កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ អារ៉ាប៊ីសាអូឌីតទៅជួបកូរ៉េខាងត្បូងនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ម្ចាស់ជើងឯកអ៊ូសបេគីស្ថាន
× អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូងត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់ AFC U23 Championship ឆ្នាំ២០២០ ដែលរៀបចំនៅប្រទេសថៃ។ អារ៉ាប៊ីសាអូឌីតបានទម្លាក់ម្ចាស់ជើងឯកអ៊ូសបេគីស្ថានដោយគ្រាប់បាល់ជ័យជម្នះ ១-០ រីឯកូរ៉េខាងត្បូងបានយកឈ្នះអូស្ត្រាលី ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃទី២២ ខែមករា នាកីឡដ្ឋានជាតិ Rajamangala ក្នុងក្រុងបាងកក ប្រទេសថៃ ខ្សែបម្រើ Nasser Al Omran ដែលទើបប្តូរចូលនៅនាទី៨០ទៅហើយជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឲ្យអារ៉ាប៊ីសាអូឌីតនៅនាទី៨៧។ ១គ្រាប់នេះ បានបញ្ចប់ឱកាសរបស់អ៊ូសបេគីស្ថានក្នុងការឡើងទៅការពារតំណែងជើងឯករបស់ខ្លួនដែលបានឈ្នះកាលពីឆ្នាំ២០១៨។
ដោយឡែក កូរ៉េខាងត្បូងពិតជាក្រុមមិនធម្មតាឡើយ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងអូស្ត្រាលីដល់ទៅ ២-០ នាជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Thammasat ដែលស្ថិតក្នុងខេត្ត Pathum Thani។ ជាមួយនឹងការវាយសម្រុកដ៏ខ្លាំងក្លា កូរ៉េខាងត្បូងអាចរកគ្រាប់បាល់នាំមុខដំបូងនៅនាទី៥៦ ដោយកីឡាករ Kim Dae-Won មុនពេល Lee Dong-Kyeong ដែលទើបប្តូរចូលនៅនាទី៦៤ បានសម្រេចគ្រាប់ទី២ នៅនាទី៧៦។
ទាំងពីរគ្រាប់នេះគ្រប់គ្រាន់សម្រាប់បញ្ជូនកូរ៉េខាងត្បូងឡើងទៅប្រជែងយកពានក្រោមអាយុ២៣ឆ្នាំ ប្រចាំតំបន់អាស៊ីឆ្នាំ២០២០ ជាមួយអារ៉ាប៊ីសាអូឌីត។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យទី២៦ ខែមករា នៅឯកីឡដ្ឋាន Rajamangala ក្រុងបាងកក វេលាម៉ោង ៧ និង៣០នាទី ពោលគឺមុនមួយថ្ងៃនាជំនួបរវាង អូស្ត្រាលី និងអ៊ូសបេគីស្ថាន ដែលត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់ទី៣។
ក្រុមដែលទទួលបានចំណាត់ថ្នាក់ទី១ ទី២ និងទី៣ បានកៅអីទៅលេងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នៅក្រុងតូក្យូ ប្រទេសជប៉ុន៕
Tag:
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com