ជាតិ
២៥ឆ្នាំកន្លងផុត, កាសែតបារាំង Cambodge Soir (១៩៩៥) បិទទ្វារមែន តែកេរដំណែលនៅរស់
× ភ្នំពេញ៖ កាសែតជាភាសាបារាំង និងខ្មែរ Cambodge Soir បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៥ ហើយបានបិទទ្វារទៅវិញនៅឆ្នាំ២០១០ដោយសារបញ្ហាហិរញ្ញវត្ថុ។ ក្នុងរយៈពេល១៥ឆ្នាំនៃវត្តមានរបស់ខ្លួនពីឆ្នាំ១៩៩៥ និង២០១០, Cambodge Soir បានបណ្តុះបណ្តាលធនធានមនុស្សជាជនជាតិខ្មែរ និងបារាំងជាច្រើន ហើយសព្វថ្ងៃនេះ ធនធានមនុស្សទាំងនោះ នៅបន្តធ្វើការនៅក្នុងអាជីពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសបារាំង។ បើគិតមកដល់ឆ្នាំ២០២០នេះ កាសែត Cambodge Soir មានអាយុ២៥ឆ្នាំ។ ២៥ឆ្នាំបានកន្លងផុតទៅមែន តែកេរដំណែលនៃសារព័ត៌មានជាភាសាបារាំង និងខ្មែរមួយនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន។
«ខ្ញុំសប្បាយចិត្តនៅពេលដែលឮធនធានមនុស្សនិយាយភាសាបារាំងរម្លឹកពីគុណសម្បត្តិកាសែត Cambdoge Soir កាលពីទសវត្សរ៍៩០»។ នេះ គឺជាការរម្លឹករបស់លោក Pierre Gillette អតីតនិពន្ធនាយកកាសែត Cambodge Soir នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២០។
បច្ចុប្បន្ននេះ អ្នកកាសែតទាំងជនជាតិខ្មែរ និងបារាំងមួយចំនួនធំ ដែលធ្លាប់ធ្វើការនៅកាសែតបារាំង Cambodge Soir កាលពីជាង២០ឆ្នាំមុន បានក្លាយទៅជាអ្នកដឹកនាំវិស័យសារព័ត៌មានទាំងនៅក្នុងប្រទេសកម្ពុជា និងបារាំង។ អ្នកកាសែតជនជាតិខ្មែរខ្លះកំពុងបម្រើការ និងដឹកនាំសារព័ត៌មានអេឡិចត្រូនិក Thmeythmey, វិទ្យុបារាំងអន្តរជាតិ, ទូរទស្សន៍ PNN, ទូរទស្សន៍ CNC/CTN។ល។ អ្នកកាសែតជនជាតិបារាំងខ្លះ ក៏បានក្លាយទៅជាអ្នកបម្រើការ និងគ្រប់គ្រងសារព័ត៌មានមួយចំនួននៅក្នុងប្រទេសបារាំងផងដែរ ដូចជា កាសែតបារាំង Le Monde ជាដើម។
លោក លាង ដឺលុច អតីតអ្នកសារព័ត៌មានបម្រើការឲ្យ Cambodge Soir និងបច្ចុប្បន្នជាអគ្គនាយកនៃសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com បានរម្លឹកនៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០នៅចំពោះមុខលោក Pierre Gillette ថា៖«កេរដំណែលរបស់ Cambodge Soir គឺអរូបីមិនអាចកាត់ថ្លៃបាន»។ ពាក្យនេះ បានធ្វើឲ្យលោក Pierre Gillette រំភើប។ រំភើប គឺដោយសារតែកាសែតនោះ បានជួយបណ្តុះបណ្តាលធនធានមនុស្សជាអ្នកសារព័ត៌មានមួយចំនួនទាំងនៅក្នុងប្រទេសកម្ពុជា និងបារាំង។ មិនត្រឹមតែប៉ុណ្ណោះ Cambodge Soir បានរួមចំណែកចែកចាយព័ត៌មានដែលផ្តល់ជាចំណេះដឹងជូនដល់អ្នកអានរាប់មិនអស់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។
Cambodge Soir បានបិទទ្វារមែន តែស្ថាប័ននេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ គុណសម្បត្តិ និងអនុស្សាវរីយ៍រាប់មិនអស់ជាមួយអតីតបុគ្គលិក និងអ្នកអានស្មោះស្ម័គ្ររបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com