ពីនេះ ពីនោះ
តើ​ពាក្យ​ចិន​«​អាំង​ប៉ាវ​» ឬ​«​ហុង​ប៉ាវ​» (红包) មានន័យ​ដូចម្តេច​?
22, Jan 2023 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ភាសា​ចិន​កុក​ងឺ គេ​និយាយថា «​ហុង​ប៉ាវ​» តែ​ពាក្យ​នេះ​ត្រូវបាន​ហៅ​ដោយ​កូន​ខ្មែរ​កាន់​ចិន ឬ​កូន​ខ្មែរ​ថា «​អាំង​ប៉ាវ​»​។ តើ​ពាក្យ «​អាំង​ប៉ាវ​» ឬ​«​ហុង​ប៉ាវ​» នេះ មានន័យ​ពិតប្រាកដ​ដូចម្តេច​?



​ពាក្យ «​អាំង​ប៉ាវ​» ឬ​«​ហុង​ប៉ាវ​» គឺជា​ស្រោមសំបុត្រ​ពណ៌​ក្រហម​។ ស្រោមសំបុត្រ​ពណ៌​ក្រហម​នេះ​, តាម​ជំនឿ​របស់​ជនជាតិ​ចិន, បង្កប់​អត្ថន័យ​ដូចតទៅ​៖ ចម្រុងចម្រើន​, រកស៊ី​មានបាន​, សប្បាយ​, រៀនសូត្រ​ពូកែ​, សុភមង្គល​, រុងរឿង​, លាភសក្ការៈ​។​ល​។ ដូច្នេះ ប្រសិនបើ​នរណា​ទទួលបាន​ស្រោមសំបុត្រ​ពណ៌​ក្រហម​នេះ ពួកគេ​នឹង​ទទួលបាន​ពរជ័យ​ខាងលើនេះ​។ ចំណែក​អ្នក​ជូន ក៏​ទទួលបាន​លាភ​សំណាង​ដូចគ្នា​ផងដែរ​។ 
 
​បើតាម​ជំនឿ​ចិន អ្នក​ដែល​ឲ្យ​អាំង​ប៉ាវ ទៅ​ក្មេងៗ ត្រូវតែ​ជា​អ្នកមាន​គ្រួសារ​រួចហើយ​។ ម្យ៉ាងទៀត​លុយ​ដែល​ដាក់​ក្នុង​អាំង​ប៉ាវ គួរ​ជៀសវាង​ដាក់​លុយ​ដែលមាន​លេខ​៤ ដូចជា ៤០០០​រៀល​, ៤០០០០​រៀល​, ៤៛ ឬ​៤០០៛​ជាដើម​។ មូលហេតុ​បាន​គេ​មាន​ជំនឿ​បែបនេះ ដោយសារ​លេខ​៤ គឺជា​លេខ​ស្លាប់ ដែល​ចិន​គិតថា​ជា​លេខ​ដែល​មិន​នាំ​សំណាង​នោះទេ​។  
 
​កាលពី​ដើមឡើយ ស្រោមសំបុត្រ​ពណ៌​ក្រហម​នេះ មិនចាំបាច់​ដាក់​លុយ​ទេ តែ​ទំនៀម​តៗ​មក ជនជាតិ​ចិន​ក៏​ដាក់​ប្រាក់​ខាងក្នុង អាំង​ប៉ាវ ឬ​ហុង​ប៉ាវ នេះ​តែម្តងទៅ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com