​ជាច្រើន ដោយ​ចាប់ផ្តើម​ពី​ការធ្វើ​ចំណាកស្រុក​ចេញទៅ​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ឬ​ទៅកាន់​តំបន់​ទីប្រជុំជន​នានា​ក្នុងប្រទេស នាពេល​អនាគត​ដើម្បី​ធ្វើការ​រកប្រាក់​ចិញ្ចឹមជីវិត​តាម​វិធី​ផ្សេងៗ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com