កីឡាអន្តរជាតិ
អន្តរជាតិ
លោក Solskjaer ទទូច​ម្ចាស់​ក្លិប​ឲ្យ​បើក​ដៃដល់​ខ្លួន​ដើម្បី​ទិញ​កីឡាករ​បន្ថែម​
23, Jan 2020 , 3:59 pm        
រូបភាព
លោក Ole Gunnar Solskjaer ជឿជាក់ថា Manchester United បានចាប់ផ្តើម​ដោយ​ភាពច្បាស់​ក្នុងការ​កែលម្អ​ក្រុម​ឡើងវិញ តាមរយៈ​ការបន្ថែម​កីឡាករ​ថ្មី​ចូល​នៅ​ខែមករា​នេះ បន្ទាប់ពី​ចាញ់​ក្រុម Burnley ដល់​ទៅ ២-០ នៅក្នុង​ផ្ទះ​ខ្លួនឯង​។​


 
​ក្រុម​បិសាច​ក្រហម​បានបង្ហាញ​ទម្រង់​លេង​ក្នុង​កម្រិត​មួយ​ទាប​បំផុត​ក្នុងជំនួប​ទល់នឹង Burnley នៃ​ក្របខណ្ឌ Premier League សប្តាហ៍​ទី​២៤ នៅ​រាត្រី​ថ្ងៃទី​២២ ខែមករា​។ ក្នុងការ​ប្រកួត​ដែល​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ Marcus Rashford ដោយសារ​បញ្ហា​របួស​ខ្នង Man Utd បាន​របូត​ដល់​ទៅ​២​គ្រាប់​នៅ Old Trafford​។ Chris Wood និង Jay Rodriguez ជា​អ្នករក​គ្រាប់​បញ្ចូល​ទី​សម្រាប់​ជ័យជម្នះ​របស់ Burnley នៅ​នាទី​៣៩ និង​៥៦​។​
 
​ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស​នេះ លោក Solskjaer អ្នកចាត់ការ​ទូទៅ Man United អះអាងថា​លោក​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ក្រុម​ឡើងវិញ បើទោះបី​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​លើ​ការគាំទ្រ​ពី​សំណាក់​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​ក៏ដោយ​។​


 
​ការលើកឡើង​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​បែបនេះ ស្របពេល​បិសាច​ក្រហម​កំពុង​ផ្សារភ្ជាប់​ទៅនឹង​ការ​ទិញយក​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Bruno Fernandes ពី​ក្រុម Sporting CP នៅ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​កម​រា​នេះ​។ 
 
«​យើង​កំពុង​ស្វែងរក​វិធី​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុម​ប្រសើរ​ឡើងវិញ ហើយ​យើង​មាន​គោលដៅ​របស់​យើង​។ នេះ​ជាការ​បរាជ័យ​លើក​ទី​២​របស់​យើង​នៅផ្ទះ​ខ្លួនឯង ហើយ​យើង​ពិតជា​ធ្វើ​មិនបាន​ល្អ​ទេ​នៅ​យប់មិញ​នេះ​។ Solskjaer បាន​ប្រាប់​ទូរទស្សន៍ BT Sport បែបនេះ​។ លោក​បន្ថែមថា​៖ «​ការផ្ទេរ​កីឡាករ​ជា​អ្វីដែល​យើង​កំពុង​ធ្វើ​នៅពេលនេះ​។ យើង​ត្រូវមាន​ភាពច្បាស់លាស់​ដើម្បី​នាំយក​កីឡាករ​មក​ចូលរួម​ឲ្យ​ត្រូវ​ទីតាំង​ផងដែរ​»​។​
 
​មុនពេល​បរាជ័យ​នេះ Man Utd បាន​ចាញ់ Liverpool ក្នុង​លទ្ធផល ២-០ រួចទៅហើយ​។ ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យមួយ​នេះ សព្វថ្ងៃ​ឈរ​នៅ​លេខ​រៀង​ទី​៥ មាន​៣៤​ពិន្ទុ តាម​ពីក្រោម​ក្រុម​លេខ​៤ Chelsea ចំនួន​៦​ពិន្ទុ​។ Man Utd នៅសល់តែ​ឱកាស​ដណ្តើមយក​ចំណាត់ថ្នាក់ Top4 ប៉ុណ្ណោះ​ដើម្បី​បាន​កៅអី​លេង Champions League រដូវ​កាល​ក្រោយ​៕

Tag:
 Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com